កិច្ចការ 16:13-15

កិច្ចការ 16:13-15 គខប

នៅ​ថ្ងៃ​សប្ប័ទ* យើង​បាន​ចេញ​ទៅ​ខាង​ក្រៅ​ទ្វារ​ក្រុង សំដៅ​ទៅ​មាត់​ស្ទឹង​មួយ ដោយ​នឹក​គិត​ថា​នឹង​មាន​កន្លែង​អធិស្ឋាន*។ យើង​ក៏​នាំ​គ្នា​អង្គុយ ហើយ​និយាយ​ជា​មួយ​ពួក​ស្ត្រី​ដែល​មក​ជួប‌ជុំ​គ្នា​នៅ​ទី​នោះ។ មាន​ស្ត្រី​ម្នាក់​ដែល​គោរព​កោត​ខ្លាច​ព្រះ‌ជាម្ចាស់​ឈ្មោះ​លីឌា ជា​អ្នក​ស្រុក​ធាទេ‌រ៉ា និង​ជា​ឈ្មួញ​ក្រណាត់​ពណ៌​ក្រហម​ដ៏​មាន​តម្លៃ។ ពេល​នោះ នាង​ផ្ទៀង​ត្រចៀក​ស្ដាប់ ព្រះ‌អម្ចាស់​ក៏​បាន​បំភ្លឺ​ចិត្ត​គំនិត​នាង ឲ្យ​យក​ចិត្ត​ទុក​ដាក់​នឹង​សេចក្ដី​ដែល​លោក​ប៉ូល​មាន​ប្រសាសន៍។ បន្ទាប់​ពី​នាង​បាន​ទទួល​ពិធី​ជ្រមុជ​ទឹក​ជា​មួយ​ក្រុម​គ្រួសារ​របស់​នាង​រួច​ហើយ នាង​បាន​អញ្ជើញ​យើង​ទៅ​ស្នាក់​នៅ​ផ្ទះ​នាង ដោយ​ពោល​ថា៖ «បើ​លោក​យល់​ឃើញ​ថា នាង​ខ្ញុំ​ពិត​ជា​ជឿ​លើ​ព្រះ‌អម្ចាស់​មែន សូម​អញ្ជើញ​ទៅ​ស្នាក់​នៅ​ឯ​ផ្ទះ​របស់​នាង​ខ្ញុំ​ទៅ!»។ នាង​បាន​ទទូច​សុំ​ឲ្យ​យើង​យល់​ព្រម តាម​សេចក្ដី​អញ្ជើញ​របស់​នាង។