លោកប៉ូល និងលោកស៊ីឡាស ធ្វើដំណើរកាត់ក្រុងអាំភីប៉ូលី និងក្រុងអប៉ុឡូនា ហើយទៅដល់ក្រុងថេស្សាឡូនិក។ នៅក្រុងនោះ មានសាលាប្រជុំ*មួយរបស់សាសន៍យូដា។ លោកប៉ូលបានចូលទៅសាលាប្រជុំតាមទម្លាប់របស់លោក ព្រមទាំងវែកញែកគម្ពីរជាមួយពួកគេរាល់ថ្ងៃសប្ប័ទ* ក្នុងអំឡុងបីសប្ដាហ៍។ លោកបរិយាយពន្យល់ប្រាប់គេថា ព្រះគ្រិស្តត្រូវតែរងទុក្ខវេទនា និងមានព្រះជន្មរស់ឡើងវិញ។ លោកមានប្រសាសន៍ថា៖ «ព្រះគ្រិស្ត គឺព្រះយេស៊ូដែលខ្ញុំបានជម្រាបបងប្អូននេះហើយ»។ ជនជាតិយូដាខ្លះយល់ស្របតាម ហើយចូលមករួបរួមជាមួយលោកប៉ូល និងលោកស៊ីឡាស។ មានជនជាតិក្រិកដ៏ច្រើនលើសលុប ដែលគោរពកោតខ្លាចព្រះជាម្ចាស់ និងមានស្ត្រីៗជាច្រើន ក្នុងចំណោមអ្នកធំក៏ចូលមករួបរួមដែរ។ រីឯជនជាតិយូដាវិញ គេមានចិត្តច្រណែន ហើយប្រមូលពួកពាលដែលនៅតាមផ្លូវ មកបំបះបំបោរប្រជាជន ឲ្យកើតចលាចលក្នុងក្រុង។ គេបានទៅផ្ទះលោកយ៉ាសូន ក្នុងគោលបំណងចាប់លោកប៉ូល និងលោកស៊ីឡាស យកទៅឲ្យប្រជាជនកាត់ទោស តែដោយគេរកលោកទាំងពីរមិនឃើញ គេក៏ចាប់លោកយ៉ាសូន និងបងប្អូនខ្លះទៀត អូសយកទៅជូនលោកអភិបាលក្រុង ទាំងស្រែកឡើងថា៖ «ពួកដែលបង្កឲ្យជ្រួលច្របល់ពេញពិភពលោកទាំងមូល បានមកដល់ទីនេះហើយ!។ យ៉ាសូនបានទទួលពួកគេឲ្យស្នាក់នៅផ្ទះគាត់! អ្នកទាំងនោះបានប្រព្រឹត្តខុសនឹងព្រះរាជក្រឹត្យរបស់ព្រះចៅអធិរាជ ដ្បិតពួកគេប្រកាសថា មានស្ដេចមួយអង្គទៀត នាមយេស៊ូ»។ ពាក្យនេះបានធ្វើឲ្យបណ្ដាជន និងលោកអភិបាលក្រុងខ្វល់ចិត្ត។ គេបានសុំឲ្យលោកយ៉ាសូន និងអ្នកឯទៀតៗបង់ប្រាក់ធានា ទើបគេសុខចិត្តដោះលែងឲ្យទៅវិញ។ ពួកបងប្អូនបានបណ្ដោះលោកប៉ូល និងលោកស៊ីឡាស ឲ្យចេញដំណើរទៅក្រុងបេរា នៅយប់នោះភ្លាម។ លុះទៅដល់ហើយ លោកទាំងពីរក៏ចូលទៅក្នុងសាលាប្រជុំ*របស់សាសន៍យូដា។ សាសន៍យូដានៅក្រុងនេះ មានសន្ដានចិត្តល្អជាងសាសន៍យូដានៅក្រុងថេស្សាឡូនិក គឺគេបានទទួលព្រះបន្ទូលដោយចិត្តស្មោះសរ ហើយពិនិត្យពិច័យមើលគម្ពីរជារៀងរាល់ថ្ងៃ ដើម្បីឲ្យដឹងថា សេចក្ដីដែលលោកប៉ូល និងលោកស៊ីឡាសមានប្រសាសន៍ប្រាប់គេ ពិតជាត្រឹមត្រូវមែន ឬយ៉ាងណា។ ក្នុងចំណោមពួកគេ មានច្រើននាក់បានជឿ ហើយមានស្ត្រីៗអ្នកមុខអ្នកការជាតិក្រិក និងមានបុរសជាច្រើនបានជឿដែរ។ ប៉ុន្តែ កាលសាសន៍យូដានៅក្រុងថេស្សាឡូនិកដឹងថា លោកប៉ូលផ្សព្វផ្សាយព្រះបន្ទូលរបស់ព្រះជាម្ចាស់នៅក្រុងបេរាដែរនោះ គេក៏នាំគ្នាមកបំបះបំបោរមហាជនឲ្យជ្រួលច្របល់ឡើង។ ឃើញដូច្នោះ ពួកបងប្អូនបាននាំលោកប៉ូលឆ្ពោះទៅមាត់សមុទ្រភ្លាម រីឯលោកស៊ីឡាស និងលោកធីម៉ូថេវិញ ស្នាក់នៅទីនោះដដែល។ ពួកអ្នកជូនដំណើរលោកប៉ូលបានមកជាមួយលោក រហូតដល់ក្រុងអាថែន ទើបត្រឡប់ទៅវិញ ទាំងនាំពាក្យផ្ដែផ្ដាំពីលោកប៉ូល ទៅជម្រាបលោកស៊ីឡាស និងលោកធីម៉ូថេ ឲ្យមកតាមលោកយ៉ាងប្រញាប់បំផុត។ ពេលលោកប៉ូលរង់ចាំលោកស៊ីឡាស និងលោកធីម៉ូថេ នៅក្រុងអាថែន លោកតឹងទ្រូងជាខ្លាំងដោយឃើញមានរូបសំណាកពាសពេញក្នុងក្រុងនេះ។
អាន កិច្ចការ 17
ស្ដាប់នូវ កិច្ចការ 17
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: កិច្ចការ 17:1-16
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ