នៅពេលអធិស្ឋាន*ម៉ោងបីរសៀល លោកពេត្រុស និងលោកយ៉ូហានបានឡើងទៅព្រះវិហារ*ជាមួយគ្នា។ រៀងរាល់ថ្ងៃ មានគេសែងអ្នកពិការជើងពីកំណើតម្នាក់ មកដាក់នៅខ្លោងទ្វារព្រះវិហារឈ្មោះ «ទ្វារលំអ» ដើម្បីសុំទានអស់អ្នកដែលចូលទៅក្នុងព្រះវិហារ។ កាលគាត់ឃើញលោកពេត្រុស និងលោកយ៉ូហាន កំពុងដើរចូលព្រះវិហារ គាត់ក៏សុំទាន។ លោកពេត្រុស និងលោកយ៉ូហាន សម្លឹងមើលមុខគាត់ រួចពោលថា៖ «សូមមើលមកយើង!»។ គាត់ក៏ក្រឡេកមើលទៅលោកទាំងពីរ ដោយសង្ឃឹមនឹងទទួលប្រាក់។ ប៉ុន្តែ លោកពេត្រុសមានប្រសាសន៍ទៅគាត់ថា៖ «ខ្ញុំគ្មានប្រាក់ គ្មានមាសទេ តែអ្វីៗដែលខ្ញុំមាន ខ្ញុំសុំជូនអ្នក ដូច្នេះ ក្នុងព្រះនាមព្រះយេស៊ូគ្រិស្ត* ជាអ្នកភូមិណាសារ៉ែត ចូរក្រោកឡើង ដើរទៅចុះ!»។ លោកចាប់ដៃស្ដាំគាត់ឲ្យក្រោកឈរឡើង។ រំពេចនោះ ជើងរបស់គាត់ និងសន្លាក់ឆ្អឹង ក៏ប្រែជាមាំមួន គាត់ក៏ស្ទុះឈរឡើង ហើយដើរបាន។ គាត់ចូលក្នុងព្រះវិហារជាមួយសាវ័កទាំងពីររូប ទាំងដើរផង លោតផង និងសរសើរតម្កើងព្រះជាម្ចាស់ផង។ ប្រជាជនទាំងអស់បានឃើញគាត់ដើរ និងឮគាត់សរសើរតម្កើងព្រះជាម្ចាស់ គេស្គាល់ជាក់ថា អ្នកនោះហើយដែលតែងអង្គុយសុំទាននៅខ្លោងទ្វារព្រះវិហារ*ឈ្មោះ «ទ្វារលំអ» គេក៏ភ័យស្ញប់ស្ញែង ហើយងឿងឆ្ងល់ជាខ្លាំងអំពីហេតុការណ៍ដែលកើតមានដល់គាត់។
អាន កិច្ចការ 3
ស្ដាប់នូវ កិច្ចការ 3
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: កិច្ចការ 3:1-10
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ