លោកពេត្រុសមានប្រសាសន៍ទៅគេថា៖ «សូមបងប្អូនកែប្រែចិត្តគំនិត ហើយម្នាក់ៗត្រូវទទួលពិធីជ្រមុជទឹក* ក្នុងព្រះនាមព្រះយេស៊ូគ្រិស្ត*ទៅ ដើម្បីព្រះជាម្ចាស់លើកលែងទោសបងប្អូនឲ្យរួចពីបាប* ហើយបងប្អូននឹងទទួលព្រះវិញ្ញាណដ៏វិសុទ្ធ ដែលជាអំណោយទានរបស់ព្រះជាម្ចាស់ ដ្បិតព្រះអង្គមានព្រះបន្ទូលសន្យានេះចំពោះបងប្អូនទាំងអស់គ្នា ចំពោះកូនចៅរបស់បងប្អូន និងចំពោះអស់អ្នកដែលនៅឆ្ងាយៗទាំងប៉ុន្មានដែរ តាមតែព្រះអម្ចាស់ជាព្រះរបស់យើងត្រាស់ហៅ»។ លោកពេត្រុសបានពន្យល់បញ្ជាក់ និងដាស់តឿនពួកគេ ដោយពាក្យពេចន៍ជាច្រើនទៀត គឺលោកមានប្រសាសន៍ថា៖ «សូមបងប្អូនទទួលការសង្គ្រោះ ឲ្យរួចផុតពីមនុស្សអាក្រក់សម័យនេះ»។ អស់អ្នកដែលយល់ព្រមទទួលពាក្យរបស់លោក ក៏ទទួលពិធីជ្រមុជទឹក* ហើយនៅថ្ងៃនោះ មានមនុស្សប្រមាណបីពាន់នាក់ចូលមករួមក្នុងក្រុមសិស្ស*។ សិស្សទាំងនោះព្យាយាមស្ដាប់សេចក្ដីបង្រៀនរបស់ក្រុមសាវ័ក* រួមរស់ជាមួយគ្នាជាបងប្អូន ធ្វើពិធីកាច់នំប៉័ង* និងព្យាយាមអធិស្ឋាន។ មនុស្សម្នាកោតស្ញប់ស្ញែងគ្រប់ៗគ្នា ដ្បិតក្រុមសាវ័កបានសម្តែងឫទ្ធិបាដិហារិយ៍ និងធ្វើទីសម្គាល់ផ្សេងៗជាច្រើន។ អស់អ្នកដែលបានជឿលើព្រះអម្ចាស់ មានចិត្តគំនិតតែមួយ ហើយយករបស់របរដែលខ្លួនមាន មកដាក់រួមគ្នាទាំងអស់។ គេលក់ទ្រព្យសម្បត្តិ និងអ្វីៗជារបស់ខ្លួន យកប្រាក់មកចែកគ្នាតាមសេចក្ដីត្រូវការរបស់ពួកគេម្នាក់ៗ។ ជារៀងរាល់ថ្ងៃ គេរួមចិត្តគំនិតគ្នាព្យាយាមចូលព្រះវិហារ* ធ្វើពិធីកាច់នំប៉័ងនៅតាមផ្ទះ ព្រមទាំងបរិភោគអាហារជាមួយគ្នាយ៉ាងសប្បាយរីករាយ និងដោយចិត្តស្មោះសរផង។ គេនាំគ្នាសរសើរតម្កើងព្រះជាម្ចាស់ ហើយប្រជាជនទាំងមូលគោរពរាប់អានពួកគេទាំងអស់គ្នា។ ព្រះអម្ចាស់បន្ថែមចំនួនអ្នកដែលព្រះអង្គបានសង្គ្រោះ មកក្នុងក្រុមរបស់គេជារៀងរាល់ថ្ងៃ។
អាន កិច្ចការ 2
ស្ដាប់នូវ កិច្ចការ 2
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: កិច្ចការ 2:38-47
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ