កិច្ចការ 11:19-30

កិច្ចការ 11:19-30 គខប

ក្រោយ​ពី​ជន‌ជាតិ​យូដា​បាន​សម្លាប់​លោក​ស្ទេផាន​ហើយ ពួក​គេ​ក៏​បៀត‌បៀន​អ្នក​ជឿ ធ្វើ​ឲ្យ​អ្នក​ទាំង​នោះ​ខ្ចាត់‌ខ្ចាយ អ្នក​ខ្លះ​ទៅ​ដល់​ស្រុក​ភេនីស អ្នក​ខ្លះ​ទៅ​ដល់​កោះ​គីប្រុស និង​អ្នក​ខ្លះ​ទៀត​ទៅ​ដល់​ក្រុង​អន់‌ទី‌យ៉ូក។ អ្នក​ជឿ​ទាំង​នោះ​ពុំ​បាន​ប្រកាស​ព្រះ‌បន្ទូល​ប្រាប់​នរណា​ផ្សេង​ទៀត ក្រៅ​ពី​សាសន៍​យូដា​ឡើយ។ ប៉ុន្តែ មាន​អ្នក​ជឿ​ខ្លះ​ពី​កោះ​គីប្រុស និង​ពី​ស្រុក​គីរេន​មក​ដល់​ក្រុង​អន់‌ទី‌យ៉ូក ហើយ​ផ្សព្វ‌ផ្សាយ​ដំណឹង‌ល្អ*​ស្ដី​អំពី​ព្រះ‌អម្ចាស់‌យេស៊ូ ប្រាប់​ពួក​អ្នក​ដែល​និយាយ​ភាសា​ក្រិក។ ព្រះ‌អម្ចាស់​បាន​ជួយ​ជ្រោម‌ជ្រែង​គេ ហើយ​មាន​មនុស្ស​ដ៏​ច្រើន​លើស‌លុប​បាន​ជឿ ព្រម​ទាំង​បែរ​ចិត្ត​គំនិត​មក​រក​ព្រះ‌អម្ចាស់​ផង។ ក្រុម‌ជំនុំ*​នៅ​ក្រុង​យេរូ‌សាឡឹម​បាន​ឮ​ដំណឹង​នេះ ក៏​ចាត់​លោក​បារណា‌បាស​ឲ្យ​ទៅ​ក្រុង​អន់‌ទី‌យ៉ូក។ ពេល​គាត់​ទៅ​ដល់ ហើយ​ឃើញ​ព្រះ‌គុណ​របស់​ព្រះ‌ជាម្ចាស់​ដូច្នេះ គាត់​ត្រេក​អរ​សប្បាយ។ គាត់​ទូន្មាន​គេ​ទាំង​អស់​គ្នា​ឲ្យ​ប្ដេជ្ញា​ចិត្ត​នៅ​ស្មោះ​ត្រង់​នឹង​ព្រះ‌អម្ចាស់​ជានិច្ច។ លោក​បារណា‌បាស​ជា​មនុស្ស​ម្នាក់​មាន​ចិត្ត​សប្បុរស ពោរ‌ពេញ​ដោយ​ព្រះ‌វិញ្ញាណ​ដ៏វិសុទ្ធ និង​ដោយ​ជំនឿ។ ពេល​នោះ មាន​បណ្ដា‌ជន​ជា​ច្រើន​បាន​មក​ចូល​រួម​ជា​មួយ​ព្រះ‌អម្ចាស់។ បន្ទាប់​មក​ទៀត លោក​បារណា‌បាស​ចេញ​ដំណើរ​ទៅ​រក​លោក​សូល នៅ​ក្រុង​តើសុស។ កាល​បាន​ជួប​ហើយ គាត់​ក៏​នាំ​លោក​មក​ក្រុង​អន់‌ទី‌យ៉ូក។ លោក​ទាំង​ពីរ​បាន​រស់​នៅ​ជា​មួយ​ក្រុម‌ជំនុំ អស់​រយៈ​ពេល​មួយ​ឆ្នាំ ហើយ​បង្រៀន​បណ្ដា‌ជន​ជា​ច្រើន​ផង។ នៅ​ក្រុង​អន់‌ទី‌យ៉ូក​នោះ​ហើយ ដែល​គេ​ហៅ​ពួក​សិស្ស* ជា​លើក​ទី​មួយ​ថា «គ្រិស្ត‌បរិស័ទ» ។ នៅ​គ្រា​នោះ មាន​ពួក​ព្យាការី*​ធ្វើ​ដំណើរ​ចុះ​ពី​ក្រុង​យេរូ‌សាឡឹម មក​ដល់​ក្រុង​អន់‌ទី‌យ៉ូក។ ក្នុង​ចំណោម​ព្យាការី​ទាំង​នោះ មាន​ម្នាក់​ឈ្មោះ​អកា‌ប៊ូស។ ដោយ​ព្រះ‌វិញ្ញាណ​បាន​បំភ្លឺ គាត់​ក្រោក​ឡើង​ប្រាប់​ពួក​អ្នក​ជឿ​ឲ្យ​ដឹង​ថា បន្ដិច​ទៀត​នឹង​មាន​កើត​ទុរ្ភិក្ស​នៅ​លើ​ផែនដី​ទាំង​មូល (ទុរ្ភិក្ស​នោះ​ក៏​កើត​មាន​មែន គឺ​នៅ​ក្នុង​រជ្ជ‌កាល​ព្រះចៅ​អធិ‌រាជ​ក្លូឌាស )។ ពួក​សិស្ស*​នាំ​គ្នា​សម្រេច​ចិត្ត​ផ្ញើ​ជំនួយ តាម​សមត្ថ‌ភាព​រៀងៗ​ខ្លួន ទៅ​ជូន​បងប្អូន​នៅ​ស្រុក​យូដា។ គេ​បាន​ប្រមូល​ប្រាក់ ហើយ​ផ្ញើ​តាម​លោក​បារណា‌បាស និង​លោក​សូល​យក​ទៅ​ជូន​ពួក​ព្រឹទ្ធា‌ចារ្យ*។