២ ពេត្រុស 3:1-10

២ ពេត្រុស 3:1-10 គខប

បងប្អូន​ជា​ទី​ស្រឡាញ់​អើយ នេះ​ជា​សំបុត្រ​ទី​ពីរ​ដែល​ខ្ញុំ​សរសេរ​ផ្ញើ​មក​ជូន​បងប្អូន។ សេចក្ដី​ក្នុង​សំបុត្រ​ទាំង​ពីរ​នេះ ខ្ញុំ​បាន​រំឭក​ដាស់‌តឿន​បងប្អូន ឲ្យ​មាន​ចិត្ត​គំនិត​ត្រឹម​ត្រូវ ជានិច្ច។ សូម​បងប្អូន​កុំ​ភ្លេច​សេចក្ដី​ដែល​អស់​លោក​ព្យាការី*​ដ៏វិសុទ្ធ*​បាន​ថ្លែង​ទុក​មក និង​បទ‌បញ្ជា​ដែល​ព្រះ‌អម្ចាស់​ជា​ព្រះ‌សង្គ្រោះ​បាន​បង្រៀន តាម​រយៈ​សាវ័ក​នានា​របស់​បងប្អូន។ ជា​បឋម សូម​ជ្រាប​ថា នៅ​គ្រា​ចុង​ក្រោយ​បំផុត នឹង​មាន​ពួក​អ្នក​ដែល​រស់​នៅ​តាម​ចិត្ត​លោភ‌លន់​របស់​ខ្លួន ហើយ​ចំអក​ឡក‌ឡឺយ​ដាក់​បងប្អូន គេ​នឹង​ពោល​ថា: «បើ​ព្រះអង្គ​សន្យា​ថា​យាង​មក​មែន​នោះ តើ​ឥឡូវ​ព្រះអង្គ​នៅ​ឯ​ណា? តាំង​ពី​បុព្វបុរស*​របស់​យើង​ស្លាប់​អស់​ទៅ គ្មាន​អ្វី​ផ្លាស់​ប្ដូរ​ទេ គឺ​នៅ​តែ​ដដែល ដូច​កាល​ពី​ព្រះអង្គ​បង្កើត​ពិភព​លោក!»។ គេ​និយាយ​ដូច្នេះ​មក​ពី​គេ​ធ្វើ​ជា​ភ្លេច​ថា កាល​ពី​បុរាណ ផ្ទៃ​មេឃ និង​ផែនដី កកើត​ចេញ​ពី​ទឹក ហើយ​ផ្សំ​ឡើង​ពី​ធាតុ​ទឹក ដោយ‌សារ​ព្រះ‌បន្ទូល​របស់​ព្រះ‌ជា‌ម្ចាស់។ បន្ទាប់​មក ដោយ​ទឹក​ដដែល ពិភព​លោក​បាន​លិច​លង់ នៅ​គ្រា​ទឹក​ជំនន់​ធំ។ មួយ​វិញ​ទៀត ព្រះ‌បន្ទូល​ដដែល​នេះ​បាន​ថ្លែង​ថា ផ្ទៃ​មេឃ និង​ផែនដី​នា​បច្ចុប្បន្ន​កាល នឹង​ត្រូវ​បម្រុង​ទុក​ឲ្យ​ភ្លើង​ឆេះ​រំលាយ នៅ​ថ្ងៃ​ដែល​ព្រះ‌ជា‌ម្ចាស់​វិនិច្ឆ័យ​ទោស​មនុស្ស​ទុច្ចរិត​ឲ្យ​វិនាស​អន្តរាយ។ បងប្អូន​ជា​ទី​ស្រឡាញ់​អើយ សូម​បងប្អូន​កុំ​ភ្លេច​ចំណុច​មួយ​នេះ​ថា នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់ មួយ​ថ្ងៃ​ប្រៀប​បាន​នឹង​មួយ​ពាន់​ឆ្នាំ ហើយ​មួយ​ពាន់​ឆ្នាំ​ក៏​ប្រៀប​បាន​នឹង​មួយ​ថ្ងៃ ​ដូច្នោះ​ដែរ។ ព្រះ‌អម្ចាស់​នឹង​យាង​មក តាម​ព្រះ‌បន្ទូល​សន្យា​របស់​ព្រះអង្គ ឥត​បង្អែ‌បង្អង់ ដូច​អ្នក​ខ្លះ​នឹក​ស្មាន​នោះ​ឡើយ។ ព្រះអង្គ​សម្តែង​ព្រះ‌ហឫទ័យ​អត់‌ធ្មត់​ចំពោះ​បងប្អូន ព្រោះ​ព្រះអង្គ​មិន​សព្វ​ព្រះ‌ហឫទ័យ​ឲ្យ​នរណា​ម្នាក់​ត្រូវ​វិនាស​ទេ គឺ​ព្រះអង្គ​សព្វ​ព្រះ‌ហឫទ័យ​ឲ្យ​មនុស្ស​លោក​គ្រប់ៗ​រូប​កែ​ប្រែ​ចិត្ត​គំនិត​វិញ។ ថ្ងៃ​ដែល​ព្រះ‌អម្ចាស់​យាង​មក​ប្រៀប​បាន​ទៅ​នឹង​ពេល​ចោរ​ចូល​លួច​ដូច្នោះ​ដែរ។ នៅ​គ្រា​នោះ ផ្ទៃ​មេឃ​នឹង​រលាយ​សូន្យ​ទៅ ដោយ​សន្ធឹក​ខ្ទរ‌ខ្ទារ ធាតុ​នានា​នឹង​ឆេះ​រលាយ​សូន្យ​អស់​ទៅ ហើយ​ព្រះ‌ជា‌ម្ចាស់​នឹង​វិនិច្ឆ័យ​ទោស ទាំង​ផែនដី ទាំង​អ្វីៗ​ដែល​នៅ​លើ​ផែនដី ដែរ។

គម្រោង​អាន​និង​អត្ថបទស្មឹងស្មាធិ៍ជាមួយ​ព្រះ ​​ដោយ​ឥត​គិត​ថ្លៃ​ ដែល​ទាក់​ទង​ទៅ​នឹង ២ ពេត្រុស 3:1-10