២ ពង្សាវតារក្សត្រ 4:8-37

២ ពង្សាវតារក្សត្រ 4:8-37 គខប

ថ្ងៃ​មួយ លោក​អេលីសេ​ដើរ​កាត់​តាម​ភូមិ​ស៊ូ‌ណែម។ ភូមិ​នោះ មាន​ស្ត្រី​ម្នាក់​ជា​អភិជន បាន​ឃាត់​លោក​ឲ្យ​នៅ​ពិសា​បាយ​ក្នុង​ផ្ទះ​របស់​នាង។ ចាប់​តាំង​ពី​ពេល​នោះ​មក កាល​លោក​ធ្វើ​ដំណើរ​កាត់​ភូមិ​នេះ លោក​តែងតែ​អញ្ជើញ​ទៅ​ពិសា​បាយ​នៅ​ផ្ទះ​របស់​នាង។ នាង​បាន​និយាយ​ទៅ​កាន់​ប្ដី​ថា៖ «ខ្ញុំ​ដឹង​ច្បាស់​ថា បុរស​ដែល​តែងតែ​អញ្ជើញ​មក​ផ្ទះ​យើង​ជា​រឿយៗ​នោះ ពិត​ជា​អ្នក​ជំនិត​ដ៏វិសុទ្ធ​របស់​ព្រះ‌ជាម្ចាស់។ ដូច្នេះ ចូរ​យើង​រៀបចំ​បន្ទប់​តូច​មួយ​នៅ​ជាន់​ខាង​លើ ព្រម​ទាំង​ដាក់​គ្រែ តុ កៅ‌អី និង​ចង្កៀង ទុក​ជូន​លោក​ផង។ កាល​ណា​លោក​អញ្ជើញ​មក​ផ្ទះ​យើង លោក​អាច​សម្រាក​ក្នុង​បន្ទប់​នោះ»។ ថ្ងៃ​មួយ លោក​អេលីសេ​បាន​អញ្ជើញ​មក​ផ្ទះ​នោះ លោក​ឡើង​ទៅ​សម្រាន្ដ​នៅ​បន្ទប់​ខាង​លើ។ លោក​មាន​ប្រសាសន៍​ទៅ​កាន់​កេហា‌ស៊ី ជា​ក្មេង​បម្រើ​ថា៖ «ចូរ​ទៅ​ហៅ​ស្ត្រី​ភូមិ​ស៊ូ‌ណែម​មក!»។ កេហា‌ស៊ី​ចេញ​ទៅ​ហៅ​នាង ហើយ​នាង​ក៏​មក​ឈរ​នៅ​មុខ​លោក។ លោក​អេលីសេ​មាន​ប្រសាសន៍​ទៅ​អ្នក​បម្រើ​ថា៖ «ចូរ​ប្រាប់​នាង​ថា នាង​បាន​ទទួល​យើង​យ៉ាង​រាក់‌ទាក់​បំផុត តើ​យើង​អាច​តប​ស្នង​អ្វី​ដល់​នាង​វិញ? តើ​ចង់​ឲ្យ​យើង​ទៅ​ទូល​ព្រះ‌រាជា ឬ​និយាយ​ជា​មួយ​មេ‌ទ័ព​ជំនួស​នាង?»។ នាង​ឆ្លើយ​ថា៖ «នាង​ខ្ញុំ​មិន​ត្រូវ​ការ​អ្វី​ទេ នាង​ខ្ញុំ​រស់​នៅ​ដោយ​សុខ‌សាន្ត ក្នុង​ចំណោម​ញាតិ​មិត្ត​របស់​នាង​ខ្ញុំ​ហើយ»។ លោក​មាន​ប្រសាសន៍​ថា៖ «បើ​ដូច្នេះ តើ​ត្រូវ​តប​ស្នង​អ្វី​ដល់​នាង?»។ កេហា‌ស៊ី​ឆ្លើយ​ថា៖ «នាង​គ្មាន​កូន​ទេ ហើយ​ប្ដី​នាង​ក៏​ចាស់​ដែរ»។ លោក​មាន​ប្រសាសន៍​ថា៖ «ចូរ​ហៅ​នាង​មក»។ កេហា‌ស៊ី​ក៏​ហៅ​នាង ហើយ​នាង​មក​ឈរ​នៅ​មាត់​ទ្វារ​បន្ទប់។ លោក​អេលីសេ​មាន​ប្រសាសន៍​ថា៖ «ឆ្នាំ​ក្រោយ ក្នុង​ខែ​នេះ នាង​នឹង​មាន​កូន​ប្រុស​ព​នៅ​ក្នុង​ដៃ»។ នាង​ឆ្លើយ​ថា៖ «ទេ លោក​ម្ចាស់​ជា​អ្នក​ជំនិត​របស់​ព្រះ‌ជាម្ចាស់ សូម​កុំ​ធ្វើ​ឲ្យ​នាង​ខ្ញុំ​ខក​ចិត្ត​ឡើយ»។ ស្ត្រី​នោះ​ក៏​មាន​ផ្ទៃ​ពោះ ហើយ​សម្រាល​បាន​កូន​ប្រុស​មួយ នៅ​ឆ្នាំ​បន្ទាប់ ក្នុង​ខែ​ដដែល​នោះ ដូច​លោក​អេលីសេ​ប្រាប់​នាង។ កូន​ប្រុស​នោះ​មាន​វ័យ​ចម្រើន​ធំ​ឡើង។ ថ្ងៃ​មួយ កូន​នោះ​ទៅ​លេង​ជា​មួយ​ឪពុក ដែល​កំពុង​ត្រួត​ពិនិត្យ​អ្នក​ច្រូត​ស្រូវ។ ស្រាប់​តែ​ក្មេង​នោះ​ប្រាប់​ឪពុក​ថា៖ «ពុក​អើយ កូន​ឈឺ​ក្បាល កូន​ឈឺ​ក្បាល​ណាស់!»។ ឪពុក​ស្រែក​ប្រាប់​ទៅ​អ្នក​បម្រើ​ថា៖ «ចូរ​បី​យក​ទៅ​ឲ្យ​ម្ដាយ​វា​ឆាប់​ឡើង!»។ អ្នក​បម្រើ​បី​ក្មេង​នោះ​យក​ទៅ​ប្រគល់​ឲ្យ​ម្ដាយ។ កូន​នោះ​ដេក​លើ​ភ្លៅ​ម្ដាយ​រហូត​ដល់​ថ្ងៃ​ត្រង់ រួច​ក៏​ស្លាប់​ទៅ។ នាង​បី​កូន​ឡើង​ទៅ​ក្នុង​បន្ទប់​លោក​អេលីសេ នាង​ផ្ដេក​កូន​នៅ​លើ​គ្រែ​របស់​លោក រួច​បិទ​ទ្វារ​បន្ទប់។ នាង​រត់​ទៅ​តាម​ប្ដី​នៅ​ឯ​ស្រែ ស្រែក​ប្រាប់​ថា៖ «សូម​បង​ចាត់​ក្មេង​បម្រើ​ម្នាក់ ព្រម​ទាំង​លា​មួយ​ឲ្យ​មក​ខ្ញុំ! ខ្ញុំ​ប្រញាប់​ទៅ​ផ្ទះ​អ្នក​ជំនិត​របស់​ព្រះ‌ជាម្ចាស់ រួច​ខ្ញុំ​វិល​មក​វិញ»។ ប្ដី​របស់​នាង​សួរ​ថា៖ «ហេតុ​អ្វី​បាន​ជា​នាង​ចង់​ទៅ​ផ្ទះ​លោក​នៅ​ថ្ងៃ​នេះ? ព្រោះ​ថ្ងៃ​នេះ​មិន​មែន​ជា​ថ្ងៃ​បុណ្យ​ដើម​ខែ ឬ​ថ្ងៃ​សប្ប័ទ*​ទេ»។ នាង​ឆ្លើយ​ថា៖ «សូម​កុំ​បារម្ភ​អ្វី​ឡើយ!»។ នាង​ឲ្យ​គេ​ចង​កែប​លា ហើយ​បញ្ជា​ទៅ​ក្មេង​បម្រើ​ថា៖ «ចូរ​ដឹក​លា​ទៅ បើ​ខ្ញុំ​មិន​ប្រាប់​ឲ្យ​ឈប់​ទេ កុំ​ឈប់​តាម​ផ្លូវ​ឲ្យ​សោះ!»។ នាង​ក៏​ចេញ​ដំណើរ​ទៅ ជួប​អ្នក​ជំនិត​របស់​ព្រះ‌ជាម្ចាស់​នៅ​ភ្នំ​កើមែល។ កាល​អ្នក​ជំនិត​របស់​ព្រះ‌ជាម្ចាស់​ឃើញ​នាង​ពី​ចម្ងាយ លោក​មាន​ប្រសាសន៍​ទៅ​កាន់​កេហា‌ស៊ី ជា​ក្មេង​បម្រើ​ថា៖ «មើល៍​ស្ត្រី​នៅ​ភូមិ​ស៊ូ‌ណែម​ទេ​តើ! ចូរ​រត់​ទៅ​ទទួល​នាង ហើយ​សួរ​ថា “នាង​សុខ​សប្បាយ​ឬ​ទេ? ប្ដី​របស់​នាង​សុខ​សប្បាយ​ឬ​ទេ? កូន​របស់​នាង​សុខ​សប្បាយ​ឬ​ទេ?”»។ នាង​ឆ្លើយ​ថា៖ «សុខ​សប្បាយ​ជា​ទេ!»។ កាល​នាង​ទៅ​ដល់​ភ្នំ​កើមែល ជួប​អ្នក​ជំនិត​របស់​ព្រះ‌ជាម្ចាស់ នាង​ក្រាប​សំពះ​ឱប​ជើង​លោក។ កេហា‌ស៊ី​ចង់​ចូល​ទៅ​ទាញ​នាង​ចេញ តែ​អ្នក​ជំនិត​របស់​ព្រះ‌ជាម្ចាស់​មាន​ប្រសាសន៍​ថា៖ «កុំ​រំខាន​នាង​អី! ព្រោះ​នាង​កំពុង​តែ​ព្រួយ​ចិត្ត​យ៉ាង​ខ្លាំង។ ព្រះ‌អម្ចាស់​បាន​លាក់​មិន​ឲ្យ​ខ្ញុំ​ដឹង​ហេតុ‌ការណ៍​នោះ​ឡើយ»។ នាង​ពោល​ឡើង​ថា៖ «លោក​ម្ចាស់! នាង​ខ្ញុំ​ពុំ​បាន​សុំ​កូន​ពី​លោក​ទេ នាង​ខ្ញុំ​ជម្រាប​លោក​ម្ចាស់​ហើយ​ថា សូម​កុំ​ធ្វើ​ឲ្យ​នាង​ខ្ញុំ​ខក​ចិត្ត​ឡើយ»។ លោក​អេលីសេ​មាន​ប្រសាសន៍​ទៅ​កាន់​កេហា‌ស៊ី​ថា៖ «ចូរ​រៀបចំ​ខ្លួន ហើយ​យក​ដំបង​របស់​ខ្ញុំ​ចេញ​ដំណើរ​ទៅ​ចុះ!។ ប្រសិន​បើ​ជួប​អ្នក​ណា​ម្នាក់​តាម​ផ្លូវ ចូរ​កុំ​ជម្រាប​សួរ​គេ ហើយ​បើ​នរណា​ជម្រាប​សួរ​អ្នក កុំ​តប​វិញ​ឡើយ។ ត្រូវ​យក​ដំបង​របស់​ខ្ញុំ​ដាក់​លើ​មុខ​កូន​ក្មេង​នោះ»។ ប៉ុន្តែ ម្ដាយ​របស់​ក្មេង​នោះ​ពោល​ថា៖ «នាង​ខ្ញុំ​សូម​ស្បថ​ក្នុង​នាម​ព្រះ‌អម្ចាស់ ដែល​មាន​ព្រះ‌ជន្ម​គង់​នៅ និង​ក្នុង​នាម​លោក​ផ្ទាល់​ដែល​នៅ​មាន​ជីវិត​ថា នាង​ខ្ញុំ​មិន​ចាក​ចេញ​ពី​លោក​ទេ!»។ លោក​អេលីសេ​ក្រោក​ឡើង ដើរ​តាម​នាង​ទៅ។ កេហា‌ស៊ី​ទៅ​ដល់​មុន​គេ គាត់​យក​ដំបង​ទៅ​ដាក់​លើ​មុខ​ក្មេង​នោះ ប៉ុន្តែ ពុំ​មាន​ឮ​សូរ​សំឡេង ឬ​មាន​ចលនា​អ្វី​ឡើយ។ កេហា‌ស៊ី​វិល​មក​ជួប​លោក​អេលីសេ​ជម្រាប​ថា៖ «ក្មេង​នោះ​ពុំ​ភ្ញាក់​ទេ»។ កាល​លោក​អេលីសេ​ចូល​ទៅ​ក្នុង​ផ្ទះ ក្មេង​នោះ​ដេក​ស្លាប់​លើ​គ្រែ​ផុត​ទៅ​ហើយ។ លោក​អេលីសេ​ចូល​ទៅ​ក្នុង​បន្ទប់ ហើយ​បិទ​ទ្វារ​ជិត។ លោក​នៅ​តែ​ពីរ​នាក់​ជា​មួយ​ក្មេង​នោះ ដើម្បី​ទូល‌អង្វរ​ព្រះ‌អម្ចាស់។ បន្ទាប់​មក លោក​ក៏​ទ្រោប​លើ​ក្មេង​នោះ ដោយ​យក​មាត់​ដាក់​លើ​មាត់ ភ្នែក​ទល់​នឹង​ភ្នែក ហើយ​ដៃ​ដាក់​លើ​ដៃ​ដែរ។ លោក​ទ្រោប​លើ​ក្មេង​នោះ ធ្វើ​ឲ្យ​ខ្លួន​របស់​វា​មាន​កម្ដៅ​ឡើង​វិញ។ លោក​អេលីសេ​ចុះ​មក​វិញ ហើយ​ដើរ​ចុះ​ដើរ​ឡើង​នៅ​ក្នុង​ផ្ទះ រួច​ក៏​ឡើង​ទ្រោប​លើ​ខ្លួន​ក្មេង​នោះ​សា​ជា​ថ្មី។ ស្រាប់​តែ​ក្មេង​នោះ​កណ្ដាស់​ប្រាំ‌ពីរ​ដង រួច​បើក​ភ្នែក។ លោក​អេលីសេ​ហៅ​កេហា‌ស៊ី​មក ហើយ​មាន​ប្រសាសន៍​ថា៖ «ចូរ​ហៅ​ស្ត្រី​អ្នក​ភូមិ​ស៊ូ‌ណែម​មក!»។ គាត់​ក៏​ទៅ​ហៅ​នាង នាង​ចូល​មក​ជិត​លោក​អេលីសេ លោក​ប្រាប់​នាង​ថា៖ «ចូរ​យក​កូន​នាង​ទៅ​ចុះ!»។ នាង​ចូល​ទៅ​ជិត​លោក ហើយ​ក្រាប​ចុះ​ដល់​ដី​នៅ​ជើង​លោក រួច​យក​កូន​ចេញ​មក។

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ