កិច្ចការ 9:1-6

កិច្ចការ 9:1-6 គខប

នៅ​ពេល​នោះ លោក​សូល​គិត​តែ​ពី​គំរាម​កំហែង និង​សម្លាប់​សិស្ស*​របស់​ព្រះ‌អម្ចាស់​ជានិច្ច។ គាត់​ទៅ​ជួប​លោក​មហា​បូជា‌ចារ្យ សុំ​លិខិត​អនុញ្ញាត​ចូល​ទៅ​ក្នុង​សាលា​ប្រជុំ​នានា​នៅ​ក្រុង​ដាម៉ាស ក្រែង​រក​ឃើញ​អ្នក​ខ្លះ​នៅ​ទី​នោះ ដែល​ដើរ​តាម​មាគ៌ា​របស់​ព្រះ‌អម្ចាស់ ទោះ​ជា​ប្រុស ឬ​ស្ត្រី​ក្ដី គាត់​នឹង​ចាប់​ចង​នាំ​យក​មក​ក្រុង​យេរូ‌សាឡឹម។ ពេល​គាត់​ធ្វើ​ដំណើរ​ទៅ​ជិត​ដល់​ក្រុង​ដាម៉ាស​ហើយ ស្រាប់​តែ​មាន​ពន្លឺ​មួយ​ចាំង​ពី​ផ្ទៃ​មេឃ​មក​ជុំ‌វិញ​គាត់។ គាត់​ក៏​ដួល ហើយ​ឮ​សូរ​សំឡេង​មួយ​ពោល​មក​គាត់​ថា៖ «សូល​អើយ សូល ! ហេតុ​ដូច​ម្ដេច​បាន​ជា​អ្នក​បៀត‌បៀន​ខ្ញុំ?»។ លោក​សូល​សួរ​វិញ​ថា៖ «លោក​ម្ចាស់​អើយ! តើ​លោក​ជា​នរណា?»។ សំឡេង​នោះ​ក៏​ឆ្លើយ​ឡើង​ថា៖ «ខ្ញុំ​ជា​យេស៊ូ​ដែល​អ្នក​កំពុង​តែ​បៀត‌បៀន ។ ចូរ​ក្រោក​ឡើង ហើយ​ចូល​ទៅ​ក្នុង​ទីក្រុង នៅ​ទី​នោះ​នឹង​មាន​គេ​ប្រាប់​អ្នក​ថា​ត្រូវ​ធ្វើ​អ្វី​ខ្លះ»។