កិច្ចការ 9:10-18

កិច្ចការ 9:10-18 គខប

នៅ​ក្រុង​ដាម៉ាស មាន​សិស្ស​មួយ​រូប ឈ្មោះ​អាណា‌ណាស។ គាត់​និមិត្ត​ឃើញ​ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ហៅ​គាត់​ថា៖ «អាណា‌ណាស!»។ គាត់​ទូល​តប​ថា៖ «ក្រាប​ទូល​ព្រះ‌អម្ចាស់!»។ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​គាត់​ថា៖ «ចូរ​ក្រោក​ឡើង ទៅ​ឯ​ផ្លូវ​មួយ​ឈ្មោះ​“ផ្លូវ​ត្រង់” សួរ​រក​ឈ្មោះ​សូល ជា​អ្នក​ស្រុក​តើសុស នៅ​ក្នុង​ផ្ទះ​យូដាស។ គាត់​កំពុង​តែ​អធិស្ឋាន* ហើយ​និមិត្ត​ឃើញ​បុរស​ម្នាក់​ឈ្មោះ អាណា‌ណាស ចូល​មក​ដាក់​ដៃ*​លើ​គាត់ ដើម្បី​ឲ្យ​គាត់​មើល​ឃើញ​ឡើង​វិញ»។ លោក​អាណា‌ណាស​ទូល​ព្រះអង្គ​ថា៖ «បពិត្រ​ព្រះ‌អម្ចាស់! ទូលបង្គំ​បាន​ឮ​មនុស្ស​ជា​ច្រើន​និយាយ​ថា បុរស​នេះ​បាន​ធ្វើ​បាប​ប្រជា‌រាស្ត្រ​ដ៏វិសុទ្ធ*​របស់​ព្រះអង្គ​នៅ​ក្រុង​យេរូ‌សាឡឹម​ខ្លាំង​ណាស់ ហើយ​គាត់​បាន​ទទួល​ការ​អនុញ្ញាត​ពី​លោក​មហា​បូជា‌ចារ្យ​ឲ្យ​មក​ទី​នេះ ដើម្បី​ចាប់​ចង​អស់​អ្នក​ដែល​អង្វរ​រក​ព្រះ‌នាម​ព្រះអង្គ»។ ប៉ុន្តែ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​គាត់​វិញ​ថា៖ «អញ្ជើញ​ទៅ​ចុះ! ដ្បិត​ខ្ញុំ​ជ្រើស​រើស​បុរស​នេះ ដើម្បី​ប្រើ​គាត់​ឲ្យ​ទៅ​ប្រាប់​ប្រជា‌ជាតិ និង​ស្ដេច​នានា ព្រម​ទាំង​ប្រាប់​ជន‌ជាតិ​អ៊ីស្រា‌អែល​ឲ្យ​ស្គាល់​ឈ្មោះ​ខ្ញុំ។ ខ្ញុំ​នឹង​បង្ហាញ​ប្រាប់​គាត់​ឲ្យ​ដឹង​ថា គាត់​ត្រូវ​រង​ទុក្ខ​លំបាក​ជា​ច្រើន ព្រោះ​តែ​ឈ្មោះ​របស់​ខ្ញុំ»។ លោក​អាណា‌ណាស​ក៏​ចេញ​ទៅ។ លុះ​ទៅ​ដល់​ផ្ទះ​នោះ​ហើយ គាត់​ដាក់​ដៃ​លើ​លោក​សូល ហើយ​មាន​ប្រសាសន៍​ថា៖ «បង​សូល​អើយ! ព្រះ‌អម្ចាស់‌យេស៊ូ​ដែល​បង​បាន​ឃើញ នៅ​តាម​ផ្លូវ​បង​ធ្វើ​ដំណើរ​មក​នោះ ព្រះអង្គ​បាន​ចាត់​ខ្ញុំ​មក ដើម្បី​ឲ្យ​បង​អាច​មើល​ឃើញ​ឡើង​វិញ និង​ឲ្យ​បង​បាន​ពោរ‌ពេញ​ដោយ​ព្រះ‌វិញ្ញាណ​ដ៏វិសុទ្ធ*»។ រំពេច​នោះ មាន​អ្វី​មួយ​ដូច​ស្រកា​ត្រី ជ្រុះ​ពី​ភ្នែក​លោក​សូល លោក​ក៏​មើល​ឃើញ​ឡើង​វិញ លោក​ក្រោក​ឡើង​ទទួល​ពិធី​ជ្រមុជ​ទឹក*។

វីដេអូសម្រាប់ កិច្ចការ 9:10-18