កិច្ចការ 3:1-16

កិច្ចការ 3:1-16 គខប

នៅ​ពេល​អធិស្ឋាន*​ម៉ោង​បី​រសៀល លោក​ពេត្រុស និង​លោក​យ៉ូហាន​បាន​ឡើង​ទៅ​ព្រះ‌វិហារ*​ជា​មួយ​គ្នា។ រៀង​រាល់​ថ្ងៃ មាន​គេ​សែង​អ្នក​ពិការ​ជើង​ពី​កំណើត​ម្នាក់ មក​ដាក់​នៅ​ខ្លោង​ទ្វារ​ព្រះ‌វិហារ​ឈ្មោះ «ទ្វារ​លំអ» ដើម្បី​សុំ​ទាន​អស់​អ្នក​ដែល​ចូល​ទៅ​ក្នុង​ព្រះ‌វិហារ។ កាល​គាត់​ឃើញ​លោក​ពេត្រុស និង​លោក​យ៉ូហាន កំពុង​ដើរ​ចូល​ព្រះ‌វិហារ គាត់​ក៏​សុំ​ទាន។ លោក​ពេត្រុស និង​លោក​យ៉ូហាន សម្លឹង​មើល​មុខ​គាត់ រួច​ពោល​ថា៖ «សូម​មើល​មក​យើង!»។ គាត់​ក៏​ក្រឡេក​មើល​ទៅ​លោក​ទាំង​ពីរ ដោយ​សង្ឃឹម​នឹង​ទទួល​ប្រាក់។ ប៉ុន្តែ លោក​ពេត្រុស​មាន​ប្រសាសន៍​ទៅ​គាត់​ថា៖ «ខ្ញុំ​គ្មាន​ប្រាក់ គ្មាន​មាស​ទេ តែ​អ្វីៗ​ដែល​ខ្ញុំ​មាន ខ្ញុំ​សុំ​ជូន​អ្នក ដូច្នេះ ក្នុង​ព្រះ‌នាម​ព្រះ‌យេស៊ូ​គ្រិស្ត* ជា​អ្នក​ភូមិ​ណាសា‌រ៉ែត ចូរ​ក្រោក​ឡើង ដើរ​ទៅ​ចុះ!»។ លោក​ចាប់​ដៃ​ស្ដាំ​គាត់​ឲ្យ​ក្រោក​ឈរ​ឡើង។ រំពេច​នោះ ជើង​របស់​គាត់ និង​សន្លាក់​ឆ្អឹង ក៏​ប្រែ​ជា​មាំ‌មួន គាត់​ក៏​ស្ទុះ​ឈរ​ឡើង ហើយ​ដើរ​បាន។ គាត់​ចូល​ក្នុង​ព្រះ‌វិហារ​ជា​មួយ​សាវ័ក​ទាំង​ពីរ​រូប ទាំង​ដើរ​ផង លោត​ផង និង​សរសើរ​តម្កើង​ព្រះ‌ជាម្ចាស់​ផង។ ប្រជា‌ជន​ទាំង​អស់​បាន​ឃើញ​គាត់​ដើរ និង​ឮ​គាត់​សរសើរ​តម្កើង​ព្រះ‌ជាម្ចាស់ គេ​ស្គាល់​ជាក់​ថា អ្នក​នោះ​ហើយ​ដែល​តែង​អង្គុយ​សុំ​ទាន​នៅ​ខ្លោង​ទ្វារ​ព្រះ‌វិហារ*​ឈ្មោះ «ទ្វារ​លំអ» គេ​ក៏​ភ័យ​ស្ញប់‌ស្ញែង ហើយ​ងឿង‌ឆ្ងល់​ជា​ខ្លាំង​អំពី​ហេតុ‌ការណ៍​ដែល​កើត​មាន​ដល់​គាត់។ បុរស​នោះ​នៅ​ជាប់​ជា​មួយ​លោក​ពេត្រុស និង​លោក​យ៉ូហាន​ជានិច្ច។ ប្រជា‌ជន​ទាំង​មូល​ភ័យ​ស្ញប់‌ស្ញែង​ណាស់ គេ​រត់​ទៅ​ចោម‌រោម​លោក​ទាំង​ពីរ​នៅ​ថែវ​សាឡូម៉ូន។ លោក​ពេត្រុស​ឃើញ​ដូច្នោះ ក៏​មាន​ប្រសាសន៍​ទៅ​កាន់​ប្រជា‌ជន​ថា៖ «បងប្អូន​អ៊ីស្រា‌អែល​អើយ! ហេតុ​ដូច​ម្ដេច​បាន​ជា​បងប្អូន​ងឿង‌ឆ្ងល់​អំពី​ហេតុ‌ការណ៍​នេះ? ហេតុ​ដូច​ម្ដេច​បាន​ជា​បងប្អូន​សម្លឹង​មើល​មក​យើង​ខ្ញុំ​ដូច្នេះ? តើ​បងប្អូន​ស្មាន​ថា យើង​ខ្ញុំ​បាន​ប្រោស​បុរស​នេះ​ឲ្យ​ដើរ​រួច មក​ពី​ឫទ្ធា‌នុភាព​របស់​យើង​ខ្ញុំ​ផ្ទាល់ ឬ​មក​ពី​យើង​ខ្ញុំ​ចេះ​គោរព​ប្រណិ‌ប័តន៍​ព្រះ‌ជាម្ចាស់? ព្រះ​របស់​លោក​អប្រាហាំ របស់​លោក​អ៊ីសាក និង​របស់​លោក​យ៉ាកុប ជា​ព្រះ​នៃ​បុព្វបុរស​របស់​យើង​ទាំង​អស់​គ្នា ព្រះអង្គ​បាន​ប្រទាន​សិរី‌រុងរឿង​មក​ព្រះ‌យេស៊ូ ជា​អ្នក​បម្រើ​ព្រះអង្គ។ បងប្អូន​បាន​ចាប់​បញ្ជូន​ព្រះ‌យេស៊ូ​ទៅ​ឲ្យ​គេ​កាត់​ទោស ថែម​ទាំង​បដិសេធ​មិន​ទទួល​ស្គាល់​ព្រះអង្គ នៅ​ចំពោះ​មុខ​លោក​ពីឡាត នៅ​ពេល​ដែល​លោក​ចង់​ដោះ​លែង​ព្រះអង្គ​ទៀត​ផង។ បងប្អូន​បាន​បដិសេធ​មិន​ទទួល​ស្គាល់​ព្រះ​ដ៏វិសុទ្ធ ព្រះ​ដ៏​សុចរិត ហើយ​បែរ​ជា​ទាម‌ទារ​សុំ​ឲ្យ​គេ​ដោះ​លែង​ឃាតក​ទៅ​វិញ។ បងប្អូន​បាន​ឲ្យ​គេ​ធ្វើ​គុត​ម្ចាស់​នៃ​ជីវិត ប៉ុន្តែ ព្រះ‌ជាម្ចាស់​បាន​ប្រោស​ឲ្យ​ព្រះអង្គ​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ យើង​ខ្ញុំ​ជា​សាក្សី​អំពី​ហេតុ‌ការណ៍​នេះ។ ដោយ‌សារ​យើង​ខ្ញុំ​ជឿ​លើ​ព្រះ‌នាម​ព្រះ‌យេស៊ូ គឺ​ព្រះ‌នាម​ព្រះអង្គ​ហ្នឹង​ហើយ​បាន​ធ្វើ​ឲ្យ​បុរស​ដែល​បងប្អូន​ឃើញ និង​ស្គាល់​នេះ មាន​កម្លាំង​ឡើង​វិញ។ គាត់​បាន​ជា​ទាំង​ស្រុង ដោយ‌សារ​ជំនឿ​លើ​ព្រះ‌យេស៊ូ ដូច​បងប្អូន​ឃើញ​ស្រាប់។

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ