មានអ្នកខ្លះមកពីស្រុកយូដា នាំគ្នាប្រៀនប្រដៅពួកបងប្អូនថា៖ «ប្រសិនបើបងប្អូនមិនទទួលពិធីកាត់ស្បែក* តាមទំនៀមទម្លាប់របស់លោកម៉ូសេទេ បងប្អូនមិនអាចទទួលការសង្គ្រោះបានឡើយ»។ លោកប៉ូល និងលោកបារណាបាស បានប្រកែកជំទាស់នឹងអ្នកទាំងនោះ ព្រមទាំងជជែកវែកញែកជាមួយពួកគេយ៉ាងខ្លាំង។ ពួកបងប្អូនបានសម្រេចចិត្តចាត់លោកប៉ូល និងលោកបារណាបាស ឲ្យទៅក្រុងយេរូសាឡឹម ដោយមានបងប្អូនខ្លះទៀតទៅជាមួយផង ដើម្បីឲ្យទៅជម្រាបក្រុមសាវ័ក* និងក្រុមព្រឹទ្ធាចារ្យ*អំពីរឿងនេះ។ ក្រុមជំនុំ*បានជួយឧបត្ថម្ភពួកលោក ក្នុងការធ្វើដំណើរ។ លោកនាំគ្នាឆ្លងកាត់ស្រុកភេនីស ស្រុកសាម៉ារី ទាំងរៀបរាប់ប្រាប់ពួកបងប្អូនយ៉ាងក្បោះក្បាយថា សាសន៍ដទៃបានបែរចិត្តមករកព្រះជាម្ចាស់។ ដំណឹងនេះធ្វើឲ្យបងប្អូនគ្រប់ៗគ្នាមានអំណរសប្បាយយ៉ាងខ្លាំង។ កាលមកដល់ក្រុងយេរូសាឡឹមហើយ ក្រុមជំនុំ ក្រុមសាវ័ក* និងក្រុមព្រឹទ្ធាចារ្យនាំគ្នាទទួលពួកលោក។ ពួកលោកក៏ជម្រាបអំពីកិច្ចការទាំងប៉ុន្មាន ដែលព្រះជាម្ចាស់បានធ្វើជាមួយពួកលោក។ ពេលនោះ មានបងប្អូនខ្លះខាងគណៈផារីស៊ីដែលជឿព្រះអម្ចាស់ ក្រោកឈរឡើង ពោលថា ត្រូវតែធ្វើពិធីកាត់ស្បែកឲ្យសាសន៍ដទៃ ហើយត្រូវបង្គាប់គេឲ្យប្រតិបត្តិតាមវិន័យ*របស់លោកម៉ូសេដែរ។ ក្រុមសាវ័ក និងក្រុមព្រឹទ្ធាចារ្យ ក៏ប្រជុំគ្នា ដើម្បីពិនិត្យពិច័យមើលសំណុំរឿងនេះ។ ពេលនោះ មានការជជែកវែកញែកគ្នាយ៉ាងខ្លាំង ទើបលោកពេត្រុសក្រោកឈរឡើង ហើយមានប្រសាសន៍ថា៖ «បងប្អូនអើយ បងប្អូនជ្រាបស្រាប់ហើយថា ព្រះជាម្ចាស់បានជ្រើសរើសខ្ញុំ ក្នុងចំណោមបងប្អូនតាំងតែពីថ្ងៃដំបូងមកម៉្លេះ ដើម្បីឲ្យខ្ញុំផ្សព្វផ្សាយដំណឹងល្អ*ដល់សាសន៍ដទៃ ឲ្យគេបានឮ និងបានជឿដែរ។ ព្រះជាម្ចាស់ដែលឈ្វេងយល់ចិត្តគំនិតរបស់មនុស្ស ព្រះអង្គបានបញ្ជាក់ថា ព្រះអង្គយល់ព្រមទទួល ពួកគេ ដោយប្រទានព្រះវិញ្ញាណដ៏វិសុទ្ធ*ឲ្យគេ ដូចព្រះអង្គបានប្រទានមកយើងដែរ។ ព្រះអង្គមិនចាត់ទុកពួកគេផ្សេងពីពួកយើងឡើយ គឺព្រះអង្គបានសម្អាតចិត្តគេឲ្យបានបរិសុទ្ធ* ដោយជំនឿ។ ឥឡូវនេះ ហេតុដូចម្ដេចបានជាបងប្អូនជំទាស់ នឹងព្រះជាម្ចាស់ដូច្នេះ? នឹម ដែលបុព្វបុរសរបស់យើង និងខ្លួនយើងផ្ទាល់ មិនអាចទ្រាំទ្របានផងនោះ ម្ដេចក៏បងប្អូនចង់យកទៅដាក់លើពួកសិស្សដែរ! ទេ មិនបានទេ! ដ្បិតយើងជឿថា ទាំងសាសន៍យើង ទាំងសាសន៍គេ បានទទួលការសង្គ្រោះ ដោយសារព្រះគុណរបស់ព្រះអម្ចាស់យេស៊ូ»។ ពេលនោះ អង្គប្រជុំទាំងមូលនៅស្ងៀមស្ងាត់ ស្ដាប់លោកប៉ូល និងលោកបារណាបាស មានប្រសាសន៍រៀបរាប់អំពីទីសម្គាល់ដ៏អស្ចារ្យ និងឫទ្ធិបាដិហារិយ៍ ដែលព្រះជាម្ចាស់បានសម្តែង នៅក្នុងចំណោមសាសន៍ដទៃតាមរយៈលោក។ លុះលោកទាំងពីរមានប្រសាសន៍ចប់ហើយ លោកយ៉ាកុបក៏មានប្រសាសន៍ឡើងថា៖ «បងប្អូនអើយ សូមស្ដាប់ខ្ញុំ! លោកស៊ីម៉ូនបានរៀបរាប់ថា កាលពីដើមដំបូង ព្រះជាម្ចាស់សព្វព្រះហឫទ័យជ្រើសរើសប្រជារាស្ដ្រមួយ ពីចំណោមជាតិសាសន៍នានាឲ្យធ្វើជាប្រជារាស្ដ្ររបស់ព្រះអង្គផ្ទាល់។ រីឯព្រះបន្ទូលដែលពួកព្យាការី*បានថ្លែង ក៏ស្របនឹងសេចក្ដីនេះដែរ ដូចមានចែងទុកមកថា៖ លុះក្រោយមក យើងនឹងវិលត្រឡប់មកវិញ យើងនឹងលើកពន្លារបស់ដាវីឌ ដែលរលំទៅនោះឡើងវិញ យើងនឹងសង់ដំណាក់ដែលបាក់បែកខ្ទេចខ្ទី ឡើងវិញ ពេលនោះ មនុស្សម្នាដែលនៅសល់ នឹងស្វែងរកព្រះអម្ចាស់ ហើយជាតិសាសន៍នានាដែលជាប្រជារាស្ត្រ របស់យើង ក៏នឹងស្វែងរកយើងដែរ។ នេះជាព្រះបន្ទូលរបស់ព្រះជាម្ចាស់ ដែល សម្តែងការទាំងនេះឲ្យមនុស្សលោកស្គាល់ តាំងពីយូរអង្វែងរៀងមក។ ហេតុនេះហើយបានជាខ្ញុំយល់ឃើញថា មិនគួរធ្វើឲ្យមានឧបសគ្គដល់សាសន៍ដទៃ ដែលបានបែរចិត្តវិលមករកព្រះជាម្ចាស់វិញនោះឡើយ ប៉ុន្តែ គួរយើងសរសេរសំបុត្រទៅប្រាប់គេ កុំឲ្យបរិភោគម្ហូបអាហារដែលបានសែនរូបសំណាក គឺជាម្ហូបអាហារសៅហ្មងនោះជាដាច់ខាត កុំឲ្យរួមរស់ជាមួយគ្នាដោយមិនរៀបការ កុំឲ្យបរិភោគសាច់សត្វដែលគេសម្លាប់ដោយច្របាច់-ក និងកុំឲ្យបរិភោគឈាម ដ្បិតតាំងពីសម័យដើមរៀងមក នៅតាមក្រុងនីមួយៗ គេតែងប្រកាសវិន័យ*របស់លោកម៉ូសេ ដោយអានគម្ពីររបស់លោករៀងរាល់ថ្ងៃសប្ប័ទ* នៅក្នុងសាលាប្រជុំ*»។
អាន កិច្ចការ 15
ស្ដាប់នូវ កិច្ចការ 15
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: កិច្ចការ 15:1-21
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ