កិច្ចការ 6:1-7

កិច្ចការ 6:1-7 គខប

នៅ​គ្រា​នោះ ចំនួន​សិស្ស​ចេះ​តែ​កើន​ឡើង​ជា​លំដាប់។ ជន‌ជាតិ​យូដា​ដែល​និយាយ​ភាសា​ក្រិក នាំ​គ្នា​រអ៊ូ‌រទាំ​ទាស់​នឹង​ជន‌ជាតិ​យូដា​ដែល​និយាយ​ភាសា​ហេប្រឺ​ថា នៅ​ពេល​ចែក​ម្ហូប​អាហារ​ប្រចាំ​ថ្ងៃ ពួក​ហេប្រឺ​មិន​សូវ​យក​ចិត្ត​ទុក​ដាក់​នឹង​ស្ត្រី​មេម៉ាយ​ខាង​ពួក​ខ្លួន​ទេ។ សាវ័ក*​ទាំង​ដប់‌ពីរ​រូប​ក៏​កោះ​ហៅ​ពួក​សិស្ស​ទាំង​អស់​មក ហើយ​មាន​ប្រសាសន៍​ថា៖ «មិន​គួរ​ឲ្យ​យើង​ខ្ញុំ​ចោល​ការ​ប្រកាស​ព្រះ‌បន្ទូល​របស់​ព្រះ‌ជាម្ចាស់​ទៅ​បម្រើ​តុ​ឡើយ។ ហេតុ​នេះ បងប្អូន​អើយ សូម​នាំ​គ្នា​ជ្រើស​រើស​យក​បុរស​ប្រាំ‌ពីរ​រូប ក្នុង​ចំណោម​បងប្អូន ដែល​ជា​អ្នក​មាន​កេរ្តិ៍‌ឈ្មោះ​ល្អ ហើយ​ពោរ‌ពេញ​ដោយ​ព្រះ‌វិញ្ញាណ និង​ប្រាជ្ញា​ឈ្លាស​វៃ។ យើង​ខ្ញុំ​នឹង​តែង‌តាំង​គេ​ឲ្យ​បំពេញ​មុខងារ​នេះ។ រីឯ​យើង​ខ្ញុំ​វិញ យើង​ខ្ញុំ​នឹង​គិត​តែ​ពី​អធិស្ឋាន និង​បម្រើ​ព្រះ‌បន្ទូល»។ ពួក​សិស្ស​ទាំង​ប៉ុន្មាន​ពេញ​ចិត្ត​នឹង​សេចក្ដី​ស្នើ​នេះ​ណាស់ គេ​ក៏​ជ្រើស​យក​លោក​ស្ទេផាន ដែល​ពោរ‌ពេញ​ដោយ​ជំនឿ និង​ដោយ​ព្រះ‌វិញ្ញាណ​ដ៏វិសុទ្ធ* លោក​ភីលីព លោក​ប្រូខូ‌រ៉ុស លោក​នីកា‌ន័រ លោក​ទីម៉ូន លោក​ប៉ាមេ‌ណា និង​លោក​នីកូ‌ឡាស ជា​អ្នក​ស្រុក​អន់‌ទី‌យ៉ូក ដែល​ចូល​សាសនា​យូដា។ គេ​នាំ​អ្នក​ទាំង​នោះ​មក​ជួប​ក្រុម​សាវ័ក ក្រុម​សាវ័ក​ក៏​នាំ​គ្នា​អធិស្ឋាន ហើយ​ដាក់​ដៃ*​ពី​លើ​អ្នក​ទាំង​នោះ។ ព្រះ‌បន្ទូល​របស់​ព្រះ‌ជាម្ចាស់​ក៏​ឮ​សុស‌សាយ​កាន់​តែ​ខ្លាំង​ឡើងៗ ចំនួន​សិស្ស​នៅ​ក្រុង​យេរូ‌សាឡឹម​បាន​កើន​ឡើង​ជា​ច្រើន​ឥត​គណនា ហើយ​មាន​ពួក​បូជា‌ចារ្យ*​ដ៏​ច្រើន​លើស‌លុប​សុខ​ចិត្ត​ប្រតិបត្តិ​តាម​ជំនឿ​ដែរ។