កិច្ចការ 6
6
ការជ្រើសរើសក្រុមប្រាំពីររូប
1នៅគ្រានោះ ចំនួនសិស្សចេះតែកើនឡើងជាលំដាប់។ ជនជាតិយូដាដែលនិយាយភាសាក្រិក នាំគ្នារអ៊ូរទាំទាស់នឹងជនជាតិយូដាដែលនិយាយភាសាហេប្រឺថា នៅពេលចែកម្ហូបអាហារប្រចាំថ្ងៃ ពួកហេប្រឺមិនសូវយកចិត្តទុកដាក់នឹងស្ត្រីមេម៉ាយខាងពួកខ្លួនទេ។ 2សាវ័ក*ទាំងដប់ពីររូបក៏កោះហៅពួកសិស្សទាំងអស់មក ហើយមានប្រសាសន៍ថា៖ «មិនគួរឲ្យយើងខ្ញុំចោលការប្រកាសព្រះបន្ទូលរបស់ព្រះជាម្ចាស់ទៅបម្រើតុឡើយ។ 3ហេតុនេះ បងប្អូនអើយ សូមនាំគ្នាជ្រើសរើសយកបុរសប្រាំពីររូប ក្នុងចំណោមបងប្អូន ដែលជាអ្នកមានកេរ្តិ៍ឈ្មោះល្អ ហើយពោរពេញដោយព្រះវិញ្ញាណ និងប្រាជ្ញាឈ្លាសវៃ។ យើងខ្ញុំនឹងតែងតាំងគេឲ្យបំពេញមុខងារនេះ។ 4រីឯយើងខ្ញុំវិញ យើងខ្ញុំនឹងគិតតែពីអធិស្ឋាន និងបម្រើព្រះបន្ទូល»។ 5ពួកសិស្សទាំងប៉ុន្មានពេញចិត្តនឹងសេចក្ដីស្នើនេះណាស់ គេក៏ជ្រើសយកលោកស្ទេផាន ដែលពោរពេញដោយជំនឿ និងដោយព្រះវិញ្ញាណដ៏វិសុទ្ធ* លោកភីលីព លោកប្រូខូរ៉ុស លោកនីកាន័រ លោកទីម៉ូន លោកប៉ាមេណា និងលោកនីកូឡាស ជាអ្នកស្រុកអន់ទីយ៉ូក ដែលចូលសាសនាយូដា។ 6គេនាំអ្នកទាំងនោះមកជួបក្រុមសាវ័ក ក្រុមសាវ័កក៏នាំគ្នាអធិស្ឋាន ហើយដាក់ដៃ*ពីលើអ្នកទាំងនោះ។
7ព្រះបន្ទូលរបស់ព្រះជាម្ចាស់ក៏ឮសុសសាយកាន់តែខ្លាំងឡើងៗ ចំនួនសិស្សនៅក្រុងយេរូសាឡឹមបានកើនឡើងជាច្រើនឥតគណនា ហើយមានពួកបូជាចារ្យ*ដ៏ច្រើនលើសលុបសុខចិត្តប្រតិបត្តិតាមជំនឿដែរ។
លោកស្ទេផានត្រូវគេចាប់ខ្លួន
8លោកស្ទេផានបានពោរពេញដោយព្រះគុណ និងឫទ្ធានុភាព ដែលធ្វើឲ្យលោកសម្តែងឫទ្ធិបាដិហារិយ៍ និងទីសម្គាល់ធំៗក្នុងចំណោមប្រជាជន។ 9មានអ្នកខ្លះជាសមាជិកសាលាប្រជុំ*ដែលគេហៅថា «សាលាប្រជុំពួកអ្នកងារពីដើម» និងអ្នកខ្លះពីចំណោមអ្នកស្រុកគីរេន អ្នកស្រុកអលេក្សានទ្រា និងអ្នកខ្លះទៀតពីចំណោមអ្នកស្រុកគីលីគា និងអ្នកស្រុកអាស៊ី នាំគ្នាជជែកជាមួយលោកស្ទេផាន 10ប៉ុន្តែ គេពុំអាចជជែកឈ្នះលោកស្ទេផានឡើយ ព្រោះលោកមានប្រសាសន៍ប្រកបដោយប្រាជ្ញាមកពីព្រះវិញ្ញាណ។ 11ដូច្នេះ អ្នកទាំងនេះនាំគ្នាសូកមនុស្សខ្លះឲ្យនិយាយថា៖ «យើងខ្ញុំបានឮអ្នកនេះពោលពាក្យប្រមាថលោកម៉ូសេ និងប្រមាថព្រះជាម្ចាស់»។ 12គេបានបំបះបំបោរប្រជាជន បំបះបំបោរពួកព្រឹទ្ធាចារ្យ* និងពួកអាចារ្យ* រួចមកចាប់លោកស្ទេផានបញ្ជូនទៅក្រុមប្រឹក្សាជាន់ខ្ពស់*។ 13គេនាំសាក្សីក្លែងក្លាយមកចោទប្រកាន់លោកថា៖ «ជននេះចេះតែនិយាយប្រឆាំងនឹងព្រះវិហារ* ប្រឆាំងនឹងក្រឹត្យវិន័យ* ឥតឈប់ឈរ។ 14យើងខ្ញុំបានឮគាត់និយាយថា ឈ្មោះយេស៊ូ ជាអ្នកភូមិណាសារ៉ែត នោះនឹងរុះព្រះវិហារចោល ព្រមទាំងប្ដូរប្រពៃណីដែលលោកម៉ូសេបានទុកឲ្យយើងខ្ញុំថែមទៀតផង»។ 15អស់អ្នកដែលអង្គុយនៅក្នុងក្រុមប្រឹក្សាជាន់ខ្ពស់ទាំងប៉ុន្មាន សម្លឹងមើលមកលោកស្ទេផានគ្រប់ៗគ្នា ហើយឃើញមុខរបស់លោកមានទ្រង់ទ្រាយដូចមុខរបស់ទេវតា*។
ទើបបានជ្រើសរើសហើយ៖
កិច្ចការ 6: គខប
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
Khmer Standard Version © 2005 United Bible Societies.