សែសិបឆ្នាំកន្លងមកទៀត មានទេវតា*មួយរូបបានបង្ហាញខ្លួនឲ្យលោកឃើញ នៅវាលរហោស្ថានភ្នំស៊ីណៃ ក្នុងអណ្ដាតភ្លើងដែលកំពុងឆេះនៅគុម្ពោតមួយ។ លោកម៉ូសេងឿងឆ្ងល់ចំពោះហេតុដ៏អស្ចារ្យ ដែលលោកឃើញនោះណាស់។ ពេលលោកចូលទៅជិត ដើម្បីពិនិត្យមើល លោកបានឮព្រះសូរសៀងរបស់ព្រះអម្ចាស់ថា: “យើងជាព្រះនៃបុព្វបុរសរបស់អ្នក គឺជាព្រះរបស់អប្រាហាំ ព្រះរបស់អ៊ីសាក និងព្រះរបស់យ៉ាកុប” ។ លោកម៉ូសេភ័យញ័រជាខ្លាំង ពុំហ៊ានសម្លឹងមើលទេ។ ព្រះអម្ចាស់មានព្រះបន្ទូលមកលោកថា: “ចូរដោះស្បែកជើងចេញ ដ្បិតកន្លែងដែលអ្នកឈរនេះជាកន្លែងដ៏វិសុទ្ធ*។ យើងបានឃើញប្រជារាស្ដ្ររបស់យើងរងទុក្ខលំបាកនៅស្រុកអេស៊ីប យើងក៏បានឮសម្រែកសោកសៅរបស់គេដែរ យើងចុះមកនេះ ដើម្បីរំដោះពួកគេ។ ចូរមក! យើងនឹងចាត់អ្នកឲ្យទៅស្រុកអេស៊ីបឥឡូវនេះ” ។ ជនជាតិអ៊ីស្រាអែលបានបដិសេធមិនទទួលស្គាល់លោកម៉ូសេនេះទេ ដោយពោលថា “នរណាបានតាំងអ្នកឲ្យធ្វើជាមេដឹកនាំ និងជាចៅក្រមលើយើង?” ។ ប៉ុន្តែ ព្រះជាម្ចាស់បានចាត់លោកឲ្យទៅ ក្នុងឋានៈជាមេដឹកនាំ និងជាអ្នករំដោះ ដោយមានជំនួយពីទេវតា ដែលបានបង្ហាញខ្លួនឲ្យលោកឃើញក្នុងគុម្ពោត។ គឺលោកម៉ូសេនេះហើយដែលបានដឹកនាំជនជាតិអ៊ីស្រាអែលចេញមក ទាំងសម្តែងឫទ្ធិបាដិហារិយ៍ និងទីសម្គាល់ដ៏អស្ចារ្យ នៅស្រុកអេស៊ីប នៅសមុទ្រក្រហម និងនៅវាលរហោស្ថាន អស់រយៈពេលសែសិបឆ្នាំផង។ លោកម៉ូសេនេះហើយដែលមានប្រសាសន៍ទៅកាន់ជនជាតិអ៊ីស្រាអែលថា: “ព្រះជាម្ចាស់នឹងធ្វើឲ្យមានព្យាការីម្នាក់ដូចខ្ញុំ ងើបឡើងពីចំណោមបងប្អូនរបស់អ្នករាល់គ្នា” ។ កាលជនជាតិអ៊ីស្រាអែលនៅជួបជុំគ្នាក្នុងវាលរហោស្ថាន គឺលោកម៉ូសេនេះហើយដែលនៅជាមួយទេវតាផង នៅជាមួយបុព្វបុរសផង។ ទេវតាបានថ្លែងព្រះបន្ទូលមកលោក នៅលើភ្នំស៊ីណៃ ហើយលោកបានទទួលព្រះបន្ទូលដែលផ្ដល់ជីវិត យកមកប្រគល់ឲ្យយើងទាំងអស់គ្នា។ បុព្វបុរសរបស់យើងមិនព្រមស្ដាប់បង្គាប់លោកទេ គឺគេបែរជានាំគ្នាជំទាស់នឹងលោក ហើយមានចិត្តចង់វិលត្រឡប់ទៅស្រុកអេស៊ីបវិញ ដោយពោលទៅកាន់លោកអើរ៉ុនថា: “សូមលោកឆ្លាក់រូបចម្លាក់ផ្សេងៗធ្វើជាព្រះដឹកនាំយើង ដ្បិតលោកម៉ូសេដែលបាននាំយើងចេញពីស្រុកអេស៊ីបមកនោះ យើងមិនដឹងលោកទៅជាយ៉ាងណាហើយទេ!” ។ នៅគ្រានោះ គេក៏បានឆ្លាក់រូបកូនគោមួយ ហើយយកយញ្ញបូជាមកថ្វាយរូបចម្លាក់នោះ រួចនាំគ្នាសប្បាយរីករាយចំពោះវត្ថុដែលជាស្នាដៃរបស់ខ្លួន។ ពេលនោះ ព្រះជាម្ចាស់ឈប់រវីរវល់នឹងគេ ព្រះអង្គបណ្ដោយគេឲ្យគោរពថ្វាយបង្គំផ្កាយទាំងឡាយនៅលើមេឃ ស្របនឹងសេចក្ដីដែលមានចែងទុកក្នុងគម្ពីរព្យាការីថា: “ប្រជារាស្ដ្រអ៊ីស្រាអែលអើយ! ក្នុងអំឡុងពេលសែសិបឆ្នាំនៅវាលរហោស្ថាន តើអ្នករាល់គ្នាដែលបានយកសត្វ ឬយញ្ញបូជាអ្វីមកឲ្យយើងឬទេ? អ្នករាល់គ្នាបានសែងខ្ទមរបស់ព្រះម៉ូឡុក និងសែងរូបផ្កាយតំណាងព្រះរេមផាន់ របស់អ្នករាល់គ្នា។ រូបសំណាកអស់ទាំងនេះ អ្នករាល់គ្នាបានឆ្លាក់ ដើម្បីយកមកថ្វាយបង្គំ!។ ដូច្នេះ យើងនឹងកៀរអ្នករាល់គ្នាយកទៅឆ្ងាយ ហួសស្រុកបាប៊ីឡូនទៅទៀត” ។
អាន កិច្ចការ 7
ស្ដាប់នូវ កិច្ចការ 7
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: កិច្ចការ 7:30-43
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ