ពួកគេក៏បញ្ជាឲ្យលោកទាំងពីរចេញពីអង្គប្រជុំ ហើយពិគ្រោះគ្នាថា៖ «តើយើងគួរធ្វើអ្វីដល់អ្នកទាំងពីរនេះ? ដ្បិតអ្នកក្រុងយេរូសាឡឹមទាំងមូលដឹងច្បាស់ថា គេធ្វើទីសម្គាល់អស្ចារ្យមួយដ៏វិសេស ដែលយើងមិនអាចបដិសេធបាន។ ដូច្នេះ តោងយើងហាមប្រាម និងគំរាមគេ កុំឲ្យប្រកាសប្រាប់នរណាអំពីឈ្មោះនោះតទៅទៀតឡើយ ដើម្បីកុំឲ្យរឿងនេះលេចឮខ្ចរខ្ចាយដល់ប្រជាជន»។ ក្រុមប្រឹក្សាក៏ហៅសាវ័កទាំងពីរមក ហើយហាមប្រាមមិនឲ្យនិយាយ និងបង្រៀនអំពីព្រះនាមព្រះយេស៊ូជាដាច់ខាត។ លោកពេត្រុស និងលោកយ៉ូហាន មានប្រសាសន៍តបទៅគេវិញថា៖ «សូមអស់លោកពិចារណាមើល នៅចំពោះព្រះភ័ក្ត្រព្រះជាម្ចាស់ គួរឲ្យយើងខ្ញុំធ្វើតាមបង្គាប់អស់លោក ឬធ្វើតាមបង្គាប់របស់ព្រះអង្គ? យើងខ្ញុំឈប់និយាយអំពីហេតុការណ៍ដែលយើងខ្ញុំបានឃើញ បានឮនោះពុំកើតទេ»។ ក្រុមប្រឹក្សាជាន់ខ្ពស់រកហេតុ ដើម្បីដាក់ទោសលោកទាំងពីរមិនបាន ក៏គំរាមសាជាថ្មីទៀត រួចដោះលែងឲ្យទៅវិញ ដ្បិតប្រជាជនលើកតម្កើងសិរីរុងរឿងរបស់ព្រះជាម្ចាស់ ចំពោះហេតុការណ៍ដែលកើតមាននោះគ្រប់ៗគ្នា។ រីឯបុរសដែលបានជាដោយរបៀបអស្ចារ្យនោះ មានអាយុជាងសែសិបឆ្នាំហើយ។ ក្រោយពីបានរួចខ្លួនហើយ លោកពេត្រុស និងលោកយ៉ូហាន នាំគ្នាទៅជួបពួកបងប្អូន រៀបរាប់អំពីសេចក្ដីទាំងប៉ុន្មានដែលពួកមហាបូជាចារ្យ និងពួកព្រឹទ្ធាចារ្យបាននិយាយ។ កាលពួកគេឮដូច្នោះ គេរួមចិត្តគំនិតគ្នា ហើយបន្លឺសំឡេងទូលព្រះជាម្ចាស់ថា៖ «បពិត្រព្រះដ៏ជាចៅហ្វាយ ព្រះអង្គបានបង្កើតផ្ទៃមេឃ ផែនដី សមុទ្រ និងអ្វីៗសព្វសារពើនៅទីនោះ ព្រះអង្គមានព្រះបន្ទូលដោយសារព្រះវិញ្ញាណដ៏វិសុទ្ធ តាមរយៈអ្នកបម្រើរបស់ព្រះអង្គ គឺព្រះបាទដាវីឌ ជាបុព្វបុរស*យើងខ្ញុំថា៖ “ហេតុអ្វីបានជាជាតិសាសន៍ទាំងឡាយ នាំគ្នាបង្កើតកោលាហល? ហេតុអ្វីបានជាប្រជារាស្ដ្រនានា មានគំនិតឥតខ្លឹមសារដូច្នេះ? ពួកស្ដេចនៅលើផែនដី និងពួកមេដឹកនាំពួតដៃ រួមគំនិតគ្នាប្រឆាំងនឹងព្រះអម្ចាស់ ហើយប្រឆាំងនឹងព្រះគ្រិស្ត*របស់ព្រះអង្គ” ។ ប្រាកដមែន! នៅក្នុងក្រុងនេះ ស្ដេចហេរ៉ូដ និងលោកប៉ុនទាស-ពីឡាត បានរួមគ្នាប្រឆាំងនឹងព្រះយេស៊ូជាអ្នកបម្រើដ៏វិសុទ្ធ*របស់ព្រះអង្គ ដែលព្រះអង្គបានចាក់ប្រេងអភិសេក ទាំងមានសាសន៍ដទៃទៀត និងប្រជារាស្ត្រអ៊ីស្រាអែលសមគំនិតផង។ គេនាំគ្នាប្រព្រឹត្តដូចព្រះអង្គបានកំណត់ទុកជាមុន តាមឫទ្ធិបារមី និងតាមព្រះតម្រិះរបស់ព្រះអង្គ។ ឥឡូវនេះ ឱព្រះអម្ចាស់អើយ សូមជ្រាបសេចក្ដីគំរាមរបស់ពួកគេ ហើយសូមប្រោសប្រទានឲ្យពួកអ្នកបម្រើព្រះអង្គ ថ្លែងព្រះបន្ទូលដោយចិត្តអង់អាចមោះមុតផង សូមសម្តែងបារមីឲ្យអ្នកជំងឺបានជា ឲ្យមានទីសម្គាល់ និងឫទ្ធិបាដិហារិយ៍កើតឡើង ក្នុងព្រះនាមព្រះយេស៊ូ ជាអ្នកបម្រើដ៏វិសុទ្ធ*របស់ព្រះអង្គ»។ កាលពួកគេទូលអង្វរព្រះជាម្ចាស់ដូច្នោះរួចហើយ កន្លែងដែលគេជួបជុំគ្នានោះក៏រញ្ជួយ គេបានពោរពេញដោយព្រះវិញ្ញាណដ៏វិសុទ្ធទាំងអស់គ្នា ហើយនាំគ្នាថ្លែងព្រះបន្ទូលរបស់ព្រះជាម្ចាស់ ដោយចិត្តអង់អាច។
អាន កិច្ចការ 4
ស្ដាប់នូវ កិច្ចការ 4
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: កិច្ចការ 4:15-31
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ