កិច្ចការ 15:1-21

កិច្ចការ 15:1-21 គខប

មាន​អ្នក​ខ្លះ​មក​ពី​ស្រុក​យូដា នាំ​គ្នា​ប្រៀន‌ប្រដៅ​ពួក​បងប្អូន​ថា៖ «ប្រសិន​បើ​បងប្អូន​មិន​ទទួល​ពិធី​កាត់​ស្បែក* តាម​ទំនៀម‌ទម្លាប់​របស់​លោក​ម៉ូសេ​ទេ បងប្អូន​មិន​អាច​ទទួល​ការ​សង្គ្រោះ​បាន​ឡើយ»។ លោក​ប៉ូល និង​លោក​បារណា‌បាស បាន​ប្រកែក​ជំទាស់​នឹង​អ្នក​ទាំង​នោះ ព្រម​ទាំង​ជជែក​វែក‌ញែក​ជា​មួយ​ពួក​គេ​យ៉ាង​ខ្លាំង។ ពួក​បងប្អូន​បាន​សម្រេច​ចិត្ត​ចាត់​លោក​ប៉ូល និង​លោក​បារណា‌បាស ឲ្យ​ទៅ​ក្រុង​យេរូ‌សាឡឹម ដោយ​មាន​បងប្អូន​ខ្លះ​ទៀត​ទៅ​ជា​មួយ​ផង ដើម្បី​ឲ្យ​ទៅ​ជម្រាប​ក្រុម​សាវ័ក* និង​ក្រុម​ព្រឹទ្ធា‌ចារ្យ*​អំពី​រឿង​នេះ។ ក្រុម‌ជំនុំ*​បាន​ជួយ​ឧបត្ថម្ភ​ពួក​លោក ក្នុង​ការ​ធ្វើ​ដំណើរ។ លោក​នាំ​គ្នា​ឆ្លង​កាត់​ស្រុក​ភេនីស ស្រុក​សាម៉ារី ទាំង​រៀប​រាប់​ប្រាប់​ពួក​បងប្អូន​យ៉ាង​ក្បោះ‌ក្បាយ​ថា សាសន៍​ដទៃ​បាន​បែរ​ចិត្ត​មក​រក​ព្រះ‌ជាម្ចាស់។ ដំណឹង​នេះ​ធ្វើ​ឲ្យ​បងប្អូន​គ្រប់ៗ​គ្នា​មាន​អំណរ​សប្បាយ​យ៉ាង​ខ្លាំង។ កាល​មក​ដល់​ក្រុង​យេរូ‌សាឡឹម​ហើយ ក្រុម‌ជំនុំ ក្រុម​សាវ័ក* និង​ក្រុម​ព្រឹទ្ធា‌ចារ្យ​នាំ​គ្នា​ទទួល​ពួក​លោក។ ពួក​លោក​ក៏​ជម្រាប​អំពី​កិច្ចការ​ទាំង​ប៉ុន្មាន ដែល​ព្រះ‌ជាម្ចាស់​បាន​ធ្វើ​ជា​មួយ​ពួក​លោក។ ពេល​នោះ មាន​បងប្អូន​ខ្លះ​ខាង​គណៈ‌ផារីស៊ី​ដែល​ជឿ​ព្រះ‌អម្ចាស់ ក្រោក​ឈរ​ឡើង ពោល​ថា ត្រូវ​តែ​ធ្វើ​ពិធី​កាត់​ស្បែក​ឲ្យ​សាសន៍​ដទៃ ហើយ​ត្រូវ​បង្គាប់​គេ​ឲ្យ​ប្រតិបត្តិ​តាម​វិន័យ*​របស់​លោក​ម៉ូសេ​ដែរ។ ក្រុម​សាវ័ក និង​ក្រុម​ព្រឹទ្ធា‌ចារ្យ ក៏​ប្រជុំ​គ្នា ដើម្បី​ពិនិត្យ‌ពិច័យ​មើល​សំណុំ​រឿង​នេះ។ ពេល​នោះ មាន​ការ​ជជែក​វែក​ញែក​គ្នា​យ៉ាង​ខ្លាំង ទើប​លោក​ពេត្រុស​ក្រោក​ឈរ​ឡើង ហើយ​មាន​ប្រសាសន៍​ថា៖ «បងប្អូន​អើយ បងប្អូន​ជ្រាប​ស្រាប់​ហើយ​ថា ព្រះ‌ជាម្ចាស់​បាន​ជ្រើស​រើស​ខ្ញុំ ក្នុង​ចំណោម​បងប្អូន​តាំង​តែ​ពី​ថ្ងៃ​ដំបូង​មក​ម៉្លេះ ដើម្បី​ឲ្យ​ខ្ញុំ​ផ្សព្វ‌ផ្សាយ​ដំណឹង‌ល្អ*​ដល់​សាសន៍​ដទៃ ឲ្យ​គេ​បាន​ឮ និង​បាន​ជឿ​ដែរ។ ព្រះ‌ជាម្ចាស់​ដែល​ឈ្វេង​យល់​ចិត្ត​គំនិត​របស់​មនុស្ស ព្រះអង្គ​បាន​បញ្ជាក់​ថា ព្រះអង្គ​យល់​ព្រម​ទទួល ពួក​គេ ដោយ​ប្រទាន​ព្រះ‌វិញ្ញាណ​ដ៏វិសុទ្ធ*​ឲ្យ​គេ ដូច​ព្រះអង្គ​បាន​ប្រទាន​មក​យើង​ដែរ។ ព្រះអង្គ​មិន​ចាត់​ទុក​ពួក​គេ​ផ្សេង​ពី​ពួក​យើង​ឡើយ គឺ​ព្រះអង្គ​បាន​សម្អាត​ចិត្ត​គេ​ឲ្យ​បាន​បរិសុទ្ធ* ដោយ​ជំនឿ។ ឥឡូវ​នេះ ហេតុ​ដូច​ម្ដេច​បាន​ជា​បងប្អូន​ជំទាស់ នឹង​ព្រះ‌ជាម្ចាស់​ដូច្នេះ? នឹម ដែល​បុព្វបុរស​របស់​យើង និង​ខ្លួន​យើង​ផ្ទាល់ មិន​អាច​ទ្រាំ‌ទ្រ​បាន​ផង​នោះ ម្ដេច​ក៏​បងប្អូន​ចង់​យក​ទៅ​ដាក់​លើ​ពួក​សិស្ស​ដែរ! ទេ មិន​បាន​ទេ! ដ្បិត​យើង​ជឿ​ថា ទាំង​សាសន៍​យើង ទាំង​សាសន៍​គេ បាន​ទទួល​ការ​សង្គ្រោះ ដោយ‌សារ​ព្រះ‌គុណ​របស់​ព្រះ‌អម្ចាស់‌យេស៊ូ»។ ពេល​នោះ អង្គ​ប្រជុំ​ទាំង​មូល​នៅ​ស្ងៀម​ស្ងាត់ ស្ដាប់​លោក​ប៉ូល និង​លោក​បារណា‌បាស មាន​ប្រសាសន៍​រៀប​រាប់​អំពី​ទី​សម្គាល់​ដ៏​អស្ចារ្យ និង​ឫទ្ធិ‌បាដិ‌ហារិយ៍ ដែល​ព្រះ‌ជាម្ចាស់​បាន​សម្តែង នៅ​ក្នុង​ចំណោម​សាសន៍​ដទៃ​តាម​រយៈ​លោក។ លុះ​លោក​ទាំង​ពីរ​មាន​ប្រសាសន៍​ចប់​ហើយ លោក​យ៉ាកុប​ក៏​មាន​ប្រសាសន៍​ឡើង​ថា៖ «បងប្អូន​អើយ សូម​ស្ដាប់​ខ្ញុំ! លោក​ស៊ីម៉ូន​បាន​រៀប​រាប់​ថា កាល​ពី​ដើម​ដំបូង ព្រះ‌ជាម្ចាស់​សព្វ​ព្រះ‌ហឫទ័យ​ជ្រើស​រើស​ប្រជា‌រាស្ដ្រ​មួយ ពី​ចំណោម​ជាតិ​សាសន៍​នានា​ឲ្យ​ធ្វើ​ជា​ប្រជា‌រាស្ដ្រ​របស់​ព្រះអង្គ​ផ្ទាល់។ រីឯ​ព្រះ‌បន្ទូល​ដែល​ពួក​ព្យាការី*​បាន​ថ្លែង ក៏​ស្រប​នឹង​សេចក្ដី​នេះ​ដែរ ដូច​មាន​ចែង​ទុក​មក​ថា៖ លុះ​ក្រោយ​មក យើង​នឹង​វិល​ត្រឡប់​មក​វិញ យើង​នឹង​លើក​ពន្លា​របស់​ដាវីឌ ដែល​រលំ​ទៅ​នោះ​ឡើង​វិញ យើង​នឹង​សង់​ដំណាក់​ដែល​បាក់​បែក​ខ្ទេច‌ខ្ទី ឡើង​វិញ ពេល​នោះ មនុស្ស‌ម្នា​ដែល​នៅ​សល់ នឹង​ស្វែង​រក​ព្រះ‌អម្ចាស់ ហើយ​ជាតិ​សាសន៍​នានា​ដែល​ជា​ប្រជា‌រាស្ត្រ របស់​យើង ក៏​នឹង​ស្វែង​រក​យើង​ដែរ។ នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌ជាម្ចាស់ ដែល សម្តែង​ការ​ទាំង​នេះ​ឲ្យ​មនុស្ស​លោក​ស្គាល់ តាំង​ពី​យូរ​អង្វែង​រៀង​មក។ ហេតុ​នេះ​ហើយ​បាន​ជា​ខ្ញុំ​យល់​ឃើញ​ថា មិន​គួរ​ធ្វើ​ឲ្យ​មាន​ឧបសគ្គ​ដល់​សាសន៍​ដទៃ ដែល​បាន​បែរ​ចិត្ត​វិល​មក​រក​ព្រះ‌ជាម្ចាស់​វិញ​នោះ​ឡើយ ប៉ុន្តែ គួរ​យើង​សរសេរ​សំបុត្រ​ទៅ​ប្រាប់​គេ កុំ​ឲ្យ​បរិភោគ​ម្ហូប​អាហារ​ដែល​បាន​សែន​រូប​សំណាក គឺ​ជា​ម្ហូប​អាហារ​សៅ‌ហ្មង​នោះ​ជា​ដាច់​ខាត កុំ​ឲ្យ​រួម​រស់​ជា​មួយ​គ្នា​ដោយ​មិន​រៀបការ កុំ​ឲ្យ​បរិភោគ​សាច់​សត្វ​ដែល​គេ​សម្លាប់​ដោយ​ច្របាច់-ក និង​កុំ​ឲ្យ​បរិភោគ​ឈាម ដ្បិត​តាំង​ពី​សម័យ​ដើម​រៀង​មក នៅ​តាម​ក្រុង​នីមួយៗ គេ​តែង​ប្រកាស​វិន័យ*​របស់​លោក​ម៉ូសេ ដោយ​អាន​គម្ពីរ​របស់​លោក​រៀង​រាល់​ថ្ងៃ​សប្ប័ទ* នៅ​ក្នុង​សាលា​ប្រជុំ*»។

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ