២ សាំយូអែល 22

22
ទំនុកតម្កើង របស់​ព្រះ‌បាទ​ដាវីឌ
(ទំនុកតម្កើង ១៨)
1ក្រោយ​ពេល​ព្រះ‌អម្ចាស់​រំដោះ​ព្រះ‌បាទ​ដាវីឌ ឲ្យ​រួច​ផុត​ពី​កណ្ដាប់​ដៃ​របស់​ខ្មាំង​សត្រូវ​ទាំង​ប៉ុន្មាន និង​រួច​ផុត​ពី​កណ្ដាប់​ដៃ​របស់​ព្រះ‌បាទ​សូល​ហើយ ព្រះ‌បាទ​ដាវីឌ​ស្មូត្រ​ទំនុកតម្កើង ថ្វាយ​ព្រះ‌អម្ចាស់​ដូច​ត​ទៅ៖
2«ព្រះ‌អម្ចាស់​ជា​ថ្ម‌ដា​ការពារ​ខ្ញុំ
ជា​បន្ទាយ​ដ៏​រឹង‌មាំ​របស់​ខ្ញុំ
ជា​ព្រះ​ដែល​រំដោះ​ខ្ញុំ។
3ព្រះ‌ជាម្ចាស់​ជា​ថ្ម‌ដា​សម្រាប់​ឲ្យ​ខ្ញុំ​ពឹង​ជ្រក
ព្រះអង្គ​ជា​ខែល ជា​កម្លាំង​ដែល​សង្គ្រោះ​ខ្ញុំ
និង​ជា​ជម្រក​ដ៏​រឹង‌មាំ​របស់​ខ្ញុំ។
ព្រះអង្គ​សង្គ្រោះ​ខ្ញុំ​ឲ្យ​រួច​ពី​ជន​ឃោរ‌ឃៅ។
4ពេល​ខ្ញុំ​ស្រែក​រក​ព្រះអង្គ ព្រះអង្គ​សង្គ្រោះ​ខ្ញុំ
ឲ្យ​រួច​ពី​ខ្មាំង​សត្រូវ​របស់​ខ្ញុំ
សូម​លើក​តម្កើង​ព្រះ‌អម្ចាស់!
5សេចក្ដី​ស្លាប់​រួប‌រឹត​ខ្ញុំ
រីឯ​សេចក្ដី​វិនាស​អន្តរាយ​ធ្លាក់​មក​លើ​ខ្ញុំ
ដូច​ទឹក​ហូរ​មក​យ៉ាង​ខ្លាំង។
6សេចក្ដី​ស្លាប់​នៅ​ព័ទ្ធ​ជុំ‌វិញ​ខ្ញុំ ប្រៀប​បី​ដូច​ជា
សំណាញ់​ដែល​គេ​បោះ​មក​លើ​ខ្ញុំ។
7នៅ​ពេល​មាន​ទុក្ខ​វេទនា ខ្ញុំ​អង្វរ​រក​ព្រះ‌អម្ចាស់
ខ្ញុំ​ស្រែក​ហៅ​រក​ព្រះ​របស់​ខ្ញុំ
ព្រះអង្គ​ទ្រង់​ព្រះ‌សណ្ដាប់​ឮ​សំឡេង​ខ្ញុំ
ពី​ក្នុង​ព្រះ‌វិហារ​របស់​ព្រះអង្គ
ហើយ​ស្នូរ​សម្រែក​របស់​ខ្ញុំ​បាន​ឮ​ទៅ​ដល់
ព្រះ‌កាណ៌​របស់​ព្រះអង្គ។
8នៅ​ពេល​ព្រះអង្គ​ទ្រង់​ព្រះ‌ពិរោធ
ផែនដី​កក្រើក​ញាប់‌ញ័រ
ផ្ទៃ​មេឃ​រង្គើ​រហូត​ដល់​គ្រឹះ​របស់​វា។
9មាន​ផ្សែង​ហុយ​ចេញ​មក​ពី​ព្រះ‌នាសា
របស់​ព្រះអង្គ
ព្រះអង្គ​ផ្លុំ​ភ្លើង​ដែល​ឆាប‌ឆេះ​ចេញ​មក
ហើយ​ក៏​មាន​រងើក​ភ្លើង​ខ្ទាត​ចេញ​មក​ពី
ព្រះ‌ឱស្ឋ​របស់​ព្រះអង្គ​ដែរ។
10ព្រះអង្គ​ផ្អៀង​ផ្ទៃ​មេឃ ទ្រង់​យាង​ចុះ​មក
ដោយ​មាន​ពពក​យ៉ាង​ក្រាស់​នៅ​ពី​ក្រោម
ព្រះ‌បាទា​ផង។
11ព្រះអង្គ​យាង​គង់​លើ​ចេរូប៊ីន* ហើយ​ហោះ​មក
ព្រះអង្គ​យាង​ចេញ​មក ដោយ​គង់​នៅ​លើ
វាយោ​ដូច​គង់​នៅ​លើ​ស្លាប​បក្សី។
12ព្រះអង្គ​យក​ភាព​ងងឹត​ធ្វើ​ជា​កន្លែង​ពួន
ហើយ​យក​ពពក​ខ្មៅ​ក្រាស់​ពេញ​ដោយ​ទឹក
ធ្វើ​ជា​ព្រះ‌ពន្លា។
13មាន​ផ្លេក​បន្ទោរ​ភ្លឺ​នៅ​ខាង​មុខ​ព្រះអង្គ
ហើយ​មាន​រងើក​ភ្លើង​ធ្លាក់​ចុះ​មក។
14 ព្រះ‌អម្ចាស់​ធ្វើ​ឲ្យ​ផ្គរ‌លាន់​នៅ​លើ​មេឃ
ព្រះ​ដ៏​ខ្ពង់‌ខ្ពស់​បំផុត​បន្លឺ​ព្រះ‌សូរសៀង​មក​ពី​លើ។
15ព្រះអង្គ​បាញ់​ព្រួញ​ទៅ​លើ​ខ្មាំង​សត្រូវ
ដើម្បី​កម្ចាត់‌កម្ចាយ​ពួក​គេ។
ព្រះអង្គ​បាញ់​ផ្លេក​បន្ទោរ
ធ្វើ​ឲ្យ​ពួក​គេ​បាក់​ទ័ព។
16ដោយ‌សារ​ព្រះ‌បន្ទូល​គំរាម​របស់​ព្រះ‌អម្ចាស់
និង​ដោយ‌សារ​ខ្យល់​ព្យុះ​ដែល​បក់​ចេញ​មក​ពី
ព្រះ‌នាសា​របស់​ព្រះអង្គ
បាត​សមុទ្រ​លេច​ចេញ​មក
ហើយ​គ្រឹះ​របស់​ផែនដី​ក៏​លេច​មក​ដែរ។
17ព្រះអង្គ​បាន​លាត​ព្រះ‌ហស្ដ​ពី​ស្ថាន​លើ​មក​រក​ខ្ញុំ
ព្រះអង្គ​ស្រង់​ខ្ញុំ​ចេញ​ឲ្យ​ផុត​ពី​ទឹក​សមុទ្រ
18ព្រះអង្គ​បាន​រំដោះ​ខ្ញុំ​ឲ្យ​រួច​ផុត​ពី​ខ្មាំង​សត្រូវ
ដ៏​ខ្លាំង​ពូកែ
និង​ឲ្យ​ខ្ញុំ​រួច​ផុត​ពី​អស់​អ្នក​ដែល​ស្អប់​ខ្ញុំ
ហើយ​មាន​កម្លាំង​ខ្លាំង​ជាង​ខ្ញុំ​ផង។
19នៅ​ពេល​ខ្ញុំ​មាន​ទុក្ខ​វេទនា
អ្នក​ទាំង​នោះ​នាំ​គ្នា​មក​វាយ​ប្រហារ​ខ្ញុំ
ក៏​ប៉ុន្តែ ព្រះ‌អម្ចាស់​ធ្វើ​ជា​បង្អែក​ដល់​ខ្ញុំ។
20ព្រះអង្គ​បាន​នាំ​ខ្ញុំ​ចេញ​ឲ្យ​ផុត​ពី​គ្រោះ​ថ្នាក់
ព្រះអង្គ​រំដោះ​ខ្ញុំ មក​ពី​ព្រះអង្គ​ស្រឡាញ់​ខ្ញុំ។
21 ព្រះ‌អម្ចាស់​បាន​ប្រព្រឹត្ត​ចំពោះ​ខ្ញុំ
ស្រប​តាម​សេចក្ដី​សុចរិត​របស់​ខ្ញុំ
ព្រះអង្គ​តប​ស្នង​មក​ខ្ញុំ​វិញ
ស្រប​តាម​អំពើ​បរិសុទ្ធ​ដែល​ខ្ញុំ​បាន​ប្រព្រឹត្ត​ដែរ
22ដ្បិត​ខ្ញុំ​បាន​ប្រតិបត្តិ​តាម​មាគ៌ា​របស់​ព្រះ‌អម្ចាស់
ហើយ​ខ្ញុំ​មិន​ឃ្លាត​ចេញ​ពី​ព្រះ​របស់​ខ្ញុំ
ដោយ​ប្រព្រឹត្ត​អំពើ​អាក្រក់​នោះ​ឡើយ។
23ខ្ញុំ​បាន​ប្រព្រឹត្ត​តាម​វិន័យ​ទាំង​ប៉ុន្មាន
របស់​ព្រះអង្គ
ខ្ញុំ​មិន​បំពាន​លើ​ច្បាប់​របស់​ព្រះអង្គ​ទេ។
24ព្រះអង្គ​ជ្រាប​ថា​ខ្ញុំ​គ្មាន​សៅ‌ហ្មង
ហើយ​ខ្ញុំ​បាន​ប្រុង​ប្រយ័ត្ន​ខ្លួន
មិន​ឲ្យ​មាន​កំហុស​ឡើយ។
25ហេតុ​នេះ ព្រះ‌អម្ចាស់​ប្រោស‌ប្រណី​ដល់​ខ្ញុំ
ស្រប​តាម​អំពើ​សុចរិត​ដែល​ខ្ញុំ​បាន​ប្រព្រឹត្ត
ព្រោះ​ព្រះអង្គ​ឈ្វេង​យល់​ថា​ខ្ញុំ​ប្រព្រឹត្ត
អំពើ​បរិសុទ្ធ។
26 ព្រះ‌អម្ចាស់​អើយ ព្រះអង្គ​សម្តែង​ព្រះ‌ហឫទ័យ
ស្មោះ​ត្រង់​ចំពោះ​អ្នក​ដែល​មាន​ចិត្ត​ស្មោះ​ត្រង់
ព្រះអង្គ​សម្តែង​ព្រះ‌ហឫទ័យ​ស្មោះ​សរ
ចំពោះ​អ្នក​ដែល​មាន​ចិត្ត​ស្មោះ​សរ។
27ចំពោះ​អ្នក​ដែល​មាន​ចិត្ត​បរិសុទ្ធ
ព្រះអង្គ​ក៏​សម្តែង​ថា ព្រះអង្គ​បរិសុទ្ធ​ដែរ
ចំពោះ​អ្នក​ដែល​មាន​ចិត្ត​វៀច‌វេរ​វិញ
ព្រះអង្គ​សម្តែង​ថា​ព្រះអង្គ​ឈ្លាស‌វៃ។
28ព្រះអង្គ​សង្គ្រោះ​មនុស្ស​ទន់‌ទាប
ព្រះអង្គ​ទត​មក​អស់​អ្នក​ដែល​មាន​ចិត្ត​ឆ្មើង‌ឆ្មៃ
ដើម្បី​បន្ទាប​ពួក​គេ។
29ឱ​ព្រះ‌អម្ចាស់​អើយ ព្រះអង្គ​ជា​ពន្លឺ​របស់​ទូលបង្គំ
ហើយ​ព្រះអង្គ​ក៏​បំភ្លឺ​ភាព​ងងឹត​របស់
ទូលបង្គំ​ដែរ។
30ព្រះអង្គ​ប្រទាន​កម្លាំង​ឲ្យ​ទូលបង្គំ​វាយ​លុក
ខ្មាំង​សត្រូវ និង​ឲ្យ​ទូលបង្គំ​អាច​លោត​រំលង
កំពែង​ក្រុង​របស់​ពួក​គេ។
31មាគ៌ា​របស់​ព្រះ‌ជាម្ចាស់​សុទ្ធ​តែ​ល្អ​ឥត​ខ្ចោះ
ព្រះ‌បន្ទូល​សន្យា​របស់​ព្រះ‌អម្ចាស់​ពិត​ទាំង​ស្រុង
ព្រះអង្គ​ជា​ខែល​ការពារ​អស់​អ្នក​ដែល​មក
ជ្រក​កោន​នឹង​ព្រះអង្គ។
32មាន​តែ​ព្រះ‌អម្ចាស់​មួយ​ទេ​ដែល​ពិត​ជា​ព្រះ‌ជាម្ចាស់
មាន​តែ​ព្រះ​របស់​យើង​មួយ​ព្រះអង្គ​ប៉ុណ្ណោះ
ដែល​ពិត​ជា​ថ្ម‌ដា​ឲ្យ​យើង​ជ្រក​កោន។
33ព្រះ‌ជាម្ចាស់​ជា​បន្ទាយ​ដ៏​រឹង‌មាំ​របស់​ខ្ញុំ
ព្រះអង្គ​រៀបចំ​មាគ៌ា​របស់​ខ្ញុំ​ឲ្យ​បាន
ល្អ​ឥត​ខ្ចោះ។
34 ព្រះអង្គ​ប្រោស​ប្រទាន​ឲ្យ​ខ្ញុំ​រត់​លឿន
ដូច​សត្វ​ក្ដាន់
ហើយ​ឲ្យ​ខ្ញុំ​អាច​ឈរ​នៅ​ទី​ខ្ពស់។
35ព្រះអង្គ​បង្ហាត់​ខ្ញុំ​ឲ្យ​ស្ទាត់​ជំនាញ​ខាង​ធ្វើ​សឹក
និង​ឲ្យ​ខ្ញុំ​មាន​កម្លាំង​យឹត​ធ្នូ​លង្ហិន​បាន។
36ព្រះអង្គ​ការពារ និង​សង្គ្រោះ​ទូលបង្គំ
ព្រះអង្គ​គាំទ្រ​ទូលបង្គំ
ហើយ​ព្រះអង្គ​លើក​ទូលបង្គំ​ឡើង
ដោយ​ព្រះ‌ហឫទ័យ​មេត្តា។
37ព្រះអង្គ​ការពារ​ទូលបង្គំ​មិន​ឲ្យ​ខ្មាំង​សត្រូវ
ដេញ​ទាន់
មិន​ឲ្យ​ទូលបង្គំ​ភ្លាត់​ជើង​ដួល​ឡើយ។
38ទូលបង្គំ​ដេញ​តាម​ពួក​ខ្មាំង​សត្រូវ
និង​បំផ្លាញ​ពួក​គេ
ហើយ​ទូលបង្គំ​មិន​ត្រឡប់​មក​វិញ​ទេ
ដរាប​ទាល់​តែ​បាន​កម្ទេច​ពួក​គេ​អស់។
39ទូលបង្គំ​កម្ទេច និង​កាប់​សម្លាប់​ពួក​គេ
មិន​ឲ្យ​ពួក​គេ​ក្រោក​ឡើង​វិញ​ឡើយ
ពួក​គេ​ដួល​ស្លាប់​នៅ​នឹង​ជើង​របស់​ទូលបង្គំ។
40ព្រះអង្គ​ប្រទាន​ឲ្យ​ទូលបង្គំ​មាន​កម្លាំង
ធ្វើ​សឹក និង​បង្ក្រាប​ខ្មាំង​សត្រូវ។
41ព្រះអង្គ​បាន​ធ្វើ​ឲ្យ​ពួក​គេ​បាក់​ទ័ព​រត់
នៅ​មុខ​ទូលបង្គំ
ហើយ​ទូលបង្គំ​បាន​ធ្វើ​ឲ្យ​អស់​អ្នក​ដែល
ស្អប់​ទូលបង្គំ​វិនាស​សូន្យ​អស់​ទៅ។
42ពួក​គេ​នាំ​គ្នា​សម្លឹង​រក​មើល​ជំនួយ
តែ​គ្មាន​នរណា​ជួយ​ពួក​គេ​ឡើយ
គេ​ស្រែក​ហៅ​ព្រះ‌អម្ចាស់
តែ​ព្រះអង្គ​មិន​ឆ្លើយ​តប​នឹង​ពួក​គេ​ទេ។
43ទូលបង្គំ​កម្ទេច​ពួក​គេ​ឲ្យ​ម៉ដ្ត ដូច​ធូលី​ដី
ទូលបង្គំ​ជាន់​ឈ្លី​ពួក​គេ​ដូច​ភក់​ជ្រាំ​នៅ​តាម​ផ្លូវ។
44ព្រះអង្គ​បាន​រំដោះ​ឲ្យ​ទូលបង្គំ
រួច​ពីការ​បះ‌បោរ​របស់​ប្រជា‌ជន
ហើយ​ទុក​ឲ្យ​ទូលបង្គំ​ធ្វើ​ជា​មេ​ដឹក​នាំ
លើ​ប្រជា‌ជាតិ​នានា
ប្រជា‌ជន​មួយ​ដែល​ទូលបង្គំ​មិន​ធ្លាប់​ស្គាល់
បាន​មក​ចុះ​ចូល​នឹង​ទូលបង្គំ។
45ជន​បរទេស​នាំ​គ្នា​ស្ដាប់​បង្គាប់​ទូលបង្គំ
ហើយ​ពេល​ទូលបង្គំ​និយាយ​តែ​មួយ​ម៉ាត់
គេ​ក៏​ធ្វើ​តាម​ភ្លាម។
46ជន​បរទេស​បាក់​ទឹក​ចិត្ត
ហើយ​ចេញ​ពី​ទី​ជម្រក​របស់​គេ​មក
ទាំង​ភ័យ​ញាប់​ញ័រ។
47ជយោ​ព្រះ‌អម្ចាស់! សូម​សរសើរ​តម្កើង​ព្រះអង្គ
ដែល​ជា​ថ្ម‌ដា​របស់​ទូលបង្គំ!
សូម​លើក​តម្កើង​ព្រះ‌ជាម្ចាស់ ជា​ថ្ម‌ដា
ដែល​បាន​សង្គ្រោះ​ទូលបង្គំ!
48ដ្បិត​ព្រះអង្គ​បាន​ឲ្យ​ទូលបង្គំ​មាន​ជ័យ‌ជម្នះ
លើ​ខ្មាំង​សត្រូវ
ព្រះអង្គ​បាន​បន្ទាប​ប្រជា‌ជន​នានា
ឲ្យ​មក​នៅ​ក្រោម​អំណាច​ទូលបង្គំ
49ហើយ​ព្រះអង្គ​បាន​ដក​ខ្ញុំ​ឲ្យ​រួច​ផុត​ពី
កណ្ដាប់​ដៃ​របស់​ខ្មាំង​សត្រូវ!
ព្រះអង្គ​បាន​លើក​ទូលបង្គំ​ឡើង​ខ្ពស់​ជាង
បច្ចា‌មិត្ត​របស់​ទូលបង្គំ
និង​រំដោះ​ទូលបង្គំ​ឲ្យ​រួច​ផុត​ពី​មនុស្ស
ឃោរ‌ឃៅ។
50 ហេតុ​នេះ​ហើយ​បាន​ជា​ទូលបង្គំ​សរសើរ​តម្កើង
ព្រះអង្គ​ក្នុង​ចំណោម​ប្រជា‌ជាតិ​នានា
ឱ​ព្រះ‌អម្ចាស់​អើយ! ទូលបង្គំ​នឹង​ច្រៀង
លើក​តម្កើង​ព្រះ‌នាម​របស់​ព្រះអង្គ។
51ព្រះអង្គ​ប្រទាន​ការ​សង្គ្រោះ​ដ៏​ធំ‌ធេង
ដល់​ស្ដេច​ដែល​ព្រះអង្គ​បាន​តែង‌តាំង។
ព្រះអង្គ​សម្តែង​ព្រះ‌ហឫទ័យ​ស្មោះ​ត្រង់​ចំពោះ
ស្ដេច​ដែល​ព្រះអង្គ​បាន​ចាក់​ប្រេង​អភិ‌សេក
គឺ​ចំពោះ​ស្ដេច​ដាវីឌ និង​ពូជ‌ពង្ស
រៀង​រហូត​ត​ទៅ»។

ទើបបានជ្រើសរើសហើយ៖

២ សាំយូអែល 22: គខប

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល