នៅពេលនោះ លោកសូលគិតតែពីគំរាមកំហែង និងសម្លាប់សិស្ស*របស់ព្រះអម្ចាស់ជានិច្ច។ គាត់ទៅជួបលោកមហាបូជាចារ្យ សុំលិខិតអនុញ្ញាតចូលទៅក្នុងសាលាប្រជុំនានានៅក្រុងដាម៉ាស ក្រែងរកឃើញអ្នកខ្លះនៅទីនោះ ដែលដើរតាមមាគ៌ារបស់ព្រះអម្ចាស់ ទោះជាប្រុស ឬស្ត្រីក្ដី គាត់នឹងចាប់ចងនាំយកមកក្រុងយេរូសាឡឹម។ ពេលគាត់ធ្វើដំណើរទៅជិតដល់ក្រុងដាម៉ាសហើយ ស្រាប់តែមានពន្លឺមួយចាំងពីផ្ទៃមេឃមកជុំវិញគាត់។ គាត់ក៏ដួល ហើយឮសូរសំឡេងមួយពោលមកគាត់ថា៖ «សូលអើយ សូល ! ហេតុដូចម្ដេចបានជាអ្នកបៀតបៀនខ្ញុំ?»។ លោកសូលសួរវិញថា៖ «លោកម្ចាស់អើយ! តើលោកជានរណា?»។ សំឡេងនោះក៏ឆ្លើយឡើងថា៖ «ខ្ញុំជាយេស៊ូដែលអ្នកកំពុងតែបៀតបៀន ។ ចូរក្រោកឡើង ហើយចូលទៅក្នុងទីក្រុង នៅទីនោះនឹងមានគេប្រាប់អ្នកថាត្រូវធ្វើអ្វីខ្លះ»។ រីឯអស់អ្នកដែលធ្វើដំណើរជាមួយលោកសូលនាំគ្នាឈប់ គេនៅស្ងៀម រកនិយាយអ្វីមិនកើត ព្រោះគេបានឮសំឡេង តែពុំឃើញមាននរណាឡើយ។ លោកសូលក្រោកឡើង ទោះបីគាត់ខំប្រឹងបើកភ្នែកយ៉ាងណាក៏ដោយ ក៏គាត់មើលអ្វីមិនឃើញដែរ។ គេដឹកដៃគាត់ នាំចូលទៅក្នុងក្រុងដាម៉ាស។ ក្នុងរយៈពេលបីថ្ងៃ គាត់មិនអាចមើលឃើញ ហើយក៏មិនពិសាបាយពិសាទឹកសោះឡើយ។ នៅក្រុងដាម៉ាស មានសិស្សមួយរូប ឈ្មោះអាណាណាស។ គាត់និមិត្តឃើញព្រះអម្ចាស់មានព្រះបន្ទូលហៅគាត់ថា៖ «អាណាណាស!»។ គាត់ទូលតបថា៖ «ក្រាបទូលព្រះអម្ចាស់!»។ ព្រះអម្ចាស់មានព្រះបន្ទូលមកគាត់ថា៖ «ចូរក្រោកឡើង ទៅឯផ្លូវមួយឈ្មោះ“ផ្លូវត្រង់” សួររកឈ្មោះសូល ជាអ្នកស្រុកតើសុស នៅក្នុងផ្ទះយូដាស។ គាត់កំពុងតែអធិស្ឋាន* ហើយនិមិត្តឃើញបុរសម្នាក់ឈ្មោះ អាណាណាស ចូលមកដាក់ដៃ*លើគាត់ ដើម្បីឲ្យគាត់មើលឃើញឡើងវិញ»។ លោកអាណាណាសទូលព្រះអង្គថា៖ «បពិត្រព្រះអម្ចាស់! ទូលបង្គំបានឮមនុស្សជាច្រើននិយាយថា បុរសនេះបានធ្វើបាបប្រជារាស្ត្រដ៏វិសុទ្ធ*របស់ព្រះអង្គនៅក្រុងយេរូសាឡឹមខ្លាំងណាស់ ហើយគាត់បានទទួលការអនុញ្ញាតពីលោកមហាបូជាចារ្យឲ្យមកទីនេះ ដើម្បីចាប់ចងអស់អ្នកដែលអង្វររកព្រះនាមព្រះអង្គ»។ ប៉ុន្តែ ព្រះអម្ចាស់មានព្រះបន្ទូលមកគាត់វិញថា៖ «អញ្ជើញទៅចុះ! ដ្បិតខ្ញុំជ្រើសរើសបុរសនេះ ដើម្បីប្រើគាត់ឲ្យទៅប្រាប់ប្រជាជាតិ និងស្ដេចនានា ព្រមទាំងប្រាប់ជនជាតិអ៊ីស្រាអែលឲ្យស្គាល់ឈ្មោះខ្ញុំ។ ខ្ញុំនឹងបង្ហាញប្រាប់គាត់ឲ្យដឹងថា គាត់ត្រូវរងទុក្ខលំបាកជាច្រើន ព្រោះតែឈ្មោះរបស់ខ្ញុំ»។ លោកអាណាណាសក៏ចេញទៅ។ លុះទៅដល់ផ្ទះនោះហើយ គាត់ដាក់ដៃលើលោកសូល ហើយមានប្រសាសន៍ថា៖ «បងសូលអើយ! ព្រះអម្ចាស់យេស៊ូដែលបងបានឃើញ នៅតាមផ្លូវបងធ្វើដំណើរមកនោះ ព្រះអង្គបានចាត់ខ្ញុំមក ដើម្បីឲ្យបងអាចមើលឃើញឡើងវិញ និងឲ្យបងបានពោរពេញដោយព្រះវិញ្ញាណដ៏វិសុទ្ធ*»។ រំពេចនោះ មានអ្វីមួយដូចស្រកាត្រី ជ្រុះពីភ្នែកលោកសូល លោកក៏មើលឃើញឡើងវិញ លោកក្រោកឡើងទទួលពិធីជ្រមុជទឹក*។ បន្ទាប់មក លោកបរិភោគម្ហូបអាហារ ហើយមានកម្លាំងឡើងវិញ។ លោកស្នាក់នៅជាមួយពួកសិស្ស ដែលនៅក្រុងដាម៉ាស បួនដប់ថ្ងៃ។ លោកចាប់ផ្ដើមប្រកាសនៅក្នុងសាលាប្រជុំ*នានាភ្លាមថា ព្រះយេស៊ូជាព្រះបុត្រារបស់ព្រះជាម្ចាស់។ អស់អ្នកដែលបានឮលោកមានប្រសាសន៍ ងឿងឆ្ងល់ណាស់ គេពោលថា៖ «លោកនេះហើយដែលបានធ្វើទុក្ខបៀតបៀនអស់អ្នកដែលអង្វររកឈ្មោះយេស៊ូ នៅក្រុងយេរូសាឡឹម គាត់មកទីនេះរកចាប់ចងគេនាំទៅជូនពួកមហាបូជាចារ្យ*ទេតើ!»។ រីឯលោកសូលវិញ លោកមានកម្លាំងចិត្តកាន់តែខ្លាំងឡើងៗ ហើយលោកវែកញែកប្រាប់សាសន៍យូដា នៅក្រុងដាម៉ាសយ៉ាងច្បាស់លាស់ថា ព្រះយេស៊ូពិតជាព្រះគ្រិស្ត*។ យូរថ្ងៃក្រោយមកទៀត ជនជាតិយូដាបានសមគំនិតគ្នារកសម្លាប់លោកសូល តែលោកបានជ្រាបគម្រោងការរបស់គេ។ ពួកគេបាននាំគ្នាទៅចាំនៅទ្វារក្រុងទាំងយប់ទាំងថ្ងៃ ដើម្បីសម្លាប់លោក។ ប៉ុន្តែ នៅពេលយប់ ពួកសិស្សរបស់លោកបានដាក់លោកក្នុងជាលមួយ សម្រូតចុះទៅខាងក្រៅកំពែងក្រុង។ កាលលោកសូលមកដល់ក្រុងយេរូសាឡឹម លោកចង់ទៅចូលរួមក្នុងចំណោមពួកសិស្ស តែពួកគេខ្លាចលោកទាំងអស់គ្នា ព្រោះគេពុំជឿថាលោកជាសិស្សដែរនោះឡើយ។ ពេលនោះ លោកបារណាបាសបានទទួលលោក ហើយនាំទៅជួបក្រុមសាវ័ក* ទាំងរៀបរាប់អំពីលោកសូលបានឃើញព្រះអម្ចាស់នៅតាមផ្លូវ អំពីព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោក ហើយនឹងរៀបរាប់អំពីលោកសូលមានប្រសាសន៍ដោយចិត្តអង់អាចក្នុងព្រះនាមព្រះយេស៊ូ នៅក្រុងដាម៉ាសផងដែរ។ ចាប់តាំងពីពេលនោះមក លោកសូលតែងតែចុះឡើងនៅក្រុងយេរូសាឡឹមជាមួយក្រុមសាវ័កជានិច្ច ព្រមទាំងមានប្រសាសន៍ដោយចិត្តអង់អាចក្នុងព្រះនាមព្រះអម្ចាស់ថែមទៀតផង។ លោកបានសន្ទនា និងជជែកវែកញែកជាមួយសាសន៍យូដា ដែលនិយាយភាសាក្រិក តែពួកគេបែរជានាំគ្នាប៉ុនប៉ងសម្លាប់លោកទៅវិញ។ កាលពួកបងប្អូនបានជ្រាបដំណឹងនេះ គេនាំលោកទៅក្រុងសេសារា ហើយបន្ទាប់មក ឲ្យលោកទៅក្រុងតើសុស។ ក្រុមជំនុំ*បានប្រកបដោយសេចក្ដីសុខសាន្តគ្រប់ទីកន្លែងក្នុងស្រុកយូដា ស្រុកកាលីឡេ និងស្រុកសាម៉ារី។ ក្រុមជំនុំមានជំហរកាន់តែមាំមួនឡើងៗ ហើយគេរស់នៅដោយគោរពកោតខ្លាចព្រះអម្ចាស់ ព្រមទាំងមានចំនួនកើនឡើងជាលំដាប់ ដោយមានព្រះវិញ្ញាណដ៏វិសុទ្ធ*ជួយលើកទឹកចិត្តគេផង។
អាន កិច្ចការ 9
ស្ដាប់នូវ កិច្ចការ 9
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: កិច្ចការ 9:1-31
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ