ក្រោយមក លោកប៉ូលបានចាកចេញពីក្រុងអាថែន ធ្វើដំណើរឆ្ពោះទៅក្រុងកូរិនថូស។ នៅក្រុងនោះ លោកបានជួបជនជាតិយូដាម្នាក់ ឈ្មោះអគីឡា ជាអ្នកស្រុកប៉ុនតុស។ លោកអគីឡា និងនាងព្រីស៊ីលជាភរិយា ទើបនឹងមកពីស្រុកអ៊ីតាលី ព្រោះព្រះចៅអធិរាជក្លូឌាសបានចេញបញ្ជាឲ្យជនជាតិយូដាទាំងអស់ ចាកចេញពីក្រុងរ៉ូម។ លោកប៉ូលទៅទាក់ទងនឹងអ្នកទាំងពីរ ហើយស្នាក់នៅ និងធ្វើការជាមួយគេ ព្រោះលោកមានមុខរបរដូចគ្នា គឺត្បាញក្រណាត់សម្រាប់បោះជំរំ។ រៀងរាល់ថ្ងៃសប្ប័ទ* លោកតែងតែមានប្រសាសន៍ក្នុងសាលាប្រជុំ* និងខិតខំណែនាំទាំងសាសន៍យូដា ទាំងសាសន៍ក្រិកឲ្យជឿ។ កាលលោកស៊ីឡាស និងលោកធីម៉ូថេ ធ្វើដំណើរពីស្រុកម៉ាសេដូនមកដល់ហើយ លោកប៉ូលក៏ចំណាយពេលទាំងអស់របស់លោក ដើម្បីប្រកាសព្រះបន្ទូល។ លោកបានបញ្ជាក់ប្រាប់សាសន៍យូដាថា ព្រះយេស៊ូពិតជាព្រះគ្រិស្ត។ ប៉ុន្តែ ដោយសាសន៍យូដាចេះតែប្រឆាំងនឹងលោក ហើយជេរប្រមាថលោកទៀតផងនោះ លោកក៏រលាស់ធូលីដីពីអាវរបស់លោក ទាំងមានប្រសាសន៍ថា៖ «បើអ្នករាល់គ្នាវិនាសបាត់បង់នោះ គឺមកតែពីកំហុសរបស់អ្នករាល់គ្នាផ្ទាល់ប៉ុណ្ណោះ គ្មានជាប់ជំពាក់អ្វីជាមួយខ្ញុំទេ ចាប់ពីពេលនេះ ខ្ញុំនឹងទៅរកសាសន៍ដទៃវិញ»។ លោកក៏ចាកចេញពីទីនោះឆ្ពោះទៅផ្ទះបុរសម្នាក់ឈ្មោះ យូស្ទូស ជាអ្នកគោរពកោតខ្លាចព្រះជាម្ចាស់ ហើយផ្ទះគាត់នៅជាប់នឹងសាលាប្រជុំ*។ រីឯលោកគ្រីសប៉ុស ដែលជាអ្នកទទួលខុសត្រូវលើសាលាប្រជុំ និងក្រុមគ្រួសាររបស់លោកវិញ ក៏ជឿលើព្រះអម្ចាស់ដែរ។ មានអ្នកក្រុងកូរិនថូសជាច្រើនទៀតបានស្ដាប់លោកប៉ូល ហើយជឿ ព្រមទាំងទទួលពិធីជ្រមុជទឹក*ផង។ យប់មួយ លោកប៉ូលនិមិត្តឃើញព្រះអម្ចាស់មានព្រះបន្ទូលមកលោកថា៖ «កុំខ្លាចអី ត្រូវនិយាយតទៅទៀត កុំនៅស្ងៀមឡើយ ដ្បិតយើងស្ថិតនៅជាមួយអ្នកហើយ ពុំមាននរណាអាចធ្វើបាបអ្នកបានទេ ព្រោះនៅក្រុងនេះ មានមនុស្សជាច្រើនជាប្រជារាស្ត្ររបស់យើង»។ លោកប៉ូលស្នាក់នៅក្រុងកូរិនថូស អស់រយៈពេលមួយឆ្នាំប្រាំមួយខែ លោកបង្រៀនព្រះបន្ទូលរបស់ព្រះជាម្ចាស់ដល់អ្នកក្រុងនោះ។ នៅគ្រាដែលលោកកាលីយ៉ូកាន់តំណែងជារាជប្រតិភូរបស់ព្រះចៅអធិរាជរ៉ូម៉ាំង នៅស្រុកអាខៃ សាសន៍យូដាបានសមគំនិតគ្នាប្រឆាំងនឹងលោកប៉ូល ហើយនាំលោកយកទៅសាលាកាត់ក្ដី ទាំងចោទថា៖ «ជននេះបញ្ចុះបញ្ចូលមនុស្សម្នាឲ្យគោរពថ្វាយបង្គំព្រះជាម្ចាស់ តាមរបៀបមួយខុសច្បាប់»។ ពេលលោកប៉ូលបម្រុងនឹងហាមាត់និយាយ លោកកាលីយ៉ូមានប្រសាសន៍ទៅកាន់ជនជាតិយូដាថា៖ «ជនជាតិយូដាអើយ ប្រសិនបើរឿងនេះទាក់ទងនឹងបទឧក្រិដ្ឋ ឬបទល្មើសណាមួយនោះ ខ្ញុំមុខជាសុខចិត្តស្ដាប់អ្នករាល់គ្នាមិនខាន។ ប៉ុន្តែ បើជារឿងជជែកវែកញែកស្ដីអំពីពាក្យពេចន៍ អំពីឈ្មោះ ឬអំពីធម៌វិន័យ*របស់អ្នករាល់គ្នាទេនោះ ចូរដោះស្រាយខ្លួនឯងទៅ ខ្ញុំមិនព្រមកាត់ក្ដីឲ្យអ្នករាល់គ្នាអំពីរឿងនេះឡើយ»។ លោកក៏ដេញពួកគេចេញពីសាលាកាត់ក្ដី។ ពេលនោះ ពួកគេនាំគ្នាចាប់លោកសូស្តែន ដែលជាអ្នកទទួលខុសត្រូវលើសាលាប្រជុំ* មកវាយនៅមុខសាលាកាត់ក្ដី តែលោកកាលីយ៉ូមិនអើពើទេ។ លោកប៉ូលបានស្នាក់នៅក្រុងកូរិនថូសជាយូរថ្ងៃ។ ក្រោយមក លោកក៏ជម្រាបលាពួកបងប្អូន ចុះសំពៅឆ្ពោះទៅស្រុកស៊ីរី ដោយមាននាងព្រីស៊ីល និងលោកអគីឡា ជូនដំណើរទៅជាមួយដែរ។ លោកបានកោរសក់លាបំណន់ នៅកំពង់ផែកេងគ្រា។
អាន កិច្ចការ 18
ស្ដាប់នូវ កិច្ចការ 18
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: កិច្ចការ 18:1-18
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ