២ ពង្សាវតារក្សត្រ 20:2-6

២ ពង្សាវតារក្សត្រ 20:2-6 គខប

ព្រះ‌បាទ​ហេ‌សេគា​បែរ​ព្រះ‌ភ័ក្ត្រ​ទៅ​រក​ជញ្ជាំង ទូល‌អង្វរ​ព្រះ‌អម្ចាស់​ដូច​ត​ទៅ៖ «ឱ! ព្រះ‌អម្ចាស់​អើយ សូម​កុំ​ភ្លេច​ឡើយ​ថា ទូលបង្គំ​បាន​ដើរ​តាម​មាគ៌ា​របស់​ព្រះអង្គ ដោយ​ចិត្ត​ស្មោះ‌ស្ម័គ្រ និង​ចិត្ត​ទៀង​ត្រង់ ទូលបង្គំ​ប្រព្រឹត្ត​តែ​អំពើ​ដែល​ព្រះអង្គ​គាប់​ព្រះ‌ហឫទ័យ​ប៉ុណ្ណោះ!»។ ព្រះ‌បាទ​ហេ‌សេគា​បង្ហូរ​ជល‌នេត្រ​យ៉ាង​ខ្លាំង។ ពេល​នោះ ព្យាការី​អេសាយ​មិន​ទាន់​ចេញ​ផុត​ពី​ធ្លា​ធំ​នៃ​រាជ​វាំង​ផង ស្រាប់​តែ​ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ដូច​ត​ទៅ៖ «ចូរ​វិល​ទៅ​ប្រាប់​ស្ដេច​ហេ‌សេគា ជា​អ្នក​ដឹក​នាំ​ប្រជា‌រាស្ត្រ​របស់​យើង​ថា: ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​ស្ដេច​ដាវីឌ ដែល​ជា​អយ្យ‌កោ​របស់​ព្រះ‌ករុណា ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច​ត​ទៅ: “យើង​ឮ​ពាក្យ​អង្វរ​របស់​អ្នក ហើយ​យើង​ក៏​បាន​ឃើញ​ទឹក​ភ្នែក​របស់​អ្នក​ដែរ។ យើង​នឹង​ប្រោស​អ្នក​ឲ្យ​បាន​ជា ហើយ​នៅ​ថ្ងៃ​ទី​បី អ្នក​នឹង​ឡើង​ទៅ​កាន់​ដំណាក់​ព្រះ‌អម្ចាស់។ យើង​នឹង​បន្ថែម​អាយុ​ឲ្យ​អ្នក​ដប់​ប្រាំ​ឆ្នាំ​ទៀត។ យើង​នឹង​រំដោះ​អ្នក ព្រម​ទាំង​រំដោះ​ក្រុង​យេរូ‌សាឡឹម​នេះ​ឲ្យ​រួច​ពី​កណ្ដាប់​ដៃ​របស់​ស្ដេច​ស្រុក​អាស្ស៊ីរី។ យើង​ក៏​នឹង​ការ‌ពារ​ក្រុង​នេះ​ដោយ​យល់​ដល់​នាម​របស់​យើង និង​យល់​ដល់​ដាវីឌ ជា​អ្នក​បម្រើ​យើង”»។