ក្នុងក្រុមជំនុំនៅក្រុងអន់ទីយ៉ូក មានព្យាការី* និងគ្រូអាចារ្យ* គឺមានលោកបារណាបាស លោកស៊ីម្មានហៅនីគើរ លោកលូគាសជាអ្នកស្រុកគីរេន លោកម៉ាណាអេន ដែលត្រូវគេចិញ្ចឹមជាមួយព្រះបាទហេរ៉ូដជាស្ដេចអនុរាជ* កាលនៅពីក្មេង និងលោកសូល។ នៅពេលដែលអ្នកទាំងនោះកំពុងតែធ្វើពិធីថ្វាយបង្គំព្រះអម្ចាស់ និងតមអាហារ ព្រះវិញ្ញាណដ៏វិសុទ្ធមានព្រះបន្ទូលថា៖ «ចូរញែកបារណាបាស និងសូលចេញដោយឡែក ដ្បិតយើងបានហៅអ្នកទាំងពីរមក ឲ្យបំពេញកិច្ចការដែលយើងនឹងដាក់ឲ្យធ្វើ»។ ក្រោយពីបាននាំគ្នាតមអាហារ និងអធិស្ឋាន*រួចហើយ គេបានដាក់ដៃ*លើលោកទាំងពីរ ហើយឲ្យលោកចេញទៅ។ លោកបារណាបាស និងលោកសូល ដែលព្រះវិញ្ញាណដ៏វិសុទ្ធ*បានចាត់ឲ្យទៅនោះ បានធ្វើដំណើរទៅដល់ក្រុងសេលើស៊ា ហើយចុះសំពៅទៅកោះគីប្រុស។ ពេលទៅដល់ក្រុងសាឡាមីន លោកទាំងពីរបានប្រកាសព្រះបន្ទូលព្រះជាម្ចាស់ នៅក្នុងសាលាប្រជុំ*របស់ជនជាតិយូដា ដោយមានលោកយ៉ូហាន ជួយផង។ បន្ទាប់មក លោកបាននាំគ្នាធ្វើដំណើរកាត់កោះនោះ រហូតទៅដល់ក្រុងប៉ាផូស។ នៅក្រុងនោះ លោកបានជួបគ្រូមន្តអាគមជាតិយូដាម្នាក់ឈ្មោះ បារយេស៊ូ ជាព្យាការីក្លែងក្លាយ គាត់រស់នៅជាមួយលោកស៊ើគាស-ប៉ូឡូស ដែលជារាជប្រតិភូរបស់ព្រះចៅអធិរាជរ៉ូម៉ាំង ហើយដែលជាមនុស្សមានប្រាជ្ញា។ លោកប្រតិភូចាត់គេឲ្យទៅអញ្ជើញលោកបារណាបាស និងលោកសូលមក ព្រោះលោកមានបំណងចង់ស្ដាប់ព្រះបន្ទូលរបស់ព្រះជាម្ចាស់។ ប៉ុន្តែ អេលីម៉ាស (ភាសាក្រិក ប្រែថាគ្រូមន្តអាគម) ចេះតែប្រឆាំងនឹងលោកទាំងពីរ ហើយរកមធ្យោបាយពង្វាងលោកប្រតិភូ ឲ្យងាកចេញពីជំនឿ។ ពេលនោះ លោកសូល ដែលហៅថាប៉ូល បានពោរពេញដោយព្រះវិញ្ញាណដ៏វិសុទ្ធ លោកសម្លឹងមើលទៅអេលីម៉ាស ហើយមានប្រសាសន៍ថា៖ «នែ៎! ជនពោរពេញទៅដោយពុតត្បុត និងល្បិចកិច្ចកលអើយ! អ្នកជាកូនរបស់មារ* អ្នកជាសត្រូវនឹងអំពើសុចរិតគ្រប់យ៉ាង តើអ្នកនៅតែពង្វាងគេឲ្យងាកចេញពីមាគ៌ាដ៏ត្រឹមត្រូវរបស់ព្រះអម្ចាស់ដល់ណាទៀត!។ ឥឡូវនេះ ព្រះបារមីរបស់ព្រះអម្ចាស់នឹងធ្វើឲ្យអ្នកខ្វាក់ភ្នែក លែងឃើញពន្លឺថ្ងៃអស់មួយរយៈ»។ រំពេចនោះ ស្រាប់តែភ្នែករបស់គាត់ងងឹតមើលអ្វីពុំឃើញ។ គាត់ដើរស្ទាបៗ វិលវល់ រកគេជួយដឹកដៃ។ កាលលោកប្រតិភូឃើញហេតុការណ៍កើតឡើងដូច្នេះ លោកក៏ជឿ ហើយស្ញប់ស្ញែងនឹងសេចក្ដីដែលគេបង្រៀនអំពីព្រះអម្ចាស់ខ្លាំងណាស់។
អាន កិច្ចការ 13
ស្ដាប់នូវ កិច្ចការ 13
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: កិច្ចការ 13:1-12
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ