លោកប៉ូលបានស្នាក់នៅក្រុងកូរិនថូសជាយូរថ្ងៃ។ ក្រោយមក លោកក៏ជម្រាបលាពួកបងប្អូន ចុះសំពៅឆ្ពោះទៅស្រុកស៊ីរី ដោយមាននាងព្រីស៊ីល និងលោកអគីឡា ជូនដំណើរទៅជាមួយដែរ។ លោកបានកោរសក់លាបំណន់ នៅកំពង់ផែកេងគ្រា។ លុះមកដល់ក្រុងអេភេសូ លោកប៉ូលក៏ជម្រាបលានាងព្រីស៊ីល និងលោកអគីឡា។ លោកបានចូលទៅសាលាប្រជុំ* ហើយសន្ទនាជាមួយសាសន៍យូដា។ ពួកគេបានអង្វរសុំឲ្យលោកស្នាក់នៅទីនោះមួយរយៈ តែលោកពុំព្រមនៅទេ លោកជម្រាបលាគេ ទាំងពោលថា៖ «ប្រសិនបើព្រះជាម្ចាស់សព្វព្រះហឫទ័យ ខ្ញុំនឹងវិលមករកបងប្អូនវិញ» រួចលោកចុះសំពៅចេញពីក្រុងអេភេសូទៅ។ លុះធ្វើដំណើរមកដល់ក្រុងសេសារា លោកបានឡើងទៅសួរសុខទុក្ខក្រុមជំនុំ* បន្ទាប់មក លោកបន្តដំណើរទៅដល់ក្រុងអន់ទីយ៉ូក។ ក្រោយពីបានស្នាក់នៅក្រុងអន់ទីយ៉ូកយូរបន្តិចមក លោកក៏ចេញដំណើរទៅសាជាថ្មី ដោយឆ្លងកាត់ស្រុកកាឡាទី និងស្រុកព្រីគា ទាំងពង្រឹងជំនឿពួកសិស្ស*ទាំងអស់ផង។ មានជនជាតិយូដាម្នាក់ ឈ្មោះអប៉ូឡូស ជាអ្នកស្រុកអលេក្សានទ្រា បានមកនៅក្រុងអេភេសូ គាត់ជាមនុស្សមានវោហារ ហើយស្គាល់គម្ពីរយ៉ាងល្អិតល្អន់។ គាត់បានទទួលការអប់រំអំពីមាគ៌ារបស់ព្រះអម្ចាស់ និងមានចិត្តឧស្សាហ៍មោះមុត គាត់ប្រកាសព្រះបន្ទូល ហើយប៉ិនប្រសប់បង្រៀនគេយ៉ាងច្បាស់លាស់អំពីព្រះយេស៊ូផង។ ប៉ុន្តែ គាត់បានដឹងត្រឹមតែពិធីជ្រមុជទឹក*របស់លោកយ៉ូហានប៉ុណ្ណោះ។ គាត់បានបង្រៀនគេក្នុងសាលាប្រជុំ* ដោយចិត្តអង់អាច។ កាលនាងព្រីស៊ីល និងលោកអគីឡា បានឮគាត់បង្រៀនដូច្នេះ ក៏អញ្ជើញគាត់ទៅជាមួយ ព្រមទាំងពន្យល់គាត់ឲ្យរឹតតែស្គាល់មាគ៌ារបស់ព្រះជាម្ចាស់ថែមទៀត។ បន្ទាប់មក ដោយលោកអប៉ូឡូសមានបំណងធ្វើដំណើរទៅកាន់ស្រុកអាខៃ ពួកបងប្អូនក៏នាំគ្នាលើកទឹកចិត្តគាត់ឲ្យទៅ ថែមទាំងសរសេរសំបុត្រទៅជម្រាបពួកសិស្ស*នៅស្រុកនោះ ឲ្យទទួលគាត់ដោយរាក់ទាក់ផង។ លុះទៅដល់ គាត់បានខ្នះខ្នែងជួយអស់អ្នកនៅទីនោះដែលបានទទួលជឿ ដោយសារព្រះគុណរបស់ព្រះជាម្ចាស់។ ដ្បិតគាត់ចេះផ្ចាញ់សាសន៍យូដានៅមុខប្រជុំជនទាំងអស់ និងវែកញែកគម្ពីរ បញ្ជាក់ប្រាប់គេថាព្រះយេស៊ូពិតជាព្រះគ្រិស្ត*មែន។
អាន កិច្ចការ 18
ស្ដាប់នូវ កិច្ចការ 18
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: កិច្ចការ 18:18-28
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ