២ ពង្សាវតារក្សត្រ 20:1-11

២ ពង្សាវតារក្សត្រ 20:1-11 គខប

នៅ​គ្រា​នោះ ព្រះ‌បាទ​ហេ‌សេគា​ប្រឈួន​ជា​ទម្ងន់ ហៀប​នឹង​សុគត។ ព្យាការី​អេសាយ ជា​កូន​របស់​លោក​អម៉ូស មក​គាល់​ស្ដេច ទូល​ថា៖ «ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា សូម​ព្រះ‌ករុណា​ផ្ដែ‌ផ្ដាំ​រាជ‌វង្សា‌នុវង្ស​ឲ្យ​ហើយ​ទៅ ដ្បិត​ព្រះ‌ករុណា​មិន​រស់​រាន​ត​ទៅ​ទៀត​ទេ ព្រះ‌ករុណា​ជិត​សោយ​ទិវង្គត​ហើយ»។ ព្រះ‌បាទ​ហេ‌សេគា​បែរ​ព្រះ‌ភ័ក្ត្រ​ទៅ​រក​ជញ្ជាំង ទូល‌អង្វរ​ព្រះ‌អម្ចាស់​ដូច​ត​ទៅ៖ «ឱ! ព្រះ‌អម្ចាស់​អើយ សូម​កុំ​ភ្លេច​ឡើយ​ថា ទូលបង្គំ​បាន​ដើរ​តាម​មាគ៌ា​របស់​ព្រះអង្គ ដោយ​ចិត្ត​ស្មោះ‌ស្ម័គ្រ និង​ចិត្ត​ទៀង​ត្រង់ ទូលបង្គំ​ប្រព្រឹត្ត​តែ​អំពើ​ដែល​ព្រះអង្គ​គាប់​ព្រះ‌ហឫទ័យ​ប៉ុណ្ណោះ!»។ ព្រះ‌បាទ​ហេ‌សេគា​បង្ហូរ​ជល‌នេត្រ​យ៉ាង​ខ្លាំង។ ពេល​នោះ ព្យាការី​អេសាយ​មិន​ទាន់​ចេញ​ផុត​ពី​ធ្លា​ធំ​នៃ​រាជ​វាំង​ផង ស្រាប់​តែ​ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ដូច​ត​ទៅ៖ «ចូរ​វិល​ទៅ​ប្រាប់​ស្ដេច​ហេ‌សេគា ជា​អ្នក​ដឹក​នាំ​ប្រជា‌រាស្ត្រ​របស់​យើង​ថា: ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​ស្ដេច​ដាវីឌ ដែល​ជា​អយ្យ‌កោ​របស់​ព្រះ‌ករុណា ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច​ត​ទៅ: “យើង​ឮ​ពាក្យ​អង្វរ​របស់​អ្នក ហើយ​យើង​ក៏​បាន​ឃើញ​ទឹក​ភ្នែក​របស់​អ្នក​ដែរ។ យើង​នឹង​ប្រោស​អ្នក​ឲ្យ​បាន​ជា ហើយ​នៅ​ថ្ងៃ​ទី​បី អ្នក​នឹង​ឡើង​ទៅ​កាន់​ដំណាក់​ព្រះ‌អម្ចាស់។ យើង​នឹង​បន្ថែម​អាយុ​ឲ្យ​អ្នក​ដប់​ប្រាំ​ឆ្នាំ​ទៀត។ យើង​នឹង​រំដោះ​អ្នក ព្រម​ទាំង​រំដោះ​ក្រុង​យេរូ‌សាឡឹម​នេះ​ឲ្យ​រួច​ពី​កណ្ដាប់​ដៃ​របស់​ស្ដេច​ស្រុក​អាស្ស៊ីរី។ យើង​ក៏​នឹង​ការ‌ពារ​ក្រុង​នេះ​ដោយ​យល់​ដល់​នាម​របស់​យើង និង​យល់​ដល់​ដាវីឌ ជា​អ្នក​បម្រើ​យើង”»។ ព្យាការី​អេសាយ​បង្គាប់​ទៅ​រាជ​បម្រើ​ថា៖ «ចូរ​យក​ម្សៅ​ឧទុម្ពរ​មួយ​កញ្ចប់​លាប​លើ​ដំបៅ នោះ​ព្រះ‌បាទ​ហេ‌សេគា​នឹង​បាន​រស់​រាន​មិន​ខាន»។ ពេល​នោះ ព្រះ‌បាទ​ហេ‌សេគា​មាន​រាជ‌ឱង្ការ​ទៅ​កាន់​លោក​អេសាយ​ថា៖ «តើ​មាន​ទី​សម្គាល់​អ្វី ដែល​នាំ​ឲ្យ​យើង​ដឹង​ថា យើង​នឹង​បាន​ជា​សះ‌ស្បើយ ហើយ​ឡើង​ទៅ​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់ នៅ​ថ្ងៃ​ទី​បី?»។ ព្យាការី​អេសាយ​ទូល​ស្ដេច​ថា៖ «នេះ​ជា​ទី​សម្គាល់​ដែល​ព្រះ‌អម្ចាស់ប្រទាន​មក​ព្រះ‌ករុណា ដើម្បី​ឲ្យ​ព្រះ‌ករុណា​ជ្រាប​ថា ព្រះ‌អម្ចាស់​នឹង​សម្រេច​តាម​ព្រះ‌បន្ទូល​របស់​ព្រះអង្គ។ តើ​ស្រមោល​ថ្ងៃ​ដែល​ជះ​ទៅ​លើ​រង្វាស់​ម៉ោង នឹង​ដើរ​ទៅ​មុខ​ដប់​កាំ ឬ​ថយ​ក្រោយ​ដប់​កាំ?»។ ព្រះ‌បាទ​ហេ‌សេគា​មាន​រាជ‌ឱង្ការ​ថា៖ «ស្រមោល​ដើរ​ទៅ​មុខ​ដប់​កាំ ជា​ការ​ងាយ​ស្រួល​ទេ។ ដូច្នេះ សូម​ឲ្យ​ស្រមោល​ដើរ​ថយ​ក្រោយ​ដប់​កាំ​វិញ»។ ពេល​នោះ ព្យាការី​អេសាយ​ទូល‌អង្វរ​ព្រះ‌អម្ចាស់ ព្រះអង្គ​ក៏​ធ្វើ​ឲ្យ​ស្រមោល​ដែល​ជះ​ទៅ​លើ​រង្វាស់​ម៉ោង​របស់​ព្រះ‌បាទ​អហាស ដើរ​ថយ​ក្រោយ​ដប់​កាំ។