កិច្ចការ 9:1-9

កិច្ចការ 9:1-9 គខប

នៅ​ពេល​នោះ លោក​សូល​គិត​តែ​ពី​គំរាម​កំហែង និង​សម្លាប់​សិស្ស*​របស់​ព្រះ‌អម្ចាស់​ជានិច្ច។ គាត់​ទៅ​ជួប​លោក​មហា​បូជា‌ចារ្យ សុំ​លិខិត​អនុញ្ញាត​ចូល​ទៅ​ក្នុង​សាលា​ប្រជុំ​នានា​នៅ​ក្រុង​ដាម៉ាស ក្រែង​រក​ឃើញ​អ្នក​ខ្លះ​នៅ​ទី​នោះ ដែល​ដើរ​តាម​មាគ៌ា​របស់​ព្រះ‌អម្ចាស់ ទោះ​ជា​ប្រុស ឬ​ស្ត្រី​ក្ដី គាត់​នឹង​ចាប់​ចង​នាំ​យក​មក​ក្រុង​យេរូ‌សាឡឹម។ ពេល​គាត់​ធ្វើ​ដំណើរ​ទៅ​ជិត​ដល់​ក្រុង​ដាម៉ាស​ហើយ ស្រាប់​តែ​មាន​ពន្លឺ​មួយ​ចាំង​ពី​ផ្ទៃ​មេឃ​មក​ជុំ‌វិញ​គាត់។ គាត់​ក៏​ដួល ហើយ​ឮ​សូរ​សំឡេង​មួយ​ពោល​មក​គាត់​ថា៖ «សូល​អើយ សូល ! ហេតុ​ដូច​ម្ដេច​បាន​ជា​អ្នក​បៀត‌បៀន​ខ្ញុំ?»។ លោក​សូល​សួរ​វិញ​ថា៖ «លោក​ម្ចាស់​អើយ! តើ​លោក​ជា​នរណា?»។ សំឡេង​នោះ​ក៏​ឆ្លើយ​ឡើង​ថា៖ «ខ្ញុំ​ជា​យេស៊ូ​ដែល​អ្នក​កំពុង​តែ​បៀត‌បៀន ។ ចូរ​ក្រោក​ឡើង ហើយ​ចូល​ទៅ​ក្នុង​ទីក្រុង នៅ​ទី​នោះ​នឹង​មាន​គេ​ប្រាប់​អ្នក​ថា​ត្រូវ​ធ្វើ​អ្វី​ខ្លះ»។ រីឯ​អស់​អ្នក​ដែល​ធ្វើ​ដំណើរ​ជា​មួយ​លោក​សូល​នាំ​គ្នា​ឈប់ គេ​នៅ​ស្ងៀម រក​និយាយ​អ្វី​មិន​កើត ព្រោះ​គេ​បាន​ឮ​សំឡេង តែ​ពុំ​ឃើញ​មាន​នរណា​ឡើយ។ លោក​សូល​ក្រោក​ឡើង ទោះ​បី​គាត់​ខំ​ប្រឹង​បើក​ភ្នែក​យ៉ាង​ណា​ក៏​ដោយ ក៏​គាត់​មើល​អ្វី​មិន​ឃើញ​ដែរ។ គេ​ដឹក​ដៃ​គាត់ នាំ​ចូល​ទៅ​ក្នុង​ក្រុង​ដាម៉ាស។ ក្នុង​រយៈ​ពេល​បី​ថ្ងៃ គាត់​មិន​អាច​មើល​ឃើញ ហើយ​ក៏​មិន​ពិសា​បាយ​ពិសា​ទឹក​សោះ​ឡើយ។

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ