២ ធីម៉ូថេ 4:1-8

២ ធីម៉ូថេ 4:1-8 គខប

ខ្ញុំ​សុំ​បញ្ជាក់​យ៉ាង​ម៉ឺង‌ម៉ាត់ នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌ជាម្ចាស់ និង​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះគ្រិស្ត‌យេស៊ូ ដែល​នឹង​វិនិច្ឆ័យ​ទោស​ទាំង​មនុស្ស​រស់ ទាំង​មនុស្ស​ស្លាប់ ហើយ​ខ្ញុំ​សូម​បញ្ជាក់​ក្នុង​ព្រះ‌នាម​ព្រះអង្គ ដែល​យាង​មក​យ៉ាង​ឱឡា‌រិក ដើម្បី​គ្រង​រាជ្យ នោះ​ថា ចូរ​ប្រកាស​ព្រះ‌បន្ទូល ព្រម​ទាំង​និយាយ​ហើយ​និយាយ​ទៀត ទោះ​មាន​ឱកាស​ល្អ​ក្ដី មិន​ល្អ​ក្ដី ត្រូវ​ពន្យល់​គេ​ឲ្យ​ដឹង​ខុស​ត្រូវ ស្ដី​បន្ទោស ដាស់‌តឿន និង​បង្រៀន​គេ ដោយ​ចិត្ត​អត់‌ធ្មត់​គ្រប់​ចំពូក ដ្បិត​នឹង​មាន​គ្រា​មួយ ដែល​មនុស្ស​លោក​មិន​ព្រម​ស្ដាប់​សេចក្ដី​បង្រៀន​ដ៏​ត្រឹម​ត្រូវ​ទៀត​ឡើយ ផ្ទុយ​ទៅ​វិញ គេ​រក​គ្រូ​មក​បង្រៀន​តាម​ទំនើង​ចិត្ត របស់​គេ គ្រាន់​តែ​ឲ្យ​ពីរោះ​ត្រចៀក​ប៉ុណ្ណោះ។ គេ​ងាក​ចេញ​ពី​សេចក្ដី​ពិត ហើយ​បែរ​ទៅ​ស្ដាប់​រឿង​ព្រេង​និទាន​វិញ។ ចំពោះ​អ្នក អ្នក​ត្រូវ​មាន​ស្មារតី​រឹង‌ប៉ឹង​គ្រប់​វិស័យ​ទាំង​អស់ ត្រូវ​ស៊ូ‌ទ្រាំ​នឹង​ទុក្ខ​លំបាក ត្រូវ​បំពេញ​កិច្ចការ​ជា​អ្នក​ផ្សព្វ‌ផ្សាយ​ដំណឹង‌ល្អ ព្រម​ទាំង​បំពេញ​មុខងារ​របស់​ខ្លួន​ឲ្យ​បាន​ល្អ​ប្រសើរ​ផង។ រីឯ​ខ្ញុំ​វិញ ខ្ញុំ​បាន​បូជា​ជីវិត​រួច​ស្រេច​ហើយ ហើយ​ក៏​ដល់​ពេល​កំណត់ ដែល​ខ្ញុំ​ត្រូវ​ចាក​ចេញ​ពី​លោក​នេះ​ដែរ។ ខ្ញុំ​បាន​ពុះ‌ពារ​តយុទ្ធ​ល្អ​ប្រសើរ ខ្ញុំ​បាន​រត់​ដល់​ទី‌ដៅ ហើយ​ខ្ញុំ​នៅ​តែ​កាន់​ជំនឿ​ជាប់​ដដែល។ ឥឡូវ​នេះ ព្រះ‌អម្ចាស់​ជា​ចៅ‌ក្រម​ដ៏​សុចរិត​បាន​បម្រុង​ភួង​ជ័យ​នៃ​សេចក្ដី​សុចរិត​ទុក​សម្រាប់​ខ្ញុំ ហើយ​ព្រះអង្គ​នឹង​ប្រទាន​ឲ្យ​ខ្ញុំ នៅ​ថ្ងៃ​ដែល​ព្រះអង្គ​យាង​មក ព្រះអង្គ​មិន​ត្រឹម​តែ​ប្រទាន​ឲ្យ​ខ្ញុំ​ម្នាក់​ប៉ុណ្ណោះ​ទេ គឺ​ប្រទាន​ឲ្យ​អស់​អ្នក​ដែល​មាន​ចិត្ត​ស្រឡាញ់ ទន្ទឹង​រង់‌ចាំ​ព្រះអង្គ​យាង​មក​យ៉ាង​ឱឡា‌រិក​នោះ​ដែរ។

គម្រោង​អាន​និង​អត្ថបទស្មឹងស្មាធិ៍ជាមួយ​ព្រះ ​​ដោយ​ឥត​គិត​ថ្លៃ​ ដែល​ទាក់​ទង​ទៅ​នឹង ២ ធីម៉ូថេ 4:1-8