២ សាំយូអែល 8

8
ជ័យ‌ជម្នះ​របស់​ព្រះ‌បាទ​ដាវីឌ​លើ​ស្រុក​ជិត​ខាង
( របាក្សត្រ ១៨.១-១៣)
1ក្រោយ​មក ព្រះ‌បាទ​ដាវីឌ​វាយ​ឈ្នះ​ជន‌ជាតិ​ភីលីស្ទីន ហើយ​បង្ក្រាប​ពួក​គេ ព្រម​ទាំង​ដក​អំណាច​ពី​ពួក​គេ លែង​ឲ្យ​ត្រួត‌ត្រា​លើ​តំបន់​នោះ​ទៀត​ផង។ 2ព្រះ‌បាទ​ដាវីឌ​ក៏​វាយ​ឈ្នះ​ជន‌ជាតិ​ម៉ូអាប់​ដែរ ស្ដេច​បង្ខំ​ឲ្យ​ពួក​គេ​ដេក​នៅ​ដី ហើយ​រាប់​យក​ចំនួន​ពីរ​ភាគ​បី​ទៅ​សម្លាប់ និង​ទុក​មួយ​ភាគ​បី​ឲ្យ​នៅ​រស់។ ជន‌ជាតិ​ម៉ូអាប់​ក៏​ធ្លាក់​ខ្លួន​ចំណុះ​ព្រះ‌បាទ​ដាវីឌ ហើយ​ត្រូវ​ថ្វាយ​សួយសារ‌អាករ​ផង។ 3ព្រះ‌បាទ​ដាវីឌ​វាយ​ឈ្នះ​ព្រះ‌បាទ​ហាដា‌រេស៊ើរ ជា​បុត្រ​របស់​ព្រះ‌បាទ​រេ‌ហូប និង​ជា​ស្ដេច​ស្រុក​សូ‌បា ក្នុង​ពេល​ដែល​ព្រះ‌បាទ​ហាដា‌រេស៊ើរ កំពុង​តែ​ទៅ​កាន់​កាប់​តំបន់​ទន្លេ​អឺប្រាត​ឡើង​វិញ។ 4ព្រះ‌បាទ​ដាវីឌ​ចាប់​បាន​ទ័ព​សេះ​របស់​ព្រះ‌បាទ​ហាដា‌រេស៊ើរ​ចំនួន​មួយ​ពាន់​ប្រាំ‌ពីរ​រយ​នាក់ និង​កង‌ពល​ថ្មើរ​ជើង​ចំនួន​ពីរ​ម៉ឺន​នាក់។ ស្ដេច​បាន​យក​សេះ​មួយ​រយ​ក្បាល​ទុក ក្រៅ​ពី​នោះ ស្ដេច​កាត់​សរសៃ​កែង​ជើង​ទាំង​អស់។ 5ពេល​នោះ ជន‌ជាតិ​ស៊ីរី​នៅ​ក្រុង​ដា‌ម៉ាស លើក​គ្នា​មក​ជួយ​ព្រះ‌បាទ​ហាដា‌រេស៊ើរ ជា​ស្ដេច​ស្រុក​សូបា ព្រះ‌បាទ​ដាវីឌ​ក៏​វាយ​ឈ្នះ​ពួក​គេ ហើយ​សម្លាប់​អស់​ចំនួន​ពីរ​ម៉ឺន​ពីរ​ពាន់​នាក់។ 6ព្រះ‌បាទ​ដាវីឌ​បាន​ដាក់​ទេសា‌ភិបាល​ឲ្យ​ត្រួត‌ត្រា​លើ​ស្រុក​ស៊ីរី ជន‌ជាតិ​ស៊ីរី​ក៏​ធ្លាក់​ខ្លួន​ចំណុះ​ព្រះ‌បាទ​ដាវីឌ ហើយ​ត្រូវ​ថ្វាយ​សួយសារ‌អាករ​ផង។ ព្រះ‌អម្ចាស់​ប្រទាន​ឲ្យ​ព្រះ‌បាទ​ដាវីឌ​មាន​ជ័យ‌ជម្នះ នៅ​គ្រប់​កន្លែង​ដែល​ស្ដេច​យាង​ទៅ។ 7ព្រះ‌បាទ​ដាវីឌ​រឹប​អូស​ខែល​មាស​ពី​ពួក​បរិវារ​របស់​ព្រះ‌បាទ​ហាដា‌រេស៊ើរ ហើយ​នាំ​យក​មក​ក្រុង​យេរូ‌សាឡឹម។ 8ព្រះ‌បាទ​ដាវីឌ​ក៏​រឹប​អូស​យក​លង្ហិន​យ៉ាង​ច្រើន​សន្ធឹក​សន្ធាប់​ពី​ក្រុង​បេ‌ថាស និង​ក្រុង​បេរ៉ូ‌ថាយ ដែល​ជា​ក្រុង​របស់​ព្រះ‌បាទ​ហាដា‌រេស៊ើរ។ 9កាល​ព្រះ‌បាទ​ថូអ៊ី ជា​ស្ដេច​ក្រុង​ហា‌ម៉ាត់​ជ្រាប​ថា ព្រះ‌បាទ​ដាវីឌ​បាន​វាយ​ឈ្នះ​កង‌ទ័ព​ទាំង​មូល​របស់​ព្រះ‌បាទ​ហាដា‌រេស៊ើរ 10ទ្រង់​ក៏​ចាត់​សម្ដេច​យ៉ូ‌រ៉ាម ជា​បុត្រ ឲ្យ​ចូល​មក​គាល់​ព្រះ‌បាទ​ដាវីឌ និង​អប‌អរ‌សាទរ​ចំពោះ​ជ័យ‌ជម្នះ​លើ​ព្រះ‌បាទ​ហាដា‌រេស៊ើរ ព្រោះ​ព្រះ‌បាទ​ថូអ៊ី​ធ្វើ​សឹក​សង្គ្រាម​ជា​មួយ​ព្រះ‌បាទ​ហាដា‌រេស៊ើរ​ដែរ។ សម្ដេច​យ៉ូ‌រ៉ាម​នាំ​យក​វត្ថុ​ធ្វើ​អំពី​មាស ប្រាក់ និង​លង្ហិន​មក​ថ្វាយ​ព្រះ‌បាទ​ដាវីឌ។ 11ព្រះ‌បាទ​ដាវីឌ​យក​វត្ថុ​ទាំង​នោះ​ទៅ​ថ្វាយ​ព្រះ‌អម្ចាស់ ដូច​ស្ដេច​ថ្វាយ​មាស ប្រាក់ យក​បាន​ពី​ប្រជា‌ជាតិ​ទាំង​ប៉ុន្មាន​ដែល​ស្ដេច​វាយ​ឈ្នះ​ដែរ 12គឺ​ជន‌ជាតិ​ស៊ីរី ជន‌ជាតិ​ម៉ូអាប់ ជន‌ជាតិ​អាំម៉ូន ជន‌ជាតិ​ភីលីស្ទីន និង​ជន‌ជាតិ​អាម៉ា‌ឡេក។ ព្រះ‌បាទ​ដាវីឌ​ក៏​យក​ជយ‌ភណ្ឌ​ដែល​រឹប​អូស​បាន​ពី​ព្រះ‌បាទ​ហាដា‌រេស៊ើរ ជា​បុត្រ​របស់​ព្រះ‌បាទ​រេ‌ហូប ស្ដេច​ស្រុក​សូបា ទៅ​ថ្វាយ​ព្រះ‌អម្ចាស់​ដែរ។ 13 ពេល​ព្រះ‌បាទ​ដាវីឌ​វិល​មក​ពី​ច្បាំង​ឈ្នះ​ជន‌ជាតិ​ស៊ីរី​វិញ ទ្រង់​ប្រហារ​ជន‌ជាតិ​អេដុម​អស់​មួយ​ម៉ឺន​ប្រាំ​បី​ពាន់​នាក់ នៅ​ជ្រលង​ភ្នំ​អំបិល ដែល​ធ្វើ​ឲ្យ​កិត្តិនាម​របស់​ស្ដេច​រឹត​តែ​ល្បី‌ល្បាញ​ថែម​ទៀត។
14ព្រះ‌បាទ​ដាវីឌ​បាន​ដាក់​ទេសា‌ភិបាល​ឲ្យ​ត្រួត‌ត្រា​លើ​ស្រុក​អេដុម​ទាំង​មូល ហើយ​ជន‌ជាតិ​អេដុម​ក៏​ធ្លាក់​ខ្លួន​ចំណុះ​ព្រះ‌បាទ​ដាវីឌ។ ព្រះ‌អម្ចាស់​ប្រទាន​ឲ្យ​ព្រះ‌បាទ​ដាវីឌ​មាន​ជ័យ‌ជម្នះ​នៅ​គ្រប់​កន្លែង​ដែល​ស្ដេច​យាង​ទៅ។
បញ្ជី​រាយ​នាម​មន្ត្រី​របស់​ព្រះ‌បាទ​ដាវីឌ
( របាក្សត្រ ១៨.១៤-១៧)
15ព្រះ‌បាទ​ដាវីឌ​សោយ​រាជ្យ​លើ​ស្រុក​អ៊ីស្រា‌អែល​ទាំង​មូល ទ្រង់​គ្រប់‌គ្រង​លើ​ប្រជា‌រាស្ត្រ ដោយ​សុចរិត និង​យុត្តិធម៌។ 16លោក​យ៉ូអាប់ កូន​របស់​អ្នក​ស្រី​សេរូយ៉ា មាន​មុខងារ​ជា​មេ​បញ្ជា​ការ​កង‌ទ័ព។ លោក​យេហូ‌សាផាត កូន​របស់​លោក​អហ៊ី‌លូដ ជា​អ្នក​នាំ​ពាក្យ​របស់​ស្ដេច។ 17លោក​សា‌ដុក​ជា​កូន​របស់​លោក​អហ៊ី‌ទូប និង​លោក​អហ៊ី‌មាឡេក​ជា​កូន​របស់​លោក​អបៀ‌ថើរ មាន​មុខងារ​ជា​បូជា‌ចារ្យ*។ 18លោក​សេរ៉ាយ៉ា​ជា​លេខា‌ធិការ​របស់​ស្ដេច។ លោក​បេណា‌យ៉ា​ជា​កូន​របស់​លោក​យេហូ‌យ៉ាដា ជា​មេ​បញ្ជា​ការ​លើ​ក្រុម​កេរេ‌ធីម និង​ក្រុម​ពេរេ‌ធីម។ រីឯ​បុត្រា​ទាំង​ប៉ុន្មាន​របស់​ព្រះ‌បាទ​ដាវីឌ​មាន​មុខងារ​ជា​បូជា‌ចារ្យ។

ទើបបានជ្រើសរើសហើយ៖

២ សាំយូអែល 8: គខប

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ