កិច្ចការ 7:35-40

កិច្ចការ 7:35-40 គខប

ជន‌ជាតិ​អ៊ីស្រា‌អែល​បាន​បដិសេធ​មិន​ទទួល​ស្គាល់​លោក​ម៉ូសេ​នេះ​ទេ ដោយ​ពោល​ថា “នរណា​បាន​តាំង​អ្នក​ឲ្យ​ធ្វើ​ជា​មេ​ដឹក​នាំ និង​ជា​ចៅ‌ក្រម​លើ​យើង?” ។ ប៉ុន្តែ ព្រះ‌ជាម្ចាស់​បាន​ចាត់​លោក​ឲ្យ​ទៅ ក្នុង​ឋានៈ​ជា​មេ​ដឹក​នាំ និង​ជា​អ្នក​រំដោះ ដោយ​មាន​ជំនួយ​ពី​ទេវតា ដែល​បាន​បង្ហាញ​ខ្លួន​ឲ្យ​លោក​ឃើញ​ក្នុង​គុម្ពោត។ គឺ​លោក​ម៉ូសេ​នេះ​ហើយ​ដែល​បាន​ដឹក​នាំ​ជន‌ជាតិ​អ៊ីស្រា‌អែល​ចេញ​មក ទាំង​សម្តែង​ឫទ្ធិ‌បាដិ‌ហារិយ៍ និង​ទី​សម្គាល់​ដ៏​អស្ចារ្យ នៅ​ស្រុក​អេស៊ីប នៅ​សមុទ្រ​ក្រហម និង​នៅ​វាល​រហោ‌ស្ថាន អស់​រយៈ​ពេល​សែ‌សិប​ឆ្នាំ​ផង។ លោក​ម៉ូសេ​នេះ​ហើយ​ដែល​មាន​ប្រសាសន៍​ទៅ​កាន់​ជន‌ជាតិ​អ៊ីស្រា‌អែល​ថា: “ព្រះ‌ជាម្ចាស់​នឹង​ធ្វើ​ឲ្យ​មាន​ព្យាការី​ម្នាក់​ដូច​ខ្ញុំ ងើប​ឡើង​ពី​ចំណោម​បងប្អូន​របស់​អ្នក​រាល់​គ្នា” ។ កាល​ជន‌ជាតិ​អ៊ីស្រា‌អែល​នៅ​ជួប‌ជុំ​គ្នា​ក្នុង​វាល​រហោ‌ស្ថាន គឺ​លោក​ម៉ូសេ​នេះ​ហើយ​ដែល​នៅ​ជា​មួយ​ទេវតា​ផង នៅ​ជា​មួយ​បុព្វបុរស​ផង។ ទេវតា​បាន​ថ្លែង​ព្រះ‌បន្ទូល​មក​លោក នៅ​លើ​ភ្នំ​ស៊ីណៃ ហើយ​លោក​បាន​ទទួល​ព្រះ‌បន្ទូល​ដែល​ផ្ដល់​ជីវិត យក​មក​ប្រគល់​ឲ្យ​យើង​ទាំង​អស់​គ្នា។ បុព្វបុរស​របស់​យើង​មិន​ព្រម​ស្ដាប់​បង្គាប់​លោក​ទេ គឺ​គេ​បែរ​ជា​នាំ​គ្នា​ជំទាស់​នឹង​លោក ហើយ​មាន​ចិត្ត​ចង់​វិល​ត្រឡប់​ទៅ​ស្រុក​អេស៊ីប​វិញ ដោយ​ពោល​ទៅ​កាន់​លោក​អើរ៉ុន​ថា: “សូម​លោក​ឆ្លាក់​រូប​ចម្លាក់​ផ្សេងៗ​ធ្វើ​ជា​ព្រះ​ដឹក​នាំ​យើង ដ្បិត​លោក​ម៉ូសេ​ដែល​បាន​នាំ​យើង​ចេញ​ពី​ស្រុក​អេស៊ីប​មក​នោះ យើង​មិន​ដឹង​លោក​ទៅ​ជា​យ៉ាង​ណា​ហើយ​ទេ!” ។