កិច្ចការ 7:20-35

កិច្ចការ 7:20-35 គខប

លោក​ម៉ូសេ​បាន​កើត​នៅ​ជំនាន់​នោះ ហើយ​លោក​ជា​ទារក​មួយ​ដ៏​ស្អាត ជា​ទី​គាប់​ព្រះ‌ហឫទ័យ​ព្រះ‌ជាម្ចាស់។ ឪពុក‌ម្ដាយ​បាន​ចិញ្ចឹម​លោក​នៅ​ក្នុង​ផ្ទះ​អស់​រយៈ​ពេល​បី​ខែ។ កាល​គេ​បំបរ‌បង់​លោក​ចោល បុត្រី​របស់​ស្ដេច​ផារ៉ោន​បាន​រើស​លោក​យក​មក​ចិញ្ចឹម​បី​បាច់​ថែ‌រក្សា ធ្វើ​ជា​កូន។ លោក​ម៉ូសេ​បាន​ទទួល​ការ​អប់រំ តាម​ចំណេះ​វិជ្ជា​ទាំង​ប៉ុន្មាន​របស់​ជន‌ជាតិ​អេស៊ីប លោក​មាន​សំនួន‌វោហារ​ពូកែ ហើយ​ប៉ិន‌ប្រសប់​ធ្វើ​កិច្ចការ​ផ្សេងៗ​ផង។ លុះ​ដល់​លោក​មាន​អាយុ​គម្រប់​សែ‌សិប​ឆ្នាំ លោក​ក៏​បាន​សម្រេច​ចិត្ត​ទៅ​សួរ​សុខ​ទុក្ខ​ជន‌ជាតិ​អ៊ីស្រា‌អែល ជា​បងប្អូន​រួម​ជាតិ​របស់​លោក។ លោក​បាន​ឃើញ​ជន​រួម​ជាតិ​របស់​លោក​ម្នាក់​ត្រូវ​គេ​ធ្វើ​បាប លោក​ក៏​ចេញ​មុខ​ការពារ ហើយ​សង‌សឹក​ជំនួស​អ្នក​ដែល​ត្រូវ​គេ​ធ្វើ​បាប ដោយ​វាយ​សម្លាប់​ជន‌ជាតិ​អេស៊ីប​នោះ​ទៅ។ លោក​នឹក​ស្មាន​ថា បងប្អូន​រួម​ជាតិ​របស់​លោក​មុខ​ជា​យល់​ថា ព្រះ‌ជាម្ចាស់​នឹង​សង្គ្រោះ​ពួក​គេ​តាម​រយៈ​លោក ប៉ុន្តែ ពួក​គេ​ពុំ​បាន​យល់​ដូច្នោះ​ឡើយ។ នៅ​ថ្ងៃ​បន្ទាប់ លោក​ម៉ូសេ​បាន​ប្រទះ​ឃើញ​ជន‌ជាតិ​អ៊ីស្រា‌អែល​ខ្លះ​កំពុង​វាយ​គ្នា លោក​ក៏​មាន​ប្រសាសន៍​សម្រុះ‌សម្រួល​គេ​ថា: “អ្នក​រាល់​គ្នា​ជា​បងប្អូន​នឹង​គ្នា ហេតុ​ដូច​ម្ដេច​បាន​ជា​ធ្វើ​បាប​គ្នា​ឯង​ដូច្នេះ?”។ ម្នាក់​ដែល​ធ្វើ​បាប​បងប្អូន​បាន​ច្រាន​លោក​ម៉ូសេ​ចេញ ទាំង​ពោល​ថា: “នរណា​បាន​តាំង​អ្នក​ឲ្យ​ធ្វើ​ជា​មេ​ដឹក​នាំ និង​ជា​ចៅ‌ក្រម​លើ​យើង? តើ​អ្នក​ចង់​សម្លាប់​ខ្ញុំ​ដូច​អ្នក​បាន​សម្លាប់​អេស៊ីប​ម្នាក់​ពី​ម្សិល‌មិញ​នោះ​ដែរ​ឬ?” ។ កាល​លោក​ម៉ូសេ​ឮ​ពាក្យ​នេះ លោក​ក៏​ភៀស​ខ្លួន​ទៅ​នៅ​ស្រុក​ម៉ាឌាន។ នៅ​ស្រុក​នោះ លោក​បាន​កូន​ប្រុស​ពីរ​នាក់។ សែ‌សិប​ឆ្នាំ​កន្លង​មក​ទៀត មាន​ទេវតា*​មួយ​រូប​បាន​បង្ហាញ​ខ្លួន​ឲ្យ​លោក​ឃើញ នៅ​វាល​រហោ‌ស្ថាន​ភ្នំ​ស៊ីណៃ ក្នុង​អណ្ដាត​ភ្លើង​ដែល​កំពុង​ឆេះ​នៅ​គុម្ពោត​មួយ។ លោក​ម៉ូសេ​ងឿង‌ឆ្ងល់​ចំពោះ​ហេតុ​ដ៏​អស្ចារ្យ ដែល​លោក​ឃើញ​នោះ​ណាស់។ ពេល​លោក​ចូល​ទៅ​ជិត ដើម្បី​ពិនិត្យ​មើល លោក​បាន​ឮ​ព្រះ‌សូរសៀង​របស់​ព្រះ‌អម្ចាស់​ថា: “យើង​ជា​ព្រះ​នៃ​បុព្វបុរស​របស់​អ្នក គឺ​ជា​ព្រះ​របស់​អប្រាហាំ ព្រះ​របស់​អ៊ីសាក និង​ព្រះ​របស់​យ៉ាកុប” ។ លោក​ម៉ូសេ​ភ័យ​ញ័រ​ជា​ខ្លាំង ពុំ​ហ៊ាន​សម្លឹង​មើល​ទេ។ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​លោក​ថា: “ចូរ​ដោះ​ស្បែក​ជើង​ចេញ ដ្បិត​កន្លែង​ដែល​អ្នក​ឈរ​នេះ​ជា​កន្លែង​ដ៏វិសុទ្ធ*។ យើង​បាន​ឃើញ​ប្រជា‌រាស្ដ្រ​របស់​យើង​រង​ទុក្ខ​លំបាក​នៅ​ស្រុក​អេស៊ីប យើង​ក៏​បាន​ឮ​សម្រែក​សោក​សៅ​របស់​គេ​ដែរ យើង​ចុះ​មក​នេះ ដើម្បី​រំដោះ​ពួក​គេ។ ចូរ​មក! យើង​នឹង​ចាត់​អ្នក​ឲ្យ​ទៅ​ស្រុក​អេស៊ីប​ឥឡូវ​នេះ” ។ ជន‌ជាតិ​អ៊ីស្រា‌អែល​បាន​បដិសេធ​មិន​ទទួល​ស្គាល់​លោក​ម៉ូសេ​នេះ​ទេ ដោយ​ពោល​ថា “នរណា​បាន​តាំង​អ្នក​ឲ្យ​ធ្វើ​ជា​មេ​ដឹក​នាំ និង​ជា​ចៅ‌ក្រម​លើ​យើង?” ។ ប៉ុន្តែ ព្រះ‌ជាម្ចាស់​បាន​ចាត់​លោក​ឲ្យ​ទៅ ក្នុង​ឋានៈ​ជា​មេ​ដឹក​នាំ និង​ជា​អ្នក​រំដោះ ដោយ​មាន​ជំនួយ​ពី​ទេវតា ដែល​បាន​បង្ហាញ​ខ្លួន​ឲ្យ​លោក​ឃើញ​ក្នុង​គុម្ពោត។