កិច្ចការ 17:24-28

កិច្ចការ 17:24-28 គខប

ព្រះ‌ជាម្ចាស់​ដែល​បាន​បង្កើត​ពិភព​លោក និង​បង្កើត​អ្វីៗ​សព្វ​សារពើ​នៅ​ក្នុង​ពិភព​លោក​នេះ ព្រះអង្គ​ជា​ព្រះ‌អម្ចាស់​នៃ​ស្ថាន​បរម‌សុខ* និង​ព្រះ‌អម្ចាស់​នៃ​ផែនដី ព្រះអង្គ​មិន​គង់​នៅ​ក្នុង​ព្រះ‌វិហារ ដែល​មនុស្ស​សង់​នោះ​ឡើយ ហើយ​ព្រះអង្គ​ក៏​មិន​ត្រូវ​ការ​ឲ្យ​មនុស្ស​បី​បាច់​ថែ‌រក្សា​ព្រះអង្គ​ដែរ ព្រោះ​ព្រះអង្គ​ទេ​តើ​ដែល​បាន​ប្រទាន​ជីវិត ប្រទាន​ដង្ហើម និង​ប្រទាន​របស់​សព្វ​គ្រប់​ទាំង​អស់​មក​មនុស្ស។ ព្រះអង្គ​ប្រទាន​ឲ្យ​ប្រជា‌ជាតិ​នានា​កើត​ចេញ​មក​ពី​មនុស្ស​តែ​ម្នាក់ ហើយ​ឲ្យ​គេ​រស់​នៅ​ពាស‌ពេញ​លើ​ផែនដី​ទាំង​មូល។ ព្រះអង្គ​បាន​កំណត់​រដូវ​កាល និង​កំណត់​ព្រំ‌ដែន​ឲ្យ​មនុស្ស​រស់​នៅ។ ព្រះ‌ជាម្ចាស់​ធ្វើ​ដូច្នេះ ដើម្បី​ឲ្យ​គេ​ស្វែង​រក​ព្រះអង្គ ហើយ​បើ​គេ​ខ្នះ‌ខ្នែង​រក​ព្រះអង្គ​មែន​នោះ គេ​ប្រហែល​ជា​នឹង​រក​ព្រះអង្គ​ឃើញ។ តាម​ពិត ព្រះ‌ជាម្ចាស់​មិន​គង់​នៅ​ឆ្ងាយ​ពី​យើង​ម្នាក់ៗ​ទេ ដ្បិត​យើង​មាន​ជីវិត មាន​ចលនា និង​មាន​ភាវៈ​ជា​មនុស្ស ដោយ‌សារ​ព្រះអង្គ។ អ្នក​កវី​ខ្លះ​របស់​អស់​លោក​តែង​ពោល​ថា៖ “យើង​ក៏​ជា​ពូជ​របស់​ព្រះអង្គ​ដែរ”។