អេម៉ុស 4
4
1ពួកជំទាវនៅក្រុងសាម៉ារីដែលប្រៀប
ដូចជាគោញីនៅស្រុកបាសានអើយ
ចូរនាំគ្នាស្ដាប់ពាក្យនេះ:
អ្នករាល់គ្នាជិះជាន់ជនទុគ៌ត
សង្កត់សង្កិនជនក្រីក្រ
ហើយពោលទៅប្ដីរបស់ខ្លួនថា
“ចូរយកស្រាមកផឹក!”។
2 ព្រះជាអម្ចាស់មានព្រះបន្ទូលយ៉ាងម៉ឺងម៉ាត់
ក្នុងនាមព្រះអង្គជាព្រះដ៏វិសុទ្ធថា៖
«នៅគ្រាខាងមុខ គេនឹងដោតអ្នករាល់គ្នា
ដូចដោតត្រី។
3អ្នករាល់គ្នានឹងរត់ចេញពីទីក្រុង
តាមប្រឡោះកំពែងក្រុង
ម្នាក់ៗរត់ប្រាសអាយុរៀងៗខ្លួន រកកន្លែងពួន»
- នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
អ៊ីស្រាអែលលែងញញើតនឹងប្រព្រឹត្តអំពើបាប
4«ចូរទៅបេតអែល
ហើយនាំគ្នាប្រព្រឹត្តអំពើបាបទៅ!
ចូរទៅគីលកាល
ហើយនាំគ្នាប្រព្រឹត្តអំពើបាបរឹតតែច្រើនទៅ!
ចូរធ្វើពិធីយញ្ញបូជានៅពេលព្រឹក!
ហើយថ្វាយតង្វាយមួយភាគដប់ នៅថ្ងៃទីបី!
5កូនចៅអ៊ីស្រាអែលអើយ
ចូរធ្វើយញ្ញបូជាអរព្រះគុណជាមួយមេម្សៅ
ចូរស្រែកប្រកាសក្ដែងៗថា
អ្នករាល់គ្នាបានថ្វាយតង្វាយស្ម័គ្រចិត្ត
ដ្បិតអ្នករាល់គ្នាចូលចិត្តធ្វើដូច្នេះ
- នេះជាព្រះបន្ទូលរបស់ព្រះជាអម្ចាស់។
6យើងបានធ្វើឲ្យកើតទុរ្ភិក្សនៅគ្រប់ទីក្រុង
របស់អ្នករាល់គ្នា
ហើយគ្រប់ៗផ្ទះខ្វះអាហារបរិភោគ។
ទោះបីយ៉ាងនេះក្ដី
ក៏អ្នករាល់គ្នាពុំព្រមវិលមករកយើងវិញដែរ
- នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
7យើងបានធ្វើឲ្យអ្នករាល់គ្នាខ្វះទឹកភ្លៀង
រហូតដល់បីខែមុនរដូវចម្រូត។
យើងបានឲ្យភ្លៀងធ្លាក់លើក្រុងមួយ
តែក្រុងមួយទៀតគ្មានភ្លៀងទេ
ចម្ការមួយទទួលទឹកភ្លៀង
រីឯចម្ការមួយទៀតត្រូវស្ងួតហួតហែង
ព្រោះតែគ្មានទឹកភ្លៀង។
8ក្រុងពីរ ឬក្រុងបីនាំគ្នាទៅរកទឹកផឹក
នៅក្រុងមួយទៀត
តែគេគ្មានទឹកល្មម ដើម្បីសំរន់ការស្រេកទេ។
ទោះបីយ៉ាងនេះក្ដី
ក៏អ្នករាល់គ្នាពុំព្រមវិលមករកយើងវិញដែរ
- នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
9យើងបានធ្វើឲ្យស្រូវរបស់អ្នករាល់គ្នា
ស្កក និងមានក្រាស៊ី
ហើយចម្ការដំណាំ ចម្ការទំពាំងបាយជូរ
ចម្ការឧទុម្ពរ និងចម្ការអូលីវរបស់អ្នករាល់គ្នា
ក៏ត្រូវដង្កូវស៊ីបង្ហិនអស់ដែរ។
ទោះបីយ៉ាងនេះក្ដី
ក៏អ្នករាល់គ្នាពុំព្រមវិលមករកយើងវិញដែរ
- នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
10យើងបានធ្វើឲ្យជំងឺអាសន្នរោគ
រាតត្បាតអ្នករាល់គ្នា ដូចនៅស្រុកអេស៊ីប។
យើងបានឲ្យខ្មាំងប្រហារយុវជន
របស់អ្នករាល់គ្នាដោយមុខដាវ
ហើយចាប់សេះរបស់អ្នករាល់គ្នាយកទៅ។
យើងបានធ្វើឲ្យមានក្លិនអសោច
សាយឡើងពីទីតាំងទ័ពរបស់អ្នករាល់គ្នា។
ទោះបីយ៉ាងនេះក្ដី
ក៏អ្នករាល់គ្នាពុំព្រមវិលមករកយើងវិញដែរ
- នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
11 យើងបានបំផ្លាញអ្នករាល់គ្នា
ដូចយើងបានបំផ្លាញក្រុងសូដុម និងក្រុងកូម៉ូរ៉ា
ហើយអ្នករាល់គ្នាប្រៀបបាននឹងអង្កត់អុស
ដែលគេយកចេញពីភ្លើង។
ទោះបីយ៉ាងនេះក្ដី
ក៏អ្នករាល់គ្នាពុំព្រមវិលមករកយើងវិញដែរ
- នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
12ហេតុនេះ អ៊ីស្រាអែលអើយ
យើងនឹងដាក់ទោសអ្នករាល់គ្នា។
អ៊ីស្រាអែលអើយ
ដោយយើងសម្រេចដាក់ទោសអ្នករាល់គ្នាដូច្នេះ
ចូររៀបចំខ្លួនជួបនឹងព្រះរបស់អ្នក!»។
13មើល៍! ព្រះដែលបានសូនភ្នំ និងបង្កើតខ្យល់
ព្រះដែលបង្ហាញឲ្យមនុស្សស្គាល់
ព្រះហឫទ័យរបស់ព្រះអង្គ
ព្រះដែលធ្វើឲ្យពន្លឺថ្ងៃរះប្រែជាងងឹត
ព្រះដែលយាងនៅតាមទីខ្ពស់ៗនៃផែនដី
ព្រះអង្គមាននាមថាព្រះអម្ចាស់
ជាព្រះនៃពិភពទាំងមូល។
ទើបបានជ្រើសរើសហើយ៖
អេម៉ុស 4: គខប
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
Khmer Standard Version © 2005 United Bible Societies.