ព្រះអម្ចាស់បានប្រគល់ព្រះបាទយេហូយ៉ាគីមជាស្ដេចស្រុកយូដា ព្រមទាំងប្រដាប់ប្រដាមួយចំនួនរបស់ព្រះវិហារ ទៅក្នុងកណ្ដាប់ដៃរបស់ព្រះចៅនេប៊ូក្នេសា។ ព្រះចៅនេប៊ូក្នេសាបាននាំឈ្លើយសង្គ្រាមទៅស្រុកស៊ីណើរ ហើយយកប្រដាប់ប្រដាទាំងនោះទៅទុកក្នុងវិហារនៃព្រះរបស់ខ្លួន។ ព្រះមហាក្សត្របានបញ្ជាទៅលោកអាសផ្នាស ជានាយកក្រុមមហាតលិក ឲ្យនាំយុវជនខ្លះដែលជាប់ព្រះរាជវង្សរបស់ស្ដេចអ៊ីស្រាអែល ឬជាកូនចៅរបស់ពួកអភិជនមក។ យុវជនទាំងនោះត្រូវមានរូបឆោមល្អឥតខ្ចោះ មានប្រាជ្ញាវាងវៃ ជាមនុស្សចេះដឹង មានចំណេះវិជ្ជាខ្ពង់ខ្ពស់ មានកម្លាំងអាចបម្រើព្រះមហាក្សត្រ។ យុវជនទាំងនោះត្រូវទទួលការអប់រំផ្នែកអក្សរសាស្ត្រ និងភាសាខាល់ដេថែមទៀតផង។ ព្រះមហាក្សត្របញ្ជាគេឲ្យយកព្រះស្ងោយ និងស្រាមួយចំណែកទៅឲ្យយុវជនទាំងនោះ ជារៀងរាល់ថ្ងៃ ហើយបញ្ជាឲ្យពួកគេទទួលការអប់រំអស់រយៈពេលបីឆ្នាំ មុននឹងចូលទៅបម្រើស្ដេច។ ក្នុងចំណោមយុវជនទាំងនោះ មានខ្លះជាជនជាតិយូដា គឺដានីយ៉ែល ហាណានា មីសាអែល និងអសារា។ លោកនាយកក្រុមមហាតលិកបានដាក់ឈ្មោះអ្នកទាំងបួនដូចតទៅ: ដានីយ៉ែលហៅថាបេលថិស្សាសារ ហាណានាហៅថាសាដ្រាក់ មីសាអែលហៅថាមែសាក់ និងអសារាហៅថាអបេឌ-នេកោ។ យុវជនដានីយ៉ែលប្ដេជ្ញាចិត្តមិនបរិភោគម្ហូបអាហារ និងស្រារបស់ព្រះមហាក្សត្រទេ ក្រែងនាំឲ្យគាត់ទៅជាមិនបរិសុទ្ធ គាត់សូមលោកនាយកក្រុមមហាតលិក កុំបង្ខំគាត់ឲ្យបរិភោគម្ហូបអាហារទាំងនោះ។ ព្រះជាម្ចាស់ប្រោសប្រទានឲ្យនាយកក្រុមមហាតលិក មានចិត្តអាណិតអាសូរដល់យុវជនដានីយ៉ែល។ លោកនាយកក្រុមមហាតលិកពោលទៅកាន់យុវជនដានីយ៉ែលថា៖ «ខ្ញុំខ្លាចព្រះករុណាជាម្ចាស់ណាស់ ដ្បិតទ្រង់បានតម្រូវឲ្យខ្ញុំយកម្ហូបអាហារ និងស្រាមកផ្គត់ផ្គង់ប្អូនៗ ប្រសិនបើព្រះករុណាទតឃើញមុខប្អូនៗស្គមជាងយុវជនឯទៀតៗ ដែលមានអាយុស្រករនឹងប្អូនៗនោះ ទ្រង់មុខជាដាក់ទោសប្រហារជីវិតខ្ញុំពុំខាន»។ យុវជនដានីយ៉ែលពោលទៅកាន់លោកម្នាក់ ដែលនាយកក្រុមមហាតលិកបានប្រគល់ភារកិច្ចមើលខុសត្រូវលើខ្លួនគាត់ ហាណានា មីសាអែល និងអសារាថា៖ «សូមលោកល្បងលមើលយើងខ្ញុំ ក្នុងរយៈពេលដប់ថ្ងៃចុះ! គឺសូមចែកតែបន្លែ និងទឹកឲ្យយើងខ្ញុំទទួលទានប៉ុណ្ណោះ។ បន្ទាប់មក សូមលោកពិនិត្យមើលមុខយើងខ្ញុំ និងមុខយុវជនឯទៀតៗដែលបរិភោគព្រះស្ងោយរបស់ព្រះរាជា រួចសូមលោកប្រព្រឹត្តចំពោះយើងខ្ញុំ តាមការយល់ឃើញរបស់លោកចុះ!»។ លោកក៏យល់ព្រមតាមពាក្យសុំ ហើយល្បងលមើលយុវជនទាំងបួននោះអស់រយៈពេលដប់ថ្ងៃ។
អាន ដានីយ៉ែល 1
ស្ដាប់នូវ ដានីយ៉ែល 1
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: ដានីយ៉ែល 1:2-14
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ