២ សាំយូអែល 4
4
ព្រះបាទអ៊ីសបូសែតត្រូវគេធ្វើគុត
1ពេលព្រះបាទអ៊ីសបូសែត ជាបុត្ររបស់ព្រះបាទសូល ជ្រាបថា លោកអប៊ីនើរស្លាប់នៅក្រុងហេប្រូន ទ្រង់ក៏ធ្លាក់ទឹកចិត្ត ហើយប្រជាជនអ៊ីស្រាអែលទាំងមូលរន្ធត់ចិត្តយ៉ាងខ្លាំង។ 2ព្រះបាទអ៊ីសបូសែតមានមេទ័ពពីរនាក់ ម្នាក់ឈ្មោះបាណា ម្នាក់ទៀតឈ្មោះរេកាប ។ អ្នកទាំងពីរជាកូនរបស់លោករីម៉ូន ជាអ្នកភូមិបៀរ៉ុត ក្នុងកុលសម្ព័ន្ធបេនយ៉ាមីន។ គេចាត់ទុកភូមិបៀរ៉ុតនេះជាទឹកដីរបស់កុលសម្ព័ន្ធបេនយ៉ាមីន 3ដ្បិតប្រជាជនដែលរស់នៅទីនោះពីមុនបានភៀសខ្លួនទៅគីថែម ហើយរស់នៅទីនោះរហូតដល់សព្វថ្ងៃ។
4 សម្ដេចយ៉ូណាថាន ជាបុត្ររបស់ព្រះបាទសូល មានកូនប្រុសម្នាក់ ខ្វិនជើងទាំងពីរ ឈ្មោះមេភីបូសែត។ កាលអាយុបានប្រាំឆ្នាំ នៅពេលអ្នកស្រុកយេសរាលឮដំណឹងថា ព្រះបាទសូល និងសម្ដេចយ៉ូណាថានសោយទិវង្គត មេដោះបានពរកុមារនោះរត់ទៅ ប៉ុន្តែ ដោយប្រញាប់ពេក នាងធ្វើឲ្យកុមារនោះធ្លាក់ ហើយទៅជាខ្វិន។
5លោករេកាប និងលោកបាណា ដែលជាកូនរបស់លោករីម៉ូន ជាអ្នកភូមិបៀរ៉ុត បានចូលទៅក្នុងដំណាក់របស់ព្រះបាទអ៊ីសបូសែត នៅពេលថ្ងៃត្រង់ ពេលនោះ ស្ដេចកំពុងតែផ្ទំ។ 6ពួកគេនាំគ្នាចូលទៅក្នុងដំណាក់ស្ដេច ធ្វើហាក់ដូចជាទៅយកស្រូវ ហើយចាក់ស្ដេចមួយកាំបិតត្រង់ពោះ។ បន្ទាប់មក លោករេកាប និងលោកបាណា ជាប្អូន ក៏នាំគ្នារត់ចេញទៅ។ 7មុនដំបូង ពួកគេចូលទៅក្នុងដំណាក់ នៅពេលដែលព្រះបាទអ៊ីសបូសែតកំពុងផ្ទំលើព្រះទែន ក្នុងក្រឡាបន្ទំ។ ពួកគេធ្វើគុតស្ដេច ហើយកាត់យកព្រះសិរសា រួចនាំគ្នាចេញទៅ។ ពួកគេដើរអស់មួយយប់ កាត់តាមតំបន់អារ៉ាបា។ 8ពួកគេយកព្រះសិរសារបស់ព្រះបាទអ៊ីសបូសែតទៅថ្វាយព្រះបាទដាវីឌ នៅក្រុងហេប្រូន ហើយទូលព្រះរាជាថា៖ «នេះជាព្រះសិរសារបស់ស្ដេចអ៊ីសបូសែត ជាបុត្ររបស់ព្រះបាទសូល ដែលជាខ្មាំងសត្រូវរបស់ព្រះករុណា។ ព្រះបាទសូលតែងតែប៉ុនប៉ងធ្វើគុតព្រះករុណា ថ្ងៃនេះ ព្រះអម្ចាស់បានសងសឹកព្រះបាទសូល និងរាជវង្ស ថ្វាយព្រះករុណាជាអម្ចាស់ហើយ!»។ 9ព្រះបាទដាវីឌមានរាជឱង្ការទៅកាន់លោករេកាប និងលោកបាណា ជាកូនរបស់លោករីម៉ូន អ្នកភូមិបៀរ៉ុតថា៖ «ខ្ញុំសុំប្រាប់អ្នកទាំងពីរ ក្នុងនាមព្រះអម្ចាស់ដែលមានព្រះជន្មគង់នៅ ហើយជាព្រះដែលបានរំដោះខ្ញុំ នៅគ្រប់គ្រាមានអាសន្នថា 10 ពេលបុរសម្នាក់មកប្រាប់ខ្ញុំអំពីព្រះបាទសូលសោយទិវង្គតនោះ គេនឹកស្មានថា ខ្លួននាំដំណឹងល្អមកប្រាប់ខ្ញុំ។ ប៉ុន្តែ ខ្ញុំបានចេញបញ្ជាឲ្យចាប់អ្នកនោះសម្លាប់ នៅក្រុងស៊ីគឡាក់ ដើម្បីតបស្នងនឹងដំណឹងល្អរបស់គេ! 11ឥឡូវនេះ ពេលមនុស្សអាក្រក់ធ្វើឃាតមនុស្សសុចរិតដែលកំពុងតែដេកលក់នៅក្នុងផ្ទះរបស់ខ្លួន តើខ្ញុំគួរយកអ្វីទៅតបស្នងវិញ ក្រៅពីលុបបំបាត់ឃាតកចេញពីផែនដី?»។ 12ព្រះបាទដាវីឌបានបញ្ជាឲ្យពួកទាហានយកលោករេកាប និងលោកបាណាទៅសម្លាប់។ គេកាត់ដៃកាត់ជើងអ្នកទាំងពីរ យកទៅចងព្យួរជិតបឹងនៅក្រុងហេប្រូន។ រីឯព្រះសិរសារបស់ព្រះបាទអ៊ីសបូសែតវិញ គេយកទៅបញ្ចុះក្នុងផ្នូររបស់លោកអប៊ីនើរ នៅក្រុងហេប្រូន។
ទើបបានជ្រើសរើសហើយ៖
២ សាំយូអែល 4: គខប
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
Khmer Standard Version © 2005 United Bible Societies.