កិច្ចការ 17:22-34

កិច្ចការ 17:22-34 គខប

លោក​ប៉ូល​ក្រោក​ឈរ​នៅ​កណ្ដាល​អង្គ​ប្រជុំ នៅ​ទួល​អើរី‌យ៉ូស ហើយ​មាន​ប្រសាសន៍​ថា៖ «អស់​លោក​ជា​អ្នក​ក្រុង​អាថែន​អើយ! ខ្ញុំ​សង្កេត​ឃើញ​ថា​អស់​លោក​និយម​សាសនា​ខ្លាំង​ណាស់ ពេល​ខ្ញុំ​ដើរ​ទៅ​មក​ក្នុង​ទីក្រុង ខ្ញុំ​ឃើញ​មាន​បូជនីយ‌ដ្ឋាន​ទាំង​ប៉ុន្មាន​ដែល​អស់​លោក​គោរព​បូជា ហើយ​ខ្ញុំ​ក៏​បាន​ឃើញ​អាសនៈ​មួយ ដែល​មាន​ចារឹក​អក្សរ​ថា “សូម​ឧទ្ទិស​ដល់​ព្រះ​ដែល​យើង​ពុំ​ស្គាល់”។ ខ្ញុំ​នាំ​ដំណឹង​មក​ប្រាប់​អស់​លោក​អំពី​ព្រះ​ដែល​អស់​លោក​ថ្វាយ‌បង្គំ ទាំង​ពុំ​ស្គាល់​ហ្នឹង​ហើយ។ ព្រះ‌ជាម្ចាស់​ដែល​បាន​បង្កើត​ពិភព​លោក និង​បង្កើត​អ្វីៗ​សព្វ​សារពើ​នៅ​ក្នុង​ពិភព​លោក​នេះ ព្រះអង្គ​ជា​ព្រះ‌អម្ចាស់​នៃ​ស្ថាន​បរម‌សុខ* និង​ព្រះ‌អម្ចាស់​នៃ​ផែនដី ព្រះអង្គ​មិន​គង់​នៅ​ក្នុង​ព្រះ‌វិហារ ដែល​មនុស្ស​សង់​នោះ​ឡើយ ហើយ​ព្រះអង្គ​ក៏​មិន​ត្រូវ​ការ​ឲ្យ​មនុស្ស​បី​បាច់​ថែ‌រក្សា​ព្រះអង្គ​ដែរ ព្រោះ​ព្រះអង្គ​ទេ​តើ​ដែល​បាន​ប្រទាន​ជីវិត ប្រទាន​ដង្ហើម និង​ប្រទាន​របស់​សព្វ​គ្រប់​ទាំង​អស់​មក​មនុស្ស។ ព្រះអង្គ​ប្រទាន​ឲ្យ​ប្រជា‌ជាតិ​នានា​កើត​ចេញ​មក​ពី​មនុស្ស​តែ​ម្នាក់ ហើយ​ឲ្យ​គេ​រស់​នៅ​ពាស‌ពេញ​លើ​ផែនដី​ទាំង​មូល។ ព្រះអង្គ​បាន​កំណត់​រដូវ​កាល និង​កំណត់​ព្រំ‌ដែន​ឲ្យ​មនុស្ស​រស់​នៅ។ ព្រះ‌ជាម្ចាស់​ធ្វើ​ដូច្នេះ ដើម្បី​ឲ្យ​គេ​ស្វែង​រក​ព្រះអង្គ ហើយ​បើ​គេ​ខ្នះ‌ខ្នែង​រក​ព្រះអង្គ​មែន​នោះ គេ​ប្រហែល​ជា​នឹង​រក​ព្រះអង្គ​ឃើញ។ តាម​ពិត ព្រះ‌ជាម្ចាស់​មិន​គង់​នៅ​ឆ្ងាយ​ពី​យើង​ម្នាក់ៗ​ទេ ដ្បិត​យើង​មាន​ជីវិត មាន​ចលនា និង​មាន​ភាវៈ​ជា​មនុស្ស ដោយ‌សារ​ព្រះអង្គ។ អ្នក​កវី​ខ្លះ​របស់​អស់​លោក​តែង​ពោល​ថា៖ “យើង​ក៏​ជា​ពូជ​របស់​ព្រះអង្គ​ដែរ”។ ហេតុ​នេះ ប្រសិន​បើ​យើង​ពិត​ជា​ពូជ​របស់​ព្រះ‌ជាម្ចាស់​មែន យើង​មិន​ត្រូវ​គិត​ថា​ព្រះអង្គ​មាន​សណ្ឋាន​ដូច​រូប​សំណាក ធ្វើ​ពី​មាស ប្រាក់ ឬ​ថ្ម​ដែល​ជា​ក្បាច់​រចនា​កើត​ឡើង តាម​ការ​នឹក​ឃើញ​របស់​មនុស្ស​នោះ​ឡើយ។ ព្រះ‌ជាម្ចាស់​មិន​ប្រកាន់​ទោស​មនុស្ស​លោក ក្នុង​គ្រា​ដែល​គេ​មិន​ទាន់​ស្គាល់​ព្រះអង្គ​នៅ​សម័យ​មុនៗ​នោះ​ទេ តែ​ឥឡូវ​នេះ ព្រះអង្គ​ប្រទាន​ដំណឹង​ដល់​មនុស្ស​ទាំង​អស់​ដែល​រស់​នៅ​គ្រប់​ទី​កន្លែង ឲ្យ​គេ​កែ​ប្រែ​ចិត្ត​គំនិត ដ្បិត​ព្រះអង្គ​បាន​កំណត់​ថ្ងៃ​មួយ​ទុក ដើម្បី​វិនិច្ឆ័យ​ទោស​មនុស្ស តាម​សេចក្ដី​សុចរិត* ដោយ‌សារ​បុរស​ម្នាក់​ដែល​ព្រះអង្គ​បាន​តែង‌តាំង។ ព្រះអង្គ​បាន​ប្រោស​បុរស​នោះ​ឲ្យ​រស់​ឡើង​វិញ ទុក​ជា​ភស្ដុតាង​សម្រាប់​មនុស្ស​ទាំង​អស់»។ កាល​ពួក​គេ​បាន​ឮ​សូរ​ពាក្យ “រស់​ឡើង​វិញ” ដូច្នេះ អ្នក​ខ្លះ​ក៏​ចំអក​ឲ្យ អ្នក​ខ្លះ​ទៀត​ពោល​ថា៖ «ចាំ​លើក​ក្រោយ យើង​នឹង​ស្ដាប់​លោក​មាន​ប្រសាសន៍​អំពី​រឿង​នេះ​ទៀត»។ លោក​ប៉ូល​ក៏​ចាក​ចេញ​ពី​ចំណោម​ពួក​គេ។ ប៉ុន្តែ មាន​អ្នក​ខ្លះ​បាន​មក​ចូល​រួម​ជា​មួយ​លោក ហើយ​ជឿ។ ក្នុង​ចំណោម​អ្នក​ទាំង​នោះ មាន​លោក​ឌេវ‌នីស ជា​សមាជិក​សភា​ក្រុង នៅ​ទួល​អើរី‌យ៉ូស និង​មាន​ស្ត្រី​ម្នាក់​ឈ្មោះ​នាង​ដាម៉ា‌រីស ព្រម​ទាំង​អ្នក​ឯ​ទៀតៗ​ផង។

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ