ឥឡូវនេះ ព្រះអម្ចាស់ជាចៅក្រមដ៏សុចរិតបានបម្រុងភួងជ័យនៃសេចក្ដីសុចរិតទុកសម្រាប់ខ្ញុំ ហើយព្រះអង្គនឹងប្រទានឲ្យខ្ញុំ នៅថ្ងៃដែលព្រះអង្គយាងមក ព្រះអង្គមិនត្រឹមតែប្រទានឲ្យខ្ញុំម្នាក់ប៉ុណ្ណោះទេ គឺប្រទានឲ្យអស់អ្នកដែលមានចិត្តស្រឡាញ់ ទន្ទឹងរង់ចាំព្រះអង្គយាងមកយ៉ាងឱឡារិកនោះដែរ។ ចូរលៃលកទៅរកខ្ញុំជាប្រញាប់។ លោកដេម៉ាសបានបោះបង់ចោលខ្ញុំ ព្រោះគាត់ស្រឡាញ់លោកីយ៍នេះ ហើយចេញដំណើរទៅក្រុងថេស្សាឡូនិក។ លោកក្រេសេនបានទៅស្រុកកាឡាទី ហើយលោកទីតុសទៅស្រុកដាល់ម៉ាទា។ មានតែលោកលូកាម្នាក់ប៉ុណ្ណោះ ដែលនៅជាមួយខ្ញុំ។ ចូរនាំលោកម៉ាកុសទៅជាមួយផង ដ្បិតគាត់អាចជួយបំពេញមុខងាររបស់ខ្ញុំបាន។ ខ្ញុំបានចាត់លោកទីឃីកុសឲ្យទៅក្រុងអេភេសូ។ ពេលអ្នកចេញទៅ ចូរយកអាវធំដែលខ្ញុំទុកនៅផ្ទះលោកការប៉ុសនៅក្រុងត្រូអាស ព្រមទាំងយកសៀវភៅមកជាមួយផង ជាពិសេស ក្រាំងស្បែក។ លោកអលេក្សានត្រុសជាជាងដែក បានធ្វើបាបខ្ញុំយ៉ាងច្រើន។ ព្រះអម្ចាស់នឹងតបស្នងទៅគាត់វិញ តាមអំពើដែលគាត់បានប្រព្រឹត្តនោះជាមិនខាន។ អ្នកក៏ត្រូវប្រយ័ត្ននឹងគាត់ដែរ ដ្បិតគាត់ប្រឆាំងយ៉ាងខ្លាំងនឹងសេចក្ដីដែលយើងប្រកាស។ ពេលដែលខ្ញុំត្រូវឆ្លើយដោះសាខ្លួន នៅលើកទីមួយ គ្មានបងប្អូនណាម្នាក់មកជួយគាំទ្រខ្ញុំទេ គឺគេបោះបង់ចោលខ្ញុំទាំងអស់គ្នា សូមព្រះជាម្ចាស់កុំប្រកាន់ទោសគេឡើយ!។ មានតែព្រះអម្ចាស់ប៉ុណ្ណោះដែលបានគាំទ្រ និងប្រទានឲ្យខ្ញុំមានកម្លាំង ដើម្បីឲ្យខ្ញុំអាចប្រកាសព្រះបន្ទូលយ៉ាងក្បោះក្បាយឲ្យសាសន៍ដទៃទាំងអស់គ្នាស្ដាប់។ ព្រះអង្គក៏បានដោះលែងខ្ញុំឲ្យរួចពីមាត់សិង្ហដែរ។ ព្រះអម្ចាស់នឹងរំដោះខ្ញុំឲ្យរួចពីការអាក្រក់គ្រប់យ៉ាង ហើយព្រះអង្គនឹងសង្គ្រោះខ្ញុំ ដើម្បីឲ្យខ្ញុំបានចូលទៅក្នុងព្រះរាជ្យ*របស់ព្រះអង្គនៅស្ថានបរមសុខ។ សូមលើកតម្កើងសិរីរុងរឿងរបស់ព្រះអង្គ អស់កល្បជាអង្វែងតរៀងទៅ! អាម៉ែន!។ សូមជម្រាបសួរនាងព្រីស៊ីល និងលោកអគីឡា ព្រមទាំងក្រុមគ្រួសារលោកអូនេស៊ីភ័រផង។ លោកអេរ៉ាស្ទុសស្នាក់នៅក្រុងកូរិនថូស ហើយខ្ញុំបានទុកលោកត្រូភីម ដែលឈឺ ឲ្យនៅក្រុងមីលេត។ ចូរលៃលកទៅឲ្យបានមុនរដូវត្រជាក់កុំបីខាន។ លោកអ៊ើប៊ូឡូស លោកពូដេន លោកលីណូស នាងក្លូឌាស និងបងប្អូនឯទៀតៗទាំងអស់ សូមជម្រាបសួរមកអ្នក។ សូមព្រះអម្ចាស់គង់នៅជាមួយវិញ្ញាណរបស់អ្នក! សូមឲ្យបងប្អូនប្រកបដោយព្រះគុណ! អាម៉ែន។
អាន ២ ធីម៉ូថេ 4
ស្ដាប់នូវ ២ ធីម៉ូថេ 4
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: ២ ធីម៉ូថេ 4:8-22
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ