២ សាំយូអែល 5:17-21

២ សាំយូអែល 5:17-21 គខប

កាល​ជន‌ជាតិ​ភីលីស្ទីន​ឮ​ថា ជន‌ជាតិ​អ៊ីស្រា‌អែល​បាន​អភិ‌សេក​ព្រះ‌បាទ​ដាវីឌ​ជា​ស្ដេច នោះ​ពួក​គេ​លើក​ទ័ព​ទាំង​អស់​មក​តាម​ចាប់​ព្រះ‌បាទ​ដាវីឌ។ ព្រះ‌បាទ​ដាវីឌ​ជ្រាប​ដំណឹង​នេះ ស្ដេច​យាង​ទៅ​ជ្រក​ក្នុង​ជម្រក​មួយ។ ជន‌ជាតិ​ភីលីស្ទីន​មក​ដល់ ហើយ​បោះ​ទ័ព​ក្នុង​ជ្រលង​ភ្នំ​រេ‌ផែម។ ព្រះ‌បាទ​ដាវីឌ​ទូល​សួរ​ព្រះ‌អម្ចាស់​ថា៖ «តើ​ទូលបង្គំ​ត្រូវ​ចេញ​ទៅ​ច្បាំង​នឹង​ជន‌ជាតិ​ភីលីស្ទីន​ឬ​ទេ? តើ​ព្រះអង្គ​ប្រគល់​ពួក​គេ​មក​ក្នុង​កណ្ដាប់​ដៃ​របស់​ទូលបង្គំ​ដែរ​ឬ?»។ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ «ទៅ​ចុះ យើង​នឹង​ប្រគល់​ពួក​គេ​មក​ក្នុង​កណ្ដាប់​ដៃ​របស់​អ្នក​ជា​មិន​ខាន!»។ ព្រះ‌បាទ​ដាវីឌ​ក៏​យាង​ទៅ​ដល់​បាល-‌ពេរ៉ា‌ស៊ីម ហើយ​វាយ​ឈ្នះ​ពួក​ភីលីស្ទីន​នៅ​ទី​នោះ។ បន្ទាប់​មក ស្ដេច​មាន​រាជ‌ឱង្ការ​ថា៖ «ព្រះ‌អម្ចាស់​បាន​ធ្វើ​ឲ្យ​ខ្មាំង​សត្រូវ​បាក់​ទ័ព​នៅ​ចំពោះ​មុខ​ខ្ញុំ ដូច​ទឹក​បាក់​ទំនប់»។ ហេតុ​នេះ​ហើយ​បាន​ជា​គេ​ហៅ​កន្លែង​នោះ​ថា បាល-‌ពេរ៉ា‌ស៊ីម។ ពេល​បាក់​ទ័ព​រត់​ទៅ កង‌ទ័ព​ភីលីស្ទីន​បាន​បោះ​បង់​ចោល​រូប​ព្រះ​របស់​គេ នៅ​នឹង​កន្លែង។ ព្រះ‌បាទ​ដាវីឌ និង​ពល​ទាហាន​បាន​ប្រមូល​យក​រូប​ព្រះ​ទាំង​នោះ។