ពេលដែលលោកអប៉ូឡូសនៅក្រុងកូរិនថូស លោកប៉ូលបានឆ្លងកាត់តំបន់ខ្ពង់រាប ធ្វើដំណើរមកដល់ក្រុងអេភេសូ។ លោកបានជួបសិស្ស*ខ្លះ ហើយសួរថា៖ «កាលបងប្អូនចាប់ផ្ដើមជឿនោះ តើបងប្អូនទទួលព្រះវិញ្ញាណដ៏វិសុទ្ធ*ហើយឬនៅ?»។ គេតបមកលោកវិញថា៖ «យើងខ្ញុំមិនដែលទាំងឮថាមានព្រះវិញ្ញាណដ៏វិសុទ្ធផង!»។ លោកសួរគេទៀតថា៖ «ដូច្នេះ តើបងប្អូនបានទទួលពិធីជ្រមុជទឹក*ណា?»។ គេតបថា៖ «ពិធីជ្រមុជទឹករបស់លោកយ៉ូហាន»។ លោកប៉ូលក៏មានប្រសាសន៍ថា៖ «លោកយ៉ូហានបានធ្វើពិធីជ្រមុជទឹកឲ្យអស់អ្នកដែលកែប្រែចិត្តគំនិត ទាំងមានប្រសាសន៍ប្រាប់ប្រជាជនឲ្យជឿលើព្រះអង្គ ដែលយាងមកក្រោយលោក គឺព្រះយេស៊ូនេះហើយ»។ ក្រោយបានឮលោកប៉ូលមានប្រសាសន៍ដូច្នោះ ពួកសិស្សក៏ទទួលពិធីជ្រមុជទឹកក្នុងព្រះនាមព្រះអម្ចាស់យេស៊ូ។ លោកប៉ូលបានដាក់ដៃលើគេ ព្រះវិញ្ញាណដ៏វិសុទ្ធក៏យាងមកសណ្ឋិតលើគេ ហើយគេនាំគ្នានិយាយភាសាចម្លែកអស្ចារ្យ* និងថ្លែងព្រះបន្ទូលផង។ អ្នកទាំងនោះមានគ្នាទាំងអស់ប្រមាណដប់ពីរនាក់។ លោកប៉ូលបានចូលទៅសាលាប្រជុំ* ហើយមានប្រសាសន៍ដោយចិត្តអង់អាច ក្នុងអំឡុងពេលបីខែ។ លោកបានសន្ទនាជាមួយពួកគេអំពីព្រះរាជ្យ*របស់ព្រះជាម្ចាស់ និងខិតខំណែនាំពួកគេឲ្យជឿ។ ប៉ុន្តែ ដោយអ្នកខ្លះនៅតែមានចិត្តមានះមិនព្រមជឿ ថែមទាំងប្រមាថមាគ៌ារបស់ព្រះអម្ចាស់នៅមុខប្រជុំជនផងនោះ លោកក៏ចាកចេញពីពួកគេ នាំសិស្សទៅដាច់ឡែក ហើយបង្រៀនគេជារៀងរាល់ថ្ងៃនៅក្នុងសាលាទីរ៉ាណុស លោកបានបង្រៀនគេអស់រយៈពេលពីរឆ្នាំ គឺរហូតទាល់តែអ្នកស្រុកអាស៊ីទាំងអស់ ទាំងសាសន៍យូដា ទាំងសាសន៍ក្រិក បានឮព្រះបន្ទូលរបស់ព្រះអម្ចាស់។ ពេលនោះ ព្រះអម្ចាស់បានធ្វើការអស្ចារ្យដ៏ធំៗជាច្រើន តាមរយៈលោកប៉ូល គឺបើគេគ្រាន់តែយកក្រណាត់ ឬកន្សែងដែលបានប៉ះលោកប៉ូល មកដាក់ពីលើអ្នកជំងឺ អ្នកជំងឺនឹងបានជា ហើយវិញ្ញាណអាក្រក់ក៏នឹងចេញពីគេទៅដែរ។ មានគ្រូដេញវិញ្ញាណអាក្រក់ជាតិយូដាខ្លះ តែងធ្វើដំណើរពីកន្លែងមួយទៅកន្លែងមួយ ចង់ដេញវិញ្ញាណអាក្រក់ចេញពីមនុស្ស ដោយប្រើព្រះនាមព្រះអម្ចាស់យេស៊ូ គឺគេនិយាយទៅវិញ្ញាណអាក្រក់ថា៖ «យើងបញ្ជាពួកឯង ក្នុងព្រះនាមព្រះយេស៊ូដែលលោកប៉ូលប្រកាស ចូរចេញទៅ!»។ កូនប្រុសទាំងប្រាំពីររបស់លោកស្កេវ៉ា ដែលជានាយកបូជាចារ្យ*របស់សាសន៍យូដា ក៏បានធ្វើដូច្នេះដែរ។ វិញ្ញាណអាក្រក់បានតបមកអ្នកទាំងនោះវិញថា៖ «យើងស្គាល់ព្រះយេស៊ូ ហើយក៏ដឹងថា លោកប៉ូលជានរណាដែរ ចុះឯងរាល់គ្នាវិញ ឯងជានរណា?»។ អ្នកដែលមានវិញ្ញាណអាក្រក់ចូលបានស្ទុះមកសង្កត់ពួកគេជាប់ ហើយវិញ្ញាណអាក្រក់មានកម្លាំងជាង រហូតទាល់តែធ្វើឲ្យអ្នកទាំងនោះរត់ចេញពីផ្ទះ របូតខោ របូតអាវ និងត្រូវរបួសទៀតផង។ មនុស្សម្នានៅក្រុងអេភេសូទាំងសាសន៍យូដា ទាំងសាសន៍ក្រិក បានដឹងរឿងនេះ ហើយកោតខ្លាចគ្រប់ៗគ្នា។ ពេលនោះ គេលើកតម្កើងព្រះនាមរបស់ព្រះអម្ចាស់យេស៊ូ។ មានអ្នកជឿជាច្រើននាក់បាននាំគ្នាមកទទួលសារភាពជាសាធារណៈ នូវអំពើដែលខ្លួនធ្លាប់ប្រព្រឹត្តកាលពីមុន ហើយក៏មានអស់អ្នកដែលធ្លាប់ប្រព្រឹត្តអំពើអាបធ្មប់ បានយកក្បួនតម្រារបស់ខ្លួនមកដុតចោល នៅមុខគេឯងទាំងអស់គ្នាផង។ គេបានគិតគូររបស់ទាំងនោះ ឃើញថាមានតម្លៃប្រាំម៉ឺនដួង*។ មកពីព្រះអម្ចាស់បានសម្តែងព្រះចេស្ដាដូច្នេះហើយ បានជាព្រះបន្ទូលរីកចម្រើន និងមានប្រសិទ្ធភាពកាន់តែខ្លាំងឡើងៗ។
អាន កិច្ចការ 19
ស្ដាប់នូវ កិច្ចការ 19
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: កិច្ចការ 19:1-20
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ