ក្រុមសាវ័ក* និងបងប្អូននៅស្រុកយូដា ឮដំណឹងថា សាសន៍ដទៃបានទទួលព្រះបន្ទូលរបស់ព្រះជាម្ចាស់ដែរ។ កាលលោកពេត្រុសឡើងទៅដល់ក្រុងយេរូសាឡឹមវិញ អ្នកជឿដែលជាសាសន៍យូដា នាំគ្នារិះគន់លោកថា៖ «លោកបានចូលក្នុងផ្ទះសាសន៍ដទៃ ហើយក៏បានបរិភោគជាមួយពួកគេថែមទៀតផង!»។ លោកពេត្រុសក៏រៀបរាប់ប្រាប់គេយ៉ាងក្បោះក្បាយថា៖ «កាលខ្ញុំនៅក្រុងយ៉ុបប៉េ ក្នុងពេលអធិស្ឋាន* ខ្ញុំលង់ស្មារតី និមិត្តឃើញវត្ថុម្យ៉ាងដូចកម្រាលតុមួយយ៉ាងធំ ដែលមានចងចុងជាយទាំងបួនជ្រុង ចុះពីលើមកដល់ខ្ញុំ។ ពេលខ្ញុំពិនិត្យយ៉ាងដិតដល់ទៅ ខ្ញុំឃើញមានសត្វចតុប្បាទ សត្វព្រៃ សត្វលូនវារ និងបក្សាបក្សី។ ខ្ញុំក៏បានឮព្រះសូរសៀងបញ្ជាមកខ្ញុំថា: “ពេត្រុសអើយ! ចូរសម្លាប់សត្វទាំងនេះបរិភោគទៅ!”។ ប៉ុន្តែ ខ្ញុំទូលទៅវិញថា: “ទេ ព្រះអម្ចាស់ ទូលបង្គំពុំដែលទទួលទានអ្វីដែលវិន័យ*ហាមឃាត់ ឬមិនបរិសុទ្ធ*ទាល់តែសោះ”។ ព្រះសូរសៀងនោះក៏បន្លឺចុះពីលើមេឃមកជាលើកទីពីរថា: “អ្វីៗដែលព្រះជាម្ចាស់បានប្រោសឲ្យបរិសុទ្ធហើយ ចូរកុំចាត់ទុកថាវិន័យហាមឃាត់នោះឡើយ!”។ ហេតុការណ៍នេះបានកើតមានដល់ទៅបីដង ទើបវត្ថុនោះឡើងទៅលើមេឃវិញអស់។ ពេលនោះ ស្រាប់តែមានបុរសបីនាក់ ដែលគេចាត់ពីក្រុងសេសារាឲ្យមករកខ្ញុំ បានមកដល់ផ្ទះដែលយើងស្នាក់នៅ។ ព្រះវិញ្ញាណមានព្រះបន្ទូលប្រាប់ខ្ញុំឲ្យចេញដំណើរទៅជាមួយគេ កុំរារែកឡើយ។ ពេលនោះ មានបងប្អូនប្រាំមួយនាក់បានជូនដំណើរខ្ញុំទៅដែរ ហើយយើងបានទៅដល់ផ្ទះលោកកូនេលាស។ លោកបានរៀបរាប់ប្រាប់យើងថា លោកបានឃើញទេវតាមកជួបលោកនៅក្នុងផ្ទះ ទាំងពោលថា: “សុំលោកចាត់មនុស្សឲ្យទៅក្រុងយ៉ុបប៉េ រកម្នាក់ឈ្មោះស៊ីម៉ូនហៅពេត្រុស គាត់នឹងប្រកាសព្រះបន្ទូលដែលផ្ដល់ការសង្គ្រោះឲ្យលោក និងក្រុមគ្រួសាររបស់លោកទាំងមូល”។ នៅពេលខ្ញុំចាប់ផ្ដើមនិយាយ ព្រះវិញ្ញាណដ៏វិសុទ្ធក៏យាងចុះមកសណ្ឋិតលើពួកគេ ដូចព្រះអង្គបានយាងចុះមកសណ្ឋិតលើយើង កាលពីដើមដំបូងនោះដែរ។ ពេលនោះ ខ្ញុំក៏នឹកឃើញព្រះបន្ទូលរបស់ព្រះអម្ចាស់ថា “លោកយ៉ូហានបានធ្វើពិធីជ្រមុជឲ្យគេក្នុងទឹក រីឯអ្នករាល់គ្នាវិញ អ្នករាល់គ្នានឹងទទួលពិធីជ្រមុជក្នុងព្រះវិញ្ញាណដ៏វិសុទ្ធ”។ ប្រសិនបើព្រះជាម្ចាស់ប្រទានព្រះអំណោយទានដល់គេ ដូចព្រះអង្គប្រទានមកយើង ដែលជឿលើព្រះអម្ចាស់យេស៊ូគ្រិស្តដែរនោះ តើរូបខ្ញុំនេះមានអំណាចអ្វីនឹងឃាត់ឃាំងព្រះជាម្ចាស់បាន?»។ កាលពួកអ្នកជឿបានឮសេចក្ដីទាំងនេះ គេក៏ធូរចិត្ត ហើយនាំគ្នាលើកតម្កើងសិរីរុងរឿងរបស់ព្រះជាម្ចាស់ ទាំងពោលថា៖ «សូម្បីតែសាសន៍ដទៃក៏ព្រះជាម្ចាស់ប្រោសប្រទានឲ្យគេកែប្រែចិត្តគំនិត ដើម្បីទទួលជីវិតដែរ!»។
អាន កិច្ចការ 11
ស្ដាប់នូវ កិច្ចការ 11
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: កិច្ចការ 11:1-18
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ