២ ពង្សាវតារក្សត្រ 7
7
1លោកអេលីសេមានប្រសាសន៍ថា៖ «ចូរស្ដាប់ព្រះបន្ទូលរបស់ព្រះអម្ចាស់! ព្រះអម្ចាស់មានព្រះបន្ទូលដូចតទៅ: ស្អែកពេលថ្មើរនេះ នៅមាត់ទ្វារក្រុងសាម៉ារី អង្ករមួយតៅថ្លៃតែមួយកាក់ ហើយពោតមួយថាំងក៏ថ្លៃតែមួយកាក់ដែរ»។ 2អង្គរក្សរបស់ស្ដេចឆ្លើយទៅអ្នកជំនិតរបស់ព្រះជាម្ចាស់វិញថា៖ «ទោះបីព្រះអម្ចាស់បើកទ្វារមេឃក្ដី ក៏ហេតុការណ៍នោះមិនអាចកើតមានដែរ?»។ លោកអេលីសេមានប្រសាសន៍ថា៖ «ចាំមើលចុះ លោកមុខជាឃើញផ្ទាល់នឹងភ្នែក តែលោកពុំបានបរិភោគទេ»។
3នៅមាត់ទ្វារក្រុង មានមនុស្សឃ្លង់បួននាក់ជជែកគ្នាថា៖ «ហេតុដូចម្ដេចបានជាយើងនាំគ្នាអង្គុយរង់ចាំសេចក្ដីស្លាប់នៅទីនេះ? 4ប្រសិនបើយើងសម្រេចគ្នាថាចូលទៅក្នុងក្រុង យើងមុខជាអត់បាយស្លាប់ ព្រោះនៅក្នុងក្រុង គ្មានអ្វីបរិភោគឡើយ។ ប្រសិនបើយើងនៅទីនេះ យើងក៏ស្លាប់ដែរ។ ដូច្នេះ យើងគួរនាំគ្នារត់ទៅចុះចូលនឹងកងទ័ពស៊ីរីទៅ ក្រែងលោគេទុកជីវិតឲ្យយើង ហើយយើងនឹងបានរស់រានមានជីវិត! ប្រសិនបើពួកគេសម្លាប់ យើងក៏ស្លាប់ដូចតែគ្នា!»។ 5នៅពេលថ្ងៃលិច ពួកគេក្រោកឡើង នាំគ្នាដើរឆ្ពោះទៅទីតាំងទ័ពស៊ីរី។ កាលមនុស្សឃ្លង់ទាំងបួននាក់ទៅជិតដល់ទីតាំងទ័ព ពួកគេពុំប្រទះឃើញមាននរណាម្នាក់សោះ។ 6ពីមុននោះ ព្រះអម្ចាស់បានធ្វើឲ្យកងពលស៊ីរីនៅក្នុងទីតាំងទ័ព ឮស្នូរសន្ធឹករទេះចម្បាំង និងទ័ពសេះ ព្រមទាំងកងទ័ពមួយយ៉ាងធំ។ ពួកគេនិយាយគ្នាថា៖ «ពិតជាស្ដេចស្រុកអ៊ីស្រាអែលទៅពឹងទ័ពរបស់ស្ដេចជនជាតិហេត និងទ័ពរបស់ស្ដេចស្រុកអេស៊ីប ឲ្យមកច្បាំងនឹងយើងហើយ!»។ 7នៅពេលថ្ងៃលិច កងទ័ពស៊ីរីនាំគ្នាក្រោកឡើង រត់ប្រាសអាយុ ដោយបោះបង់ចោលតង់ត៍ ព្រមទាំងសេះ និងលាផង។ ពួកគេទុកអ្វីៗទាំងអស់ចោលនៅក្នុងជំរំ ហើយរត់យកតែរួចខ្លួនប៉ុណ្ណោះ។ 8ក្រោយពីដើរមើលជុំវិញកន្លែងបោះទ័ពរួចហើយ មនុស្សឃ្លង់ទាំងនោះក៏ចូលទៅក្នុងតង់ត៍មួយ នាំគ្នាស៊ីផឹក រួចជញ្ជូនយកមាសប្រាក់ និងសម្លៀកបំពាក់ទៅលាក់ទុក។ លុះត្រឡប់មកវិញ ពួកគេចូលទៅក្នុងតង់ត៍មួយទៀត ប្រមូលរបស់របរ ដែលមាននៅទីនោះយកទៅលាក់ទៀត។
ចុងបញ្ចប់នៃទុរ្ភិក្ស
9មនុស្សឃ្លង់ទាំងបួននាក់និយាយគ្នាថា៖ «ពួកយើងធ្វើដូច្នេះមិនសមទេ ដ្បិតថ្ងៃនេះ ពួកយើងដឹងដំណឹងល្អ ប្រសិនបើយើងនៅស្ងៀមរង់ចាំរហូតដល់ភ្លឺ ព្រះជាម្ចាស់ពិតជាដាក់ទោសយើងមិនខាន។ ដូច្នេះ ចូរយើងនាំដំណឹងល្អនេះទៅប្រាប់អ្នកនៅក្នុងវាំង»។ 10មនុស្សឃ្លង់ទាំងបួននាក់នាំគ្នាទៅហៅអ្នកយាមទ្វារក្រុង ហើយប្រាប់ថា៖ «ពួកយើងបានចូលទៅក្នុងទីតាំងទ័ពរបស់ពួកស៊ីរី តែពុំប្រទះឃើញនរណាម្នាក់ ឬក៏ឮសូរសំឡេងមនុស្សណាសោះឡើយ។ ពួកយើងឃើញមានតែសេះ លា ដែលគេចងទុក និងតង់ត៍ដែលគេបោះបង់ចោលប៉ុណ្ណោះ»។ 11អ្នកយាមទ្វារស្រែកប្រាប់អ្នកនៅខាងក្នុង ឲ្យនាំដំណឹងនេះទៅប្រាប់អ្នកនៅក្នុងវាំង។ 12ស្ដេចតើនឡើងទាំងយប់ រួចមានរាជឱង្ការទៅកាន់ពួកមន្ត្រីថា៖ «សូមអស់លោកជ្រាបថា នេះជាឧបាយកលរបស់ពួកស៊ីរីប្រឆាំងនឹងយើង។ ពួកគេដឹងថា យើងទាំងអស់គ្នាកំពុងតែអត់ឃ្លាន ដូច្នេះ ពួកគេចេញពីទីតាំងទ័ពទៅលាក់ខ្លួននៅឯវាល ដោយនឹកគិតថា កាលណាពួកយើងចេញពីទីក្រុង នោះពួកគេនឹងចាប់ពួកយើងទាំងរស់ រួចចូលមកក្នុងក្រុង»។ 13មានមន្ត្រីម្នាក់ទូលស្ដេចថា៖ «សូមឲ្យគេយកសេះប្រាំក្បាល ដែលនៅសល់ក្នុងទីក្រុងមក ហើយចាត់អ្នកខ្លះឲ្យទៅជាមួយសេះទាំងនោះ ដើម្បីពិនិត្យមើលហេតុការណ៍។ ទោះបីយ៉ាងណាក្ដី ក៏សេះទាំងនេះមុខជាងាប់ ដូចប្រជាជនអ៊ីស្រាអែលទាំងប៉ុន្មានដែលនៅក្នុងក្រុងដែរ»។ 14គេយករទេះចម្បាំងពីរគ្រឿងទឹមដោយសេះ មកថ្វាយស្ដេច ហើយស្ដេចក៏ចាត់មនុស្សចេញទៅតាមកងទ័ពស៊ីរី ដោយមានរាជឱង្ការថា៖ «ចូរចេញទៅពិនិត្យមើលហេតុការណ៍នោះចុះ!»។ 15ពួកគេចេញទៅតាមកងទ័ពស៊ីរីរហូតដល់ទន្លេយ័រដាន់ ហើយនៅតាមផ្លូវឃើញមានសុទ្ធតែខោអាវ និងរបស់របរដែលកងទ័ពស៊ីរីដោះបោះចោលរប៉ាត់រប៉ាយ ព្រោះប្រញាប់រត់យករួចជីវិត។ អ្នកដែលស្ដេចចាត់ឲ្យទៅ ក៏វិលមកវិញរាយការណ៍ថ្វាយស្ដេច។
16ពេលនោះ ប្រជាជននាំគ្នាចេញពីទីក្រុង ទៅដណ្ដើមយករបស់របរនៅក្នុងទីតាំងទ័ពស៊ីរី។ ដូច្នេះ អង្ករមួយតៅថ្លៃតែមួយកាក់ ហើយពោតមួយថាំងក៏ថ្លៃតែមួយកាក់ ស្របតាមព្រះបន្ទូលរបស់ព្រះអម្ចាស់។ 17ស្ដេចបញ្ជាអង្គរក្សឲ្យចេញទៅត្រួតពិនិត្យមើលខុសត្រូវ នៅមាត់ទ្វារក្រុង ប៉ុន្តែ មហាជនបានជាន់គាត់ស្លាប់នៅទីនោះ ស្របតាមពាក្យដែលអ្នកជំនិតរបស់ព្រះជាម្ចាស់ថ្លែង នៅពេលស្ដេចទៅជួបលោក។
18ហេតុការណ៍នេះកើតមាន ដូចអ្នកជំនិតរបស់ព្រះជាម្ចាស់បានទូលស្ដេចថា “ស្អែក ពេលថ្មើរនេះ នៅមាត់ទ្វារក្រុងសាម៉ារី អង្ករមួយតៅថ្លៃតែមួយកាក់ ហើយពោតមួយថាំងក៏ថ្លៃតែមួយកាក់ដែរ”។ 19ពេលនោះ អង្គរក្សរបស់ស្ដេចឆ្លើយទៅអ្នកជំនិតរបស់ព្រះជាម្ចាស់វិញថា “ទោះបីព្រះអម្ចាស់បើកទ្វារមេឃក្ដី ក៏ហេតុការណ៍បែបនេះមិនកើតមានដែរ!”។ លោកអេលីសេមានប្រសាសន៍ថា “ចាំមើលចុះ លោកមុខជាឃើញផ្ទាល់នឹងភ្នែក តែលោកពុំបានបរិភោគទេ”។ 20ហេតុការណ៍នេះក៏កើតមានចំពោះគាត់មែន គឺមហាជនបានជាន់គាត់ស្លាប់នៅមាត់ទ្វារក្រុង។
ទើបបានជ្រើសរើសហើយ៖
២ ពង្សាវតារក្សត្រ 7: គខប
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
Khmer Standard Version © 2005 United Bible Societies.