២ ពង្សាវតារក្សត្រ 4:1-4

២ ពង្សាវតារក្សត្រ 4:1-4 គខប

មាន​ស្ត្រី​មេម៉ាយ​ម្នាក់​ជា​ភរិយា​របស់​បុរស​មួយ​រូប ដែល​ជា​សមាជិក​របស់​ក្រុម​ព្យាការី បាន​មក​ជួប​លោក​អេលីសេ ហើយ​អង្វរ​លោក​ថា៖ «ប្ដី​របស់​នាង​ខ្ញុំ ជា​អ្នក​បម្រើ​របស់​លោក​ស្លាប់​ផុត​ហើយ។ លោក​ក៏​ជ្រាប​ដែរ​ថា អ្នក​បម្រើ​របស់​លោក គោរព​កោត​ខ្លាច​ព្រះ‌អម្ចាស់​ណាស់។ ឥឡូវ​នេះ ម្ចាស់​បំណុល​បាន​មក​ទាម‌ទារ​យក​កូន​ប្រុស​ទាំង​ពីរ​នាក់​របស់​នាង​ខ្ញុំ ទៅ​ធ្វើ​ជា​បាវ​បម្រើ​របស់​គេ»។ លោក​អេលីសេ​មាន​ប្រសាសន៍​ថា៖ «តើ​នាង​ចង់​ឲ្យ​ខ្ញុំ​ធ្វើ​ដូច​ម្ដេច​ចំពោះ​នាង? ចូរ​ប្រាប់​ខ្ញុំ​មក​មើល នៅ​ក្នុង​ផ្ទះ​នាង​មាន​អ្វី​ខ្លះ?»។ នាង​ឆ្លើយ​តប​ថា៖ «នៅ​ក្នុង​ផ្ទះ​នាង​ខ្ញុំ គ្មាន​អ្វី​ក្រៅ​ពី​ប្រេង​មួយ​កូន​ដប​ប៉ុណ្ណោះ»។ លោក​អេលីសេ​មាន​ប្រសាសន៍​ថា៖ «ចូរ​ទៅ​ខ្ចី​ដប​ទំនេរ ពី​អ្នក​ជិត​ខាង​ឲ្យ​បាន​ច្រើន គឺ​កុំ​ខ្ចី​តិច​ពេក។ ពេល​មក​ដល់​វិញ ត្រូវ​នាំ​គ្នា​ទាំង​ម្ដាយ ទាំង​កូន ចូល​ទៅ​ក្នុង​ផ្ទះ បិទ​ទ្វារ​ឲ្យ​ជិត ហើយ​យក​ប្រេង​ចាក់​ក្នុង​ដប​ទាំង​នោះ។ ដប​ណា​ពេញ​ត្រូវ​ទុក​ដោយ​ឡែក»។