២ ពេត្រុស 1:2-15

២ ពេត្រុស 1:2-15 គខប

ដោយ​បងប្អូន​ស្គាល់​ព្រះ‌ជា‌ម្ចាស់ និង​ស្គាល់​ព្រះ‌យេស៊ូ​ជា​អម្ចាស់​នៃ​យើង សូម​ឲ្យ​បងប្អូន​បាន​ប្រកប​ដោយ​ព្រះ‌គុណ និង​សេចក្ដី​សុខ‌សាន្ត​កាន់​តែ​ច្រើន​ឡើងៗ។ ឫទ្ធា‌នុភាព​របស់​ព្រះ‌ជា‌ម្ចាស់​ប្រទាន​ឲ្យ​យើង​មាន​អ្វីៗ​ទាំង​អស់ សម្រាប់​ជីវិត​រស់​នៅ និង​សម្រាប់​គោរព​ប្រណិ‌ប័តន៍​ព្រះអង្គ។ ឫទ្ធា‌នុភាព​នោះ​នាំ​យើង​ឲ្យ​ស្គាល់​ព្រះអង្គ ដែល​បាន​ត្រាស់​ហៅ​យើង ដោយ‌សារ​សិរី‌រុងរឿង​របស់​ព្រះអង្គ​ផ្ទាល់ និង​ដោយ‌សារ​ព្រះ‌បារមី​របស់​ព្រះអង្គ។ ដោយ‌សារ​សិរី‌រុងរឿង និង​ព្រះ‌បារមី​នេះ ព្រះអង្គ​បាន​ប្រទាន​ព្រះ‌អំណោយ​ទាន​ដ៏​មាន​តម្លៃ​វិសេស​បំផុត​មក​យើង តាម​ព្រះ‌បន្ទូល​សន្យា ដើម្បី​ឲ្យ​បងប្អូន​មាន​លក្ខណៈ​ជា​ព្រះ‌ជា‌ម្ចាស់ រួម​ជា​មួយ​ព្រះអង្គ ដោយ​បោះ​បង់​ចោល​សេចក្ដី​រលួយ​ដែល​មក​ពី​ការ​លោភ‌លន់​ក្នុង​លោកីយ៍។ ហេតុ​នេះ បងប្អូន​ត្រូវ​ខ្នះ‌ខ្នែង​ឲ្យ​អស់​ពី​សមត្ថ‌ភាព បន្ថែម​កិរិយា​ល្អ​ឥត​ខ្ចោះ ពី​លើ​ជំនឿ បន្ថែម​ការ​ស្គាល់​ព្រះអង្គ​ពី​លើ​កិរិយា​ល្អ បន្ថែម​ការ​ចេះ​ទប់​ចិត្ត​ពី​លើ​ការ​ស្គាល់​ព្រះអង្គ បន្ថែម​ការ​ព្យាយាម​តស៊ូ​ពី​លើ​ការ​ចេះ​ទប់​ចិត្ត បន្ថែម​ការ​គោរព​ប្រណិ‌ប័តន៍​ព្រះ‌ជា‌ម្ចាស់​ពី​លើ​ការ​ព្យាយាម​តស៊ូ បន្ថែម​ភាតរ‌ភាព​ពី​លើ​ការ​គោរព​ប្រណិ‌ប័តន៍​ព្រះ‌ជា‌ម្ចាស់ និង​បន្ថែម​សេចក្ដី​ស្រឡាញ់​ពី​លើ​ភាតរ‌ភាព។ ប្រសិន​បើ​បងប្អូន​មាន​គុណ​សម្បត្តិ​ទាំង​នេះ​ពេញ​បរិបូណ៌​ក្នុង​ខ្លួន​ហើយ គុណ​សម្បត្តិ​ទាំង​នេះ​មុខ​ជា​នាំ​បងប្អូន​ឲ្យ​មាន​សកម្ម‌ភាព និង​បង្កើត​ផល ដើម្បី​បាន​ស្គាល់​ព្រះ‌យេស៊ូ​គ្រិស្ត* ជា​ព្រះ‌អម្ចាស់​របស់​យើង​យ៉ាង​ច្បាស់។ ផ្ទុយ​ទៅ​វិញ បើ​អ្នក​ណា​គ្មាន​គុណ​សម្បត្តិ​ទាំង​នេះ​ទេ អ្នក​នោះ​ជា​មនុស្ស​ខ្វាក់ មើល​ឃើញ​មិន​បាន​វែង​ឆ្ងាយ គេ​ភ្លេច​ថា​ព្រះ‌ជា‌ម្ចាស់​បាន​លាង​ជម្រះ​គេ​ពី​អំពើ​បាប ដែល​គេ​ប្រព្រឹត្ត​ពី​អតីតកាល។ ហេតុ​នេះ បងប្អូន​អើយ ចូរ​ខំ​ប្រឹង​យក​ចិត្ត​ទុក​ដាក់​ធ្វើ​ឲ្យ​ការ​ត្រាស់​ហៅ និង​ការ​ជ្រើស​រើស​របស់​ព្រះ‌ជា‌ម្ចាស់ បាន​កាន់​តែ​ខ្ជាប់ខ្ជួន​ឡើង​ថែម​ទៀត។ ធ្វើ​យ៉ាង​នេះ បងប្អូន​មុខ​ជា​មិន​ជំពប់​ដួល​ឡើយ។ ដូច្នេះ បងប្អូន​នឹង​ទទួល​សិទ្ធិ​ដ៏​ធំ​ទូលំ‌ទូលាយ អាច​ចូល​ទៅ​ក្នុង​ព្រះ‌រាជ្យ* ដែល​នៅ​ស្ថិត‌ស្ថេរ​អស់‌កល្ប​ជានិច្ច គឺ​ព្រះ‌រាជ្យ​របស់​ព្រះ‌យេស៊ូ​គ្រិស្ត​ជា​ព្រះ‌អម្ចាស់ និង​ជា​ព្រះ‌សង្គ្រោះ​របស់​យើង។ ហេតុ​នេះ ខ្ញុំ​នឹង​រំឭក​ដាស់‌តឿន​បងប្អូន​អំពី​សេចក្ដី​ទាំង​នោះ​ជានិច្ច ទោះ​បី​បងប្អូន​បាន​ដឹង និង​នៅ​តែ​កាន់​តាម​សេចក្ដី​ពិត ដែល​បងប្អូន​បាន​ទទួល​យ៉ាង​ខ្ជាប់ខ្ជួន​ហើយ​ក៏​ដោយ។ ដរាប​ណា​ខ្ញុំ​នៅ​មាន​ជីវិត​រស់​ក្នុង​លោកីយ៍​នេះ​នៅ​ឡើយ ខ្ញុំ​យល់​ឃើញ​ថា ត្រូវ​តែ​រំឭក​បងប្អូន​ឲ្យ​ភ្ញាក់​ស្មារតី។ ខ្ញុំ​ដឹង​ថា ខ្ញុំ​នឹង​ត្រូវ​លា​ចាក​លោក​នេះ​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ ដូច​ព្រះ‌យេស៊ូ​គ្រិស្ត​ជា​ព្រះ‌អម្ចាស់​នៃ​យើង​បាន​សម្តែង​ឲ្យ​ខ្ញុំ​ដឹង​ស្រាប់។ ប៉ុន្តែ ខ្ញុំ​នឹង​ខ្នះ‌ខ្នែង​ធ្វើ​យ៉ាង​ណា​ឲ្យ​បងប្អូន​អាច​នឹក​ឃើញ​សេចក្ដី​ទាំង​នោះ គ្រប់​កាលៈ‌ទេសៈ​ទាំង​អស់ ក្រោយ​ពេល​ខ្ញុំ​ចាក​លោក​នេះ​ទៅ។