២ ពង្សាវតារក្សត្រ 20

20
ព្រះ‌បាទ​ហេ‌សេគា​ប្រឈួន ហើយ​ព្រះ‌ជាម្ចាស់​ប្រោស​ស្ដេច​ឲ្យ​ជា
(អេសាយ ៣៨.១-៨; ២ របាក្សត្រ ៣២.២៤)
1នៅ​គ្រា​នោះ ព្រះ‌បាទ​ហេ‌សេគា​ប្រឈួន​ជា​ទម្ងន់ ហៀប​នឹង​សុគត។ ព្យាការី​អេសាយ ជា​កូន​របស់​លោក​អម៉ូស មក​គាល់​ស្ដេច ទូល​ថា៖ «ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា សូម​ព្រះ‌ករុណា​ផ្ដែ‌ផ្ដាំ​រាជ‌វង្សា‌នុវង្ស​ឲ្យ​ហើយ​ទៅ ដ្បិត​ព្រះ‌ករុណា​មិន​រស់​រាន​ត​ទៅ​ទៀត​ទេ ព្រះ‌ករុណា​ជិត​សោយ​ទិវង្គត​ហើយ»។ 2ព្រះ‌បាទ​ហេ‌សេគា​បែរ​ព្រះ‌ភ័ក្ត្រ​ទៅ​រក​ជញ្ជាំង ទូល‌អង្វរ​ព្រះ‌អម្ចាស់​ដូច​ត​ទៅ៖ 3«ឱ! ព្រះ‌អម្ចាស់​អើយ សូម​កុំ​ភ្លេច​ឡើយ​ថា ទូលបង្គំ​បាន​ដើរ​តាម​មាគ៌ា​របស់​ព្រះអង្គ ដោយ​ចិត្ត​ស្មោះ‌ស្ម័គ្រ និង​ចិត្ត​ទៀង​ត្រង់ ទូលបង្គំ​ប្រព្រឹត្ត​តែ​អំពើ​ដែល​ព្រះអង្គ​គាប់​ព្រះ‌ហឫទ័យ​ប៉ុណ្ណោះ!»។ ព្រះ‌បាទ​ហេ‌សេគា​បង្ហូរ​ជល‌នេត្រ​យ៉ាង​ខ្លាំង។
4ពេល​នោះ ព្យាការី​អេសាយ​មិន​ទាន់​ចេញ​ផុត​ពី​ធ្លា​ធំ​នៃ​រាជ​វាំង​ផង ស្រាប់​តែ​ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ដូច​ត​ទៅ៖ 5«ចូរ​វិល​ទៅ​ប្រាប់​ស្ដេច​ហេ‌សេគា ជា​អ្នក​ដឹក​នាំ​ប្រជា‌រាស្ត្រ​របស់​យើង​ថា: ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​ស្ដេច​ដាវីឌ ដែល​ជា​អយ្យ‌កោ​របស់​ព្រះ‌ករុណា ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច​ត​ទៅ: “យើង​ឮ​ពាក្យ​អង្វរ​របស់​អ្នក ហើយ​យើង​ក៏​បាន​ឃើញ​ទឹក​ភ្នែក​របស់​អ្នក​ដែរ។ យើង​នឹង​ប្រោស​អ្នក​ឲ្យ​បាន​ជា ហើយ​នៅ​ថ្ងៃ​ទី​បី អ្នក​នឹង​ឡើង​ទៅ​កាន់​ដំណាក់​ព្រះ‌អម្ចាស់6យើង​នឹង​បន្ថែម​អាយុ​ឲ្យ​អ្នក​ដប់​ប្រាំ​ឆ្នាំ​ទៀត។ យើង​នឹង​រំដោះ​អ្នក ព្រម​ទាំង​រំដោះ​ក្រុង​យេរូ‌សាឡឹម​នេះ​ឲ្យ​រួច​ពី​កណ្ដាប់​ដៃ​របស់​ស្ដេច​ស្រុក​អាស្ស៊ីរី។ យើង​ក៏​នឹង​ការ‌ពារ​ក្រុង​នេះ​ដោយ​យល់​ដល់​នាម​របស់​យើង និង​យល់​ដល់​ដាវីឌ ជា​អ្នក​បម្រើ​យើង”»។
7ព្យាការី​អេសាយ​បង្គាប់​ទៅ​រាជ​បម្រើ​ថា៖ «ចូរ​យក​ម្សៅ​ឧទុម្ពរ​មួយ​កញ្ចប់​លាប​លើ​ដំបៅ នោះ​ព្រះ‌បាទ​ហេ‌សេគា​នឹង​បាន​រស់​រាន​មិន​ខាន»។
8ពេល​នោះ ព្រះ‌បាទ​ហេ‌សេគា​មាន​រាជ‌ឱង្ការ​ទៅ​កាន់​លោក​អេសាយ​ថា៖ «តើ​មាន​ទី​សម្គាល់​អ្វី ដែល​នាំ​ឲ្យ​យើង​ដឹង​ថា យើង​នឹង​បាន​ជា​សះ‌ស្បើយ ហើយ​ឡើង​ទៅ​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់ នៅ​ថ្ងៃ​ទី​បី?»។ 9ព្យាការី​អេសាយ​ទូល​ស្ដេច​ថា៖ «នេះ​ជា​ទី​សម្គាល់​ដែល​ព្រះ‌អម្ចាស់ប្រទាន​មក​ព្រះ‌ករុណា ដើម្បី​ឲ្យ​ព្រះ‌ករុណា​ជ្រាប​ថា ព្រះ‌អម្ចាស់​នឹង​សម្រេច​តាម​ព្រះ‌បន្ទូល​របស់​ព្រះអង្គ។ តើ​ស្រមោល​ថ្ងៃ​ដែល​ជះ​ទៅ​លើ​រង្វាស់​ម៉ោង នឹង​ដើរ​ទៅ​មុខ​ដប់​កាំ ឬ​ថយ​ក្រោយ​ដប់​កាំ?»។ 10ព្រះ‌បាទ​ហេ‌សេគា​មាន​រាជ‌ឱង្ការ​ថា៖ «ស្រមោល​ដើរ​ទៅ​មុខ​ដប់​កាំ ជា​ការ​ងាយ​ស្រួល​ទេ។ ដូច្នេះ សូម​ឲ្យ​ស្រមោល​ដើរ​ថយ​ក្រោយ​ដប់​កាំ​វិញ»។ 11ពេល​នោះ ព្យាការី​អេសាយ​ទូល‌អង្វរ​ព្រះ‌អម្ចាស់ ព្រះអង្គ​ក៏​ធ្វើ​ឲ្យ​ស្រមោល​ដែល​ជះ​ទៅ​លើ​រង្វាស់​ម៉ោង​របស់​ព្រះ‌បាទ​អហាស ដើរ​ថយ​ក្រោយ​ដប់​កាំ។
ព្រះ‌បាទ​ហេ‌សេគា​ទទួល​ទូត​របស់​ស្រុក​បាប៊ី‌ឡូន
(អេសាយ ៣៩)
12នៅ​គ្រា​ដដែល​នោះ ស្ដេច​ស្រុក​បាប៊ី‌ឡូន គឺ​ព្រះ‌ចៅ​ម្រដាក់-‌បាឡា‌ដាន ជា​បុត្រ​របស់​ព្រះ‌ចៅ​បាឡា‌ដាន បាន​ផ្ញើ​រាជ‌សារ និង​តង្វាយ​មក​ថ្វាយ​ព្រះ‌បាទ​ហេ‌សេគា ដ្បិត​ស្ដេច​ជ្រាប​ដំណឹង​ថា ព្រះ‌បាទ​ហេ‌សេគា​ទ្រង់​ប្រឈួន។ 13ព្រះ‌បាទ​ហេ‌សេគា​ទទួល​រាជ‌ទូត​ស្រុក​បាប៊ី‌ឡូន​ឲ្យ​ចូល​សវនា‌ការ ហើយ​នាំ​ពួក​គេ​ទៅ​ទស្សនា​កន្លែង​ដែល​ស្ដេច​តម្កល់​វត្ថុ​ដ៏​មាន​តម្លៃ ធ្វើ​ពី​មាស និង​ប្រាក់ ព្រម​ទាំង​គ្រឿង​ក្រអូប ប្រេង​ដ៏​មាន​តម្លៃ គ្រឿង​សព្វា‌វុធ​ផ្សេងៗ និង​អ្វីៗ​ទាំង​អស់​ដែល​មាន​នៅ​ក្នុង​ឃ្លាំង​រាជ្យ​ទ្រព្យ។ ព្រះ‌បាទ​ហេ‌សេគា​បង្ហាញ​អ្វីៗ​ទាំង​អស់ ដែល​មាន​នៅ​ក្នុង​រាជ​វាំង និង​ក្នុង​នគរ ឲ្យ​រាជ‌ទូត​របស់​ស្ដេច​បាប៊ី‌ឡូន​ឃើញ ឥត​មាន​ចន្លោះ​អ្វី​សោះ​ឡើយ។
14បន្ទាប់​មក ព្យាការី​អេសាយ​ចូល​មក​គាល់​ព្រះ‌បាទ​ហេ‌សេគា ទូល​សួរ​ថា៖ «អ្នក​ទាំង​នោះ​មក​ពី​ណា? តើ​គេ​ទូល​ព្រះ‌ករុណា​ដូច​ម្ដេច​ខ្លះ?»។ ព្រះ‌បាទ​ហេ‌សេគា​មាន​រាជ‌ឱង្ការ​ថា៖ «ពួក​គេ​មក​ពី​ស្រុក​ឆ្ងាយ ដើម្បី​មក​គាល់​យើង គឺ​មក​ពី​ស្រុក​បាប៊ី‌ឡូន»។ 15លោក​អេសាយ​សួរ​ព្រះ‌បាទ​ហេ‌សេគា​ទៀត​ថា៖ «តើ​ពួក​គេ​បាន​ឃើញ​អ្វី​ខ្លះ​នៅ​ក្នុង​ព្រះ‌បរម​រាជ​វាំង?»។ ព្រះ‌បាទ​ហេ‌សេគា​តប​វិញ​ថា៖ «ពួក​គេ​បាន​ឃើញ​អ្វីៗ​ទាំង​ប៉ុន្មាន​នៅ​ក្នុង​វាំង​របស់​យើង ដ្បិត​យើង​បាន​បង្ហាញ​ភោគ​ទ្រព្យ​ទាំង​អស់ ឲ្យ​ពួក​គេ​ឃើញ ឥត​មាន​លាក់‌លៀម​អ្វី​ឡើយ»។
16ពេល​នោះ លោក​អេសាយ​ទូល​ព្រះ‌បាទ​ហេ‌សេគា​ថា៖ «សូម​ព្រះ‌ករុណា​ទ្រង់​ព្រះ‌សណ្ដាប់​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់​ដូច​ត​ទៅ: 17 ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា នៅ​គ្រា​ខាង​មុខ រាជ្យ​ទ្រព្យ​ទាំង​អស់ ដែល​ស្ថិត​នៅ​ក្នុង​វាំង​របស់​ព្រះ‌ករុណា និង​ភោគ​សម្បត្តិ​ដែល​ព្រះ‌អយ្យ‌កោ​របស់​ព្រះ‌ករុណា​បាន​សន្សំ​ទុក នឹង​ត្រូវ​គេ​ដឹក​ជញ្ជូន​យក​ទៅ​ស្រុក​បាប៊ី‌ឡូន ឥត​មាន​សេស‌សល់​អ្វី​ឡើយ។ 18 គេ​ក៏​នាំ​រាជ‌វង្សា‌នុវង្ស​របស់​ព្រះ‌ករុណា​យក​ទៅ​ធ្វើ​ជា​មហា‌តលិក នៅ​ក្នុង​វាំង​របស់​ស្ដេច​ស្រុក​បាប៊ី‌ឡូន​ដែរ»។ 19ព្រះ‌បាទ​ហេ‌សេគា​មាន​រាជ‌ឱង្ការ​តប​ទៅ​លោក​អេសាយ​វិញ​ថា៖ «ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់ ដែល​លោក​ថ្លែង​នេះ ល្អ​ហើយ»។ ព្រះ‌រាជា​មាន​រាជ‌ឱង្ការ​ទៀត​ថា៖ «ក្នុង​ពេល​ដែល​យើង​មាន​ជីវិត នោះ​នៅ​តែ​មាន​សន្តិ‌ភាព និង​សុខ‌សាន្ត‌ត្រាណ មែន​ទេ?»។
20រាជ​កិច្ច​ផ្សេងៗ​ទៀត​របស់​ព្រះ‌បាទ​ហេ‌សេគា និង​វីរ‌ភាព​ដ៏​អង់‌អាច​ទាំង​ប៉ុន្មាន ហើយ​ការ​ជីក​ស្រះ និង​ប្រឡាយ ដើម្បី​បង្ហូរ​ទឹក​ចូល​ក្នុង​ក្រុង​យេរូ‌សាឡឹម សុទ្ធ​តែ​មាន​កត់‌ត្រា​ទុក​ក្នុង​សៀវភៅ​ប្រវត្តិ​សាស្ត្រ​របស់​ស្ដេច​ស្រុក​យូដា។ 21កាល​ព្រះ‌បាទ​ហេ‌សេគា​សោយ​ទិវង្គត ព្រះ‌បាទ​ម៉ាណា‌សេ ជា​បុត្រ បាន​ឡើង​ស្នង​រាជ្យ។

ទើបបានជ្រើសរើសហើយ៖

២ ពង្សាវតារក្សត្រ 20: គខប

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល