កិច្ចការ 11:19-26

កិច្ចការ 11:19-26 គខប

ក្រោយ​ពី​ជន‌ជាតិ​យូដា​បាន​សម្លាប់​លោក​ស្ទេផាន​ហើយ ពួក​គេ​ក៏​បៀត‌បៀន​អ្នក​ជឿ ធ្វើ​ឲ្យ​អ្នក​ទាំង​នោះ​ខ្ចាត់‌ខ្ចាយ អ្នក​ខ្លះ​ទៅ​ដល់​ស្រុក​ភេនីស អ្នក​ខ្លះ​ទៅ​ដល់​កោះ​គីប្រុស និង​អ្នក​ខ្លះ​ទៀត​ទៅ​ដល់​ក្រុង​អន់‌ទី‌យ៉ូក។ អ្នក​ជឿ​ទាំង​នោះ​ពុំ​បាន​ប្រកាស​ព្រះ‌បន្ទូល​ប្រាប់​នរណា​ផ្សេង​ទៀត ក្រៅ​ពី​សាសន៍​យូដា​ឡើយ។ ប៉ុន្តែ មាន​អ្នក​ជឿ​ខ្លះ​ពី​កោះ​គីប្រុស និង​ពី​ស្រុក​គីរេន​មក​ដល់​ក្រុង​អន់‌ទី‌យ៉ូក ហើយ​ផ្សព្វ‌ផ្សាយ​ដំណឹង‌ល្អ*​ស្ដី​អំពី​ព្រះ‌អម្ចាស់‌យេស៊ូ ប្រាប់​ពួក​អ្នក​ដែល​និយាយ​ភាសា​ក្រិក។ ព្រះ‌អម្ចាស់​បាន​ជួយ​ជ្រោម‌ជ្រែង​គេ ហើយ​មាន​មនុស្ស​ដ៏​ច្រើន​លើស‌លុប​បាន​ជឿ ព្រម​ទាំង​បែរ​ចិត្ត​គំនិត​មក​រក​ព្រះ‌អម្ចាស់​ផង។ ក្រុម‌ជំនុំ*​នៅ​ក្រុង​យេរូ‌សាឡឹម​បាន​ឮ​ដំណឹង​នេះ ក៏​ចាត់​លោក​បារណា‌បាស​ឲ្យ​ទៅ​ក្រុង​អន់‌ទី‌យ៉ូក។ ពេល​គាត់​ទៅ​ដល់ ហើយ​ឃើញ​ព្រះ‌គុណ​របស់​ព្រះ‌ជាម្ចាស់​ដូច្នេះ គាត់​ត្រេក​អរ​សប្បាយ។ គាត់​ទូន្មាន​គេ​ទាំង​អស់​គ្នា​ឲ្យ​ប្ដេជ្ញា​ចិត្ត​នៅ​ស្មោះ​ត្រង់​នឹង​ព្រះ‌អម្ចាស់​ជានិច្ច។ លោក​បារណា‌បាស​ជា​មនុស្ស​ម្នាក់​មាន​ចិត្ត​សប្បុរស ពោរ‌ពេញ​ដោយ​ព្រះ‌វិញ្ញាណ​ដ៏វិសុទ្ធ និង​ដោយ​ជំនឿ។ ពេល​នោះ មាន​បណ្ដា‌ជន​ជា​ច្រើន​បាន​មក​ចូល​រួម​ជា​មួយ​ព្រះ‌អម្ចាស់។ បន្ទាប់​មក​ទៀត លោក​បារណា‌បាស​ចេញ​ដំណើរ​ទៅ​រក​លោក​សូល នៅ​ក្រុង​តើសុស។ កាល​បាន​ជួប​ហើយ គាត់​ក៏​នាំ​លោក​មក​ក្រុង​អន់‌ទី‌យ៉ូក។ លោក​ទាំង​ពីរ​បាន​រស់​នៅ​ជា​មួយ​ក្រុម‌ជំនុំ អស់​រយៈ​ពេល​មួយ​ឆ្នាំ ហើយ​បង្រៀន​បណ្ដា‌ជន​ជា​ច្រើន​ផង។ នៅ​ក្រុង​អន់‌ទី‌យ៉ូក​នោះ​ហើយ ដែល​គេ​ហៅ​ពួក​សិស្ស* ជា​លើក​ទី​មួយ​ថា «គ្រិស្ត‌បរិស័ទ» ។

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ