លោកប៉ូលសម្លឹងមើលទៅក្រុមប្រឹក្សាជាន់ខ្ពស់ ហើយមានប្រសាសន៍ថា៖ «បងប្អូនអើយ ខ្ញុំដឹងថា អំពើដែលខ្ញុំប្រព្រឹត្ត នៅចំពោះព្រះភ័ក្ត្រព្រះជាម្ចាស់ រហូតមកទល់សព្វថ្ងៃនេះ សុទ្ធតែត្រឹមត្រូវទាំងអស់»។ លោកមហាបូជាចារ្យ*អណាណាសបង្គាប់ឲ្យអស់អ្នកដែលឈរក្បែរលោកប៉ូល ទះមាត់លោក។ លោកប៉ូលមានប្រសាសន៍ទៅលោកមហាបូជាចារ្យថា៖ «នែ៎ កំពែងទ្រុឌទ្រោមលាបពណ៌ស អើយ! ព្រះជាម្ចាស់នឹងវាយលោកជាមិនខាន។ លោកអង្គុយកាត់ក្ដីខ្ញុំតាមក្រឹត្យវិន័យ តែលោកបែរជាបង្គាប់ឲ្យគេទះខ្ញុំ ខុសនឹងក្រឹត្យវិន័យទៅវិញ!»។ ពួកអ្នកដែលនៅទីនោះពោលថា៖ «អ្នកហ៊ានប្រមាថលោកមហាបូជាចារ្យរបស់ព្រះជាម្ចាស់ផងឬ!»។ លោកប៉ូលតបវិញថា៖ «បងប្អូនអើយ ខ្ញុំនិយាយដូច្នេះ មកពីខ្ញុំមិនបានដឹងថាលោកជាមហាបូជាចារ្យទេ ដ្បិតមានចែងទុកក្នុងគម្ពីរថា: “អ្នកមិនត្រូវនិយាយអាក្រក់ពីអ្នកដឹកនាំប្រជាជាតិរបស់អ្នកឡើយ” »។ ដោយលោកប៉ូលជ្រាបថា នៅក្នុងអង្គប្រជុំ មានមួយផ្នែកជាអ្នកខាងគណៈសាឌូស៊ី* និងមួយផ្នែកទៀតខាងគណៈផារីស៊ី* លោកក៏មានប្រសាសន៍ខ្លាំងៗនៅកណ្ដាលក្រុមប្រឹក្សាជាន់ខ្ពស់ថា៖ «បងប្អូនអើយ ខ្ញុំជាអ្នកខាងគណៈផារីស៊ី ហើយឪពុកខ្ញុំក៏ជាអ្នកខាងគណៈផារីស៊ីដែរ។ គេយកខ្ញុំមកកាត់ទោស ព្រោះតែសេចក្ដីសង្ឃឹមរបស់យើងថា មនុស្សស្លាប់នឹងរស់ឡើងវិញ»។ លោកប៉ូលមានប្រសាសន៍ដូច្នេះហើយ ពួកខាងគណៈផារីស៊ី* និងពួកខាងគណៈសាឌូស៊ី* ឈ្លោះប្រកែកគ្នា ធ្វើឲ្យបាក់បែកអង្គប្រជុំ។ ពួកខាងគណៈសាឌូស៊ីពុំជឿថា មនុស្សស្លាប់នឹងរស់ឡើងវិញ និងពុំជឿថា មានទេវតា* ឬមានអារក្សទេ រីឯពួកខាងគណៈផារីស៊ីវិញ គេជឿថាមានទាំងអស់។ ពេលនោះ គេនាំគ្នាស្រែកឡើងយ៉ាងទ្រហឹងអឺងអាប់ ហើយអាចារ្យខ្លះពីខាងគណៈផារីស៊ីក្រោកឡើងប្រកែកតវ៉ាយ៉ាងខ្លាំងថា៖ «យើងពុំឃើញបុរសនេះមានកំហុសអ្វីឡើយ ប្រហែលជាមានអារក្ស ឬទេវតា*ណាមួយបាននិយាយមកកាន់គាត់ទេមើលទៅ!»។ ដោយឃើញអង្គប្រជុំឈ្លោះប្រកែកគ្នាកាន់តែខ្លាំងឡើងៗ លោកមេបញ្ជាការក៏បញ្ជាឲ្យកងទាហានចុះមក នាំលោកប៉ូលចេញពីកណ្ដាលចំណោមពួកគេ ចូលទៅក្នុងបន្ទាយ ព្រោះគាត់ខ្លាចគេហែកហួរសម្លាប់លោក។ នៅយប់បន្ទាប់ ព្រះអម្ចាស់យាងចូលមកជិតលោកប៉ូល រួចមានព្រះបន្ទូលថា៖ «ចូរក្លាហានឡើង! អ្នកត្រូវតែផ្ដល់សក្ខីភាពនៅក្រុងរ៉ូម ដូចអ្នកបានផ្ដល់សក្ខីភាពអំពីខ្ញុំ នៅក្រុងយេរូសាឡឹមនេះដែរ»។
អាន កិច្ចការ 23
ស្ដាប់នូវ កិច្ចការ 23
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: កិច្ចការ 23:1-11
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ