ដានីយ៉ែល 1:8-20

ដានីយ៉ែល 1:8-20 គខប

យុវជន​ដានី‌យ៉ែល​ប្ដេជ្ញា​ចិត្ត​មិន​បរិភោគ​ម្ហូប​អាហារ និង​ស្រា​របស់​ព្រះ‌មហា‌ក្សត្រ​ទេ ក្រែង​នាំ​ឲ្យ​គាត់​ទៅ​ជា​មិន​បរិសុទ្ធ គាត់​សូម​លោក​នាយក​ក្រុម​មហា‌តលិក កុំ​បង្ខំ​គាត់​ឲ្យ​បរិភោគ​ម្ហូប​អាហារ​ទាំង​នោះ។ ព្រះ‌ជាម្ចាស់​ប្រោស​ប្រទាន​ឲ្យ​នាយក​ក្រុម​មហា‌តលិក មាន​ចិត្ត​អាណិត‌អាសូរ​ដល់​យុវជន​ដានី‌យ៉ែល។ លោក​នាយក​ក្រុម​មហា‌តលិក​ពោល​ទៅ​កាន់​យុវជន​ដានី‌យ៉ែល​ថា៖ «ខ្ញុំ​ខ្លាច​ព្រះ‌ករុណា​ជា​ម្ចាស់​ណាស់ ដ្បិត​ទ្រង់​បាន​តម្រូវ​ឲ្យ​ខ្ញុំ​យក​ម្ហូប​អាហារ និង​ស្រា​មក​ផ្គត់‌ផ្គង់​ប្អូនៗ ប្រសិន​បើ​ព្រះ‌ករុណា​ទត​ឃើញ​មុខ​ប្អូនៗ​ស្គម​ជាង​យុវជន​ឯ​ទៀតៗ ដែល​មាន​អាយុ​ស្រករ​នឹង​ប្អូនៗ​នោះ ទ្រង់​មុខ​ជា​ដាក់​ទោស​ប្រហារ​ជីវិត​ខ្ញុំ​ពុំ‌ខាន»។ យុវជន​ដានី‌យ៉ែល​ពោល​ទៅ​កាន់​លោក​ម្នាក់ ដែល​នាយក​ក្រុម​មហា‌តលិក​បាន​ប្រគល់​ភារ‌កិច្ច​មើល​ខុស​ត្រូវ​លើ​ខ្លួន​គាត់ ហាណា‌នា មីសា‌អែល និង​អសា‌រា​ថា៖ «សូម​លោក​ល្បង‌ល​មើល​យើង​ខ្ញុំ ក្នុង​រយៈ​ពេល​ដប់​ថ្ងៃ​ចុះ! គឺ​សូម​ចែក​តែ​បន្លែ និង​ទឹក​ឲ្យ​យើង​ខ្ញុំ​ទទួល​ទាន​ប៉ុណ្ណោះ។ បន្ទាប់​មក សូម​លោក​ពិនិត្យ​មើល​មុខ​យើង​ខ្ញុំ និង​មុខ​យុវជន​ឯ​ទៀតៗ​ដែល​បរិភោគ​ព្រះ‌ស្ងោយ​របស់​ព្រះ‌រាជា រួច​សូម​លោក​ប្រព្រឹត្ត​ចំពោះ​យើង​ខ្ញុំ តាម​ការ​យល់​ឃើញ​របស់​លោក​ចុះ!»។ លោក​ក៏​យល់​ព្រម​តាម​ពាក្យ​សុំ ហើយ​ល្បង‌ល​មើល​យុវជន​ទាំង​បួន​នោះ​អស់​រយៈ​ពេល​ដប់​ថ្ងៃ។ លុះ​ដប់​ថ្ងៃ​កន្លង​ផុត​ទៅ យុវជន​ទាំង​បួន​នាក់​មាន​មុខ​ស្រស់​ល្អ និង​មាន​សាច់​ថ្លា​ជាង​ពួក​យុវជន​ដែល​បាន​បរិភោគ​ព្រះ‌ស្ងោយ​របស់​ស្ដេច​ទៅ​ទៀត។ ចាប់​ពី​ថ្ងៃ​នោះ​មក អ្នក​ទទួល​ខុស​ត្រូវ​លែង​ចែក​ម្ហូប​អាហារ និង​ស្រា​របស់​ស្ដេច​ឲ្យ​យុវជន​ទាំង​បួន​ទៀត​ហើយ គឺ​ចែក​តែ​បន្លែ និង​ទឹក​ឲ្យ​ពួក​គេ​ប៉ុណ្ណោះ។ ព្រះ‌ជាម្ចាស់​ប្រោស​ប្រទាន​ឲ្យ​យុវជន​ទាំង​បួន​នាក់​នេះ​មាន​ចំណេះ​វិជ្ជា ប៉ិន‌ប្រសប់​ខាង​អក្សរ‌សាស្ត្រ និង​មាន​ប្រាជ្ញា​វាង‌វៃ​ផង។ ម្យ៉ាង​ទៀត យុវជន​ដានី‌យ៉ែល​ចេះ​បក​ស្រាយ​និមិត្ត‌ហេតុ​អស្ចារ្យ និង​ចេះ​កាត់​សប្ដិ​ដែរ។ លុះ​ដល់​ពេល​ព្រះ‌រាជា​កំណត់​ឲ្យ​នាំ​ពួក​យុវជន​ទៅ​ថ្វាយ លោក​នាយក​ក្រុម​មហា‌តលិក​ក៏​នាំ​យុវជន​ទាំង​នោះ ចូល​ទៅ​គាល់​ព្រះចៅ​នេប៊ូ‌ក្នេសា។ ព្រះ‌មហា‌ក្សត្រ​បាន​សន្ទនា​ជា​មួយ​យុវជន​ទាំង​នោះ ហើយ​ក្នុង​ចំណោម​ពួក​គេ គ្មាន​នរណា​ម្នាក់​អាច​ផ្ទឹម​ស្មើ​នឹង​ដានី‌យ៉ែល ហាណា‌នា មីសា‌អែល និង​អសា‌រា​ឡើយ។ ព្រះ‌មហា‌ក្សត្រ​ក៏​ទទួល​យុវជន​ទាំង​បួន​ឲ្យ​ធ្វើ​ជា​ព្រះ‌រាជ​បម្រើ។ ពេល​ស្ដេច​សាក​សួរ​អំពី​រឿង​អ្វីៗ​ទាំង​អស់ ដែល​ត្រូវ​ការ​តម្រិះ និង​ប្រាជ្ញា​ដ៏​ជ្រៅ​ជ្រះ យុវជន​ទាំង​បួន​នាក់​ពូកែ​ជាង​គ្រូ​មន្ត‌អាគម និង​ហោរា​ទាំង‌ឡាយ​ក្នុង​ព្រះ‌រាជា‌ណាចក្រ​ទាំង​មូល​ដប់​ដង​ទៅ​ទៀត។

គម្រោង​អាន​និង​អត្ថបទស្មឹងស្មាធិ៍ជាមួយ​ព្រះ ​​ដោយ​ឥត​គិត​ថ្លៃ​ ដែល​ទាក់​ទង​ទៅ​នឹង ដានីយ៉ែល 1:8-20