សាវ័កបាននាំគ្នាសម្តែងទីសម្គាល់ដ៏អស្ចារ្យ និងឫទ្ធិបាដិហារិយ៍ជាច្រើន នៅក្នុងចំណោមប្រជាជន។ អ្នកជឿទាំងអស់រួមចិត្តគំនិតគ្នា គេឈរនៅតាមថែវសាឡូម៉ូន។ រីឯអ្នកឯទៀតៗគ្មាននរណាហ៊ានមកចូលរួមជាមួយគេឡើយ តែប្រជាជនកោតសរសើរគេគ្រប់ៗគ្នា។ បណ្ដាជនទាំងប្រុសទាំងស្រីដែលជឿលើព្រះអម្ចាស់ បានមកចូលរួមកាន់តែច្រើនឡើងៗ។ មនុស្សម្នាបានសែងអ្នកជំងឺមកដាក់នៅតាមផ្លូវ ឲ្យដេកលើគ្រែស្នែង លើកន្ទេល ប្រាថ្នាយ៉ាងហោចណាស់គ្រាន់តែឲ្យស្រមោលលោកពេត្រុសបាំងលើអ្នកជំងឺណាម្នាក់ នៅពេលដែលលោកដើរកាត់តាមនោះ ក៏បានដែរ។ មានមនុស្សជាច្រើននាំគ្នាធ្វើដំណើរមកពីភូមិនានា នៅជិតក្រុងយេរូសាឡឹម ទាំងសែងអ្នកជំងឺ និងអ្នកដែលមានវិញ្ញាណអាក្រក់ចូលមកជាមួយផង អ្នកទាំងនោះបានជាគ្រប់ៗគ្នា។ ពេលនោះ លោកមហាបូជាចារ្យ និងអស់អ្នកដែលនៅជាមួយលោកទាំងប៉ុន្មាន គឺពួកខាងគណៈសាឌូស៊ី* មានចិត្តក្ដៅក្រហាយជាខ្លាំង។ គេលើកគ្នាមកចាប់ក្រុមសាវ័ក* យកទៅឃុំឃាំងនៅពន្ធនាគារសាធារណៈ។ លុះដល់យប់ មានទេវតា*របស់ព្រះអម្ចាស់មកបើកទ្វារពន្ធនាគារឲ្យក្រុមសាវ័កចេញ ទាំងពោលថា៖ «សូមអញ្ជើញទៅឈរក្នុងព្រះវិហារ* ហើយប្រកាសព្រះបន្ទូលទាំងអស់ ដែលផ្ដល់ជីវិតនេះ ឲ្យប្រជាជនស្ដាប់ទៅ»។ កាលបានឮពាក្យទេវតា ក្រុមសាវ័កនាំគ្នាចូលទៅក្នុងព្រះវិហារតាំងពីព្រលឹម ហើយបង្រៀនប្រជាជន។ លោកមហាបូជាចារ្យ* និងអស់អ្នកដែលនៅជាមួយលោក កោះហៅក្រុមប្រឹក្សាជាន់ខ្ពស់* និងព្រឹទ្ធសភានៃប្រជាជនអ៊ីស្រាអែលមកជួបជុំគ្នា រួចចាត់អ្នកយាមឲ្យទៅនាំក្រុមសាវ័កពីពន្ធនាគារមក។ ពេលទៅដល់ទីឃុំឃាំង គេពុំឃើញក្រុមសាវ័កទេ គេនាំគ្នាវិលមកវិញ រាយការណ៍ជម្រាបអង្គប្រជុំថា៖ «យើងខ្ញុំឃើញទីឃុំឃាំងនៅបិទជិតល្អណាស់ ហើយពួកអ្នកយាមក៏ឈរយាមនៅខាងមុខទ្វារដែរ តែពេលយើងខ្ញុំបើកទ្វារ ពុំឃើញមាននរណាម្នាក់នៅក្នុងទីនោះសោះ»។ កាលមេកងរក្សាព្រះវិហារ និងពួកនាយកបូជាចារ្យឮដូច្នោះ គេមិនដឹងជាត្រូវគិតយ៉ាងណាអំពីក្រុមសាវ័ក និងអំពីហេតុការណ៍ដែលកើតឡើងនោះឡើយ។ ពេលនោះ មានម្នាក់ចូលមកជម្រាបអង្គប្រជុំថា៖ «ពួកអ្នកដែលអស់លោកបានចាប់ឃុំឃាំង កំពុងតែឈរបង្រៀនប្រជាជន ក្នុងព្រះវិហារឯណោះ!»។ មេកងរក្សាព្រះវិហារក៏នាំទាហានចេញទៅចាប់ក្រុមសាវ័កបណ្ដើរមក តែឥតមានធ្វើបាបអ្វីទេ ព្រោះគេខ្លាចប្រជាជនយកដុំថ្មគប់។ លុះនាំក្រុមសាវ័កមកដល់ហើយ គេក៏ឲ្យឈរនៅមុខក្រុមប្រឹក្សាជាន់ខ្ពស់ លោកមហាបូជាចារ្យសួរក្រុមសាវ័កថា៖ «យើងបានហាមប្រាមអ្នករាល់គ្នាមិនឲ្យបង្រៀនប្រជាជនក្នុងនាមអ្នកនោះជាដាច់ខាត តែឥឡូវនេះ អ្នករាល់គ្នាបែរជាបង្រៀនគេពាសពេញក្រុងយេរូសាឡឹមទាំងមូលទៅវិញ!។ អ្នករាល់គ្នាក៏ចង់ទម្លាក់កំហុសនៃការប្រហារជីវិតបុរសនោះ មកលើយើងថែមទៀតផង!»។ លោកពេត្រុស និងសាវ័កឯទៀតៗឆ្លើយឡើងថា៖ «យើងខ្ញុំត្រូវស្ដាប់បង្គាប់ព្រះជាម្ចាស់ជាជាងស្ដាប់បង្គាប់មនុស្ស។ ព្រះនៃបុព្វបុរសរបស់យើងទ្រង់បានប្រោសលោកយេស៊ូ ដែលអស់លោកបានសម្លាប់ ដោយព្យួរនៅលើឈើនោះ ឲ្យមានជីវិតរស់ឡើងវិញ។ ព្រះជាម្ចាស់បានលើកលោកយេស៊ូឡើង ដោយឫទ្ធិបារមីរបស់ព្រះអង្គ ហើយតែងតាំងលោកជាព្រះអង្គម្ចាស់ និងជាព្រះសង្គ្រោះ ដើម្បីឲ្យប្រជារាស្ដ្រអ៊ីស្រាអែលកែប្រែចិត្តគំនិត ហើយព្រះជាម្ចាស់លើកលែងទោសឲ្យរួចពីបាប*។ យើងខ្ញុំជាសាក្សីអំពីហេតុការណ៍ទាំងនេះ ហើយព្រះវិញ្ញាណដ៏វិសុទ្ធដែលព្រះជាម្ចាស់ប្រទានដល់អស់អ្នកស្ដាប់បង្គាប់ព្រះអង្គទ្រង់ក៏ជាសាក្សីដែរ»។ កាលក្រុមប្រឹក្សាជាន់ខ្ពស់ឮដូច្នេះ គេក្រេវក្រោធជាខ្លាំង ហើយចង់សម្លាប់ក្រុមសាវ័កថែមទៀតផង។ ប៉ុន្តែ មានបុរសម្នាក់ខាងគណៈផារីស៊ី*ឈ្មោះកាម៉ាលាល ជាអ្នកប្រាជ្ញខាងវិន័យ ដែលប្រជាជនគោរពគ្រប់ៗគ្នា ក្រោកឈរឡើងនៅមុខក្រុមប្រឹក្សាជាន់ខ្ពស់ សុំឲ្យគេនាំក្រុមសាវ័កចេញពីទីនោះមួយស្របក់ រួចមានប្រសាសន៍ទៅកាន់អង្គប្រជុំថា៖ «អស់លោកជាជនជាតិអ៊ីស្រាអែលអើយ សូមប្រយ័ត្នចំពោះអំពើដែលអស់លោកប៉ុនប៉ងនឹងធ្វើដល់អ្នកទាំងនេះ។ ក្នុងពេលថ្មីៗកន្លងទៅ មានម្នាក់ឈ្មោះថឺដាសបានតាំងខ្លួនឡើងជាវីរជន ហើយប្រមូលបានមនុស្សប្រមាណជាបួនរយនាក់។ ថឺដាសត្រូវគេប្រហារជីវិត រីឯពួកអ្នកដែលចូលដៃជាមួយគាត់ ក៏ត្រូវបែកខ្ញែកគ្នាអស់គ្មានសល់។ បន្ទាប់មក នៅជំនាន់ដែលគេជំរឿនប្រជាជន មានយូដាសជាអ្នកស្រុកកាលីឡេ បានលើកខ្លួនឡើង បញ្ចុះបញ្ចូលមនុស្សជាច្រើនឲ្យទៅតាមគាត់។ យូដាសក៏ត្រូវគេប្រហារជីវិតដែរ ហើយអស់អ្នកដែលចូលដៃជាមួយគាត់ក៏បែកខ្ញែកគ្នាអស់ទៅ។ ឥឡូវនេះ ខ្ញុំសូមជម្រាបអស់លោកថា សូមកុំរវីរវល់នឹងអ្នកទាំងនេះទៀតធ្វើអ្វី លែងគេឲ្យទៅវិញទៅ។ ប្រសិនបើគម្រោងការ និងកិច្ចការដែលគេចាប់ផ្ដើមធ្វើមានប្រភពចេញមកពីមនុស្ស នោះមុខជារលាយសាបសូន្យមិនខាន ផ្ទុយទៅវិញ បើកិច្ចការទាំងនោះមានប្រភពចេញមកពីព្រះជាម្ចាស់ អស់លោកពុំអាចរំលាយឡើយ។ ហេតុនេះ សូមប្រុងប្រយ័ត្ន ក្រែងលោអស់លោកបែរជាប្រឆាំងទាស់នឹងព្រះជាម្ចាស់ទៅវិញ»។ គេយល់ស្របតាមយោបល់របស់លោកកាម៉ាលាលទាំងអស់គ្នា គេក៏ហៅក្រុមសាវ័កមកវិញ ហើយបញ្ជាឲ្យវាយនឹងរំពាត់ ទាំងហាមប្រាមមិនឲ្យប្រកាសអំពីព្រះនាមព្រះយេស៊ូទៀត រួចលែងឲ្យត្រឡប់ទៅវិញ។ ក្រុមសាវ័កចាកចេញពីក្រុមប្រឹក្សាជាន់ខ្ពស់ ទាំងអរសប្បាយ ដ្បិតព្រះជាម្ចាស់បានប្រទានឲ្យគេមានកិត្តិយសរងទុក្ខទោស ព្រោះតែព្រះនាមព្រះយេស៊ូ។ ជារៀងរាល់ថ្ងៃ គេតែងតែបង្រៀនប្រជាជន និងផ្សព្វផ្សាយដំណឹងល្អ* អំពីព្រះយេស៊ូគ្រិស្ត* នៅក្នុងព្រះវិហារ* និងនៅតាមផ្ទះ ឥតឈប់ឈរឡើយ។
អាន កិច្ចការ 5
ស្ដាប់នូវ កិច្ចការ 5
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: កិច្ចការ 5:12-42
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ