២ ពង្សាវតារក្សត្រ 2:1-22

២ ពង្សាវតារក្សត្រ 2:1-22 គខប

នៅ​គ្រា​ដែល​ព្រះ‌អម្ចាស់​ឲ្យ​ខ្យល់​កួច​លោក​អេលីយ៉ា​ឡើង​ទៅ​ស្ថាន​បរម‌សុខ​នោះ លោក​អេលីយ៉ា និង​លោក​អេលីសេ​ចាក​ចេញ​ពី​គីល‌កាល់​ទៅ​ជា​មួយ​គ្នា។ លោក​អេលីយ៉ា​មាន​ប្រសាសន៍​ទៅ​កាន់​លោក​អេលីសេ​ថា៖ «ចាំ​ខ្ញុំ​នៅ​ទី​នេះ​ហើយ ដ្បិត​ព្រះ‌អម្ចាស់​ចាត់​ខ្ញុំ​ឲ្យ​ទៅ​បេត‌អែល»។ លោក​អេលីសេ​តប​ថា៖ «ខ្ញុំ​សូម​ស្បថ​ក្នុង​នាម​ព្រះ‌អម្ចាស់ ដែល​មាន​ព្រះ‌ជន្ម​គង់​នៅ និង​ក្នុង​នាម​លោក​ផ្ទាល់​ដែល​នៅ​មាន​ជីវិត​ថា ខ្ញុំ​នឹង​មិន​ឃ្លាត​ចាក​ពី​លោក​ឡើយ»។ លោក​ទាំង​ពីរ​ក៏​ធ្វើ​ដំណើរ​ទៅ​បេត‌អែល។ មាន​ព្យាការី​មួយ​ក្រុម​នៅ​បេត‌អែល​ចេញ​មក​ជួប​លោក​អេលីសេ ជម្រាប​ថា៖ «តើ​លោក​ជ្រាប​ឬ​ទេ​ថា ថ្ងៃ​នេះ ព្រះ‌អម្ចាស់​លើក​គ្រូ​របស់​លោក​ឡើង​ទៅ​លើ​មេឃ»។ លោក​ឆ្លើយ​ថា៖ «ខ្ញុំ​ក៏​ដឹង​ដែរ មិន​បាច់​ប្រាប់​ទេ!»។ លោក​អេលីយ៉ា​មាន​ប្រសាសន៍​ទៅ​គាត់​ថា៖ «អេលីសេ​អើយ ចូរ​ចាំ​ខ្ញុំ​នៅ​ទី​នេះ​ហើយ ដ្បិត​ព្រះ‌អម្ចាស់​ចាត់​ខ្ញុំ​ឲ្យ​ទៅ​ក្រុង​យេរីខូ»។ លោក​អេលីសេ​តប​ថា៖ «ខ្ញុំ​សូម​ស្បថ​ក្នុង​នាម​ព្រះ‌អម្ចាស់ ដែល​មាន​ព្រះ‌ជន្ម​គង់​នៅ និង​ក្នុង​នាម​លោក​ផ្ទាល់ ដែល​នៅ​មាន​ជីវិត​ថា ខ្ញុំ​នឹង​មិន​ឃ្លាត​ចាក​ពី​លោក​ឡើយ»។ លោក​ទាំង​ពីរ​ក៏​ទៅ​ដល់​ក្រុង​យេរីខូ។ មាន​ព្យាការី​មួយ​ក្រុម​នៅ​ក្រុង​យេរីខូ​នាំ​គ្នា​មក​ជិត​លោក​អេលីសេ ជម្រាប​ថា៖ «តើ​លោក​ជ្រាប​ទេ​ថា ថ្ងៃ​នេះ​ព្រះ‌អម្ចាស់​លើក​គ្រូ​របស់​លោក​ឡើង​ទៅ​លើ​មេឃ»។ លោក​ឆ្លើយ​ថា៖ «ខ្ញុំ​ក៏​ដឹង​ដែរ មិន​បាច់​ប្រាប់​ទេ!»។ លោក​អេលីយ៉ា​មាន​ប្រសាសន៍​ទៅ​គាត់​ថា៖ «ចូរ​ចាំ​ខ្ញុំ​នៅ​ទី​នេះ​ហើយ ដ្បិត​ព្រះ‌អម្ចាស់​ចាត់​ខ្ញុំ​ឲ្យ​ទៅ​ទន្លេ​យ័រដាន់»។ លោក​អេលីសេ​តប​ថា៖ «ខ្ញុំ​សូម​ស្បថ​ក្នុង​នាម​ព្រះ‌អម្ចាស់​ដែល​មាន​ព្រះ‌ជន្ម​គង់​នៅ និង​ក្នុង​នាម​លោក​ផ្ទាល់​ដែល​នៅ​មាន​ជីវិត​ថា ខ្ញុំ​នឹង​មិន​ឃ្លាត​ចាក​ពី​លោក​ឡើយ»។ លោក​ទាំង​ពីរ​ក៏​បន្ត​ដំណើរ​ទៅ​មុខ​ទៀត។ មាន​ព្យាការី​ហា‌សិប​នាក់​ដើរ​តាម​ពី​ក្រោយ ហើយ​ឈរ​ពី​ចម្ងាយ។ លោក​ទាំង​ពីរ​ឈប់​នៅ​មាត់​ទន្លេ​យ័រដាន់។ ពេល​នោះ លោក​អេលីយ៉ា​យក​អាវ​ធំ​របស់​លោក​មក​មូរ ហើយ​វាយ​ទឹក​ទន្លេ ទឹក​ក៏​ញែក​ចេញ​ពី​គ្នា។ លោក​ទាំង​ពីរ​ដើរ​កាត់​បាត​ទន្លេ។ កាល​លោក​ទាំង​ពីរ​ឆ្លង​ផុត​ហើយ លោក​អេលីយ៉ា​មាន​ប្រសាសន៍​ទៅ​កាន់​លោក​អេលីសេ​ថា៖ «បើ​អ្នក​ចង់​បាន​អ្វី​ពី​ខ្ញុំ ចូរ​សុំ​ឲ្យ​បាន​មុន​ពេល​ព្រះ‌អម្ចាស់ លើក​ខ្ញុំ​ឡើង​ទៅ​ឆ្ងាយ​ពី​អ្នក!»។ លោក​អេលីសេ​ឆ្លើយ​ថា៖ «សូម​មេត្តា​ឲ្យ​វិញ្ញាណ​ដែល​ស្ថិត​នៅ​លើ​លោក មក​សណ្ឋិត​លើ​ខ្ញុំ​មួយ​ជា​ទ្វេ!»។ លោក​អេលីយ៉ា​មាន​ប្រសាសន៍​ថា៖ «សំណូម​ពរ​របស់​អ្នក​ពិបាក​ណាស់! ប៉ុន្តែ ប្រសិន​បើ​អ្នក​មើល​ឃើញ​ខ្ញុំ ក្នុង​ពេល​ដែល​ព្រះ‌អម្ចាស់​លើក​ខ្ញុំ​ឡើង​ទៅ​ឆ្ងាយ​ពី​អ្នក នោះ​សំណូម​ពរ​របស់​អ្នក​ពិត​ជា​បាន​សម្រេច។ ផ្ទុយ​ទៅ​វិញ ប្រសិន​បើ​អ្នក​មើល​មិន​ឃើញ​ខ្ញុំ​ទេ សំណូម​ពរ​របស់​អ្នក​ក៏​ពុំ​បាន​សម្រេច​ដែរ»។ ក្នុង​ពេល​លោក​ទាំង​ពីរ​ដើរ​បណ្ដើរ​និយាយ​បណ្ដើរ ស្រាប់​តែ​មាន​រទេះ​ជា​ភ្លើង ទឹម​ដោយ​សេះ​ភ្លើង មក​ញែក​លោក​ទាំង​ពីរ​ឲ្យ​ឃ្លាត​ចេញ​ពី​គ្នា។ ពេល​នោះ ខ្យល់​ក៏​កួច​លោក​អេលីយ៉ា​ឡើង​ទៅ​ស្ថាន​បរម‌សុខ។ កាល​លោក​អេលីសេ​ឃើញ​ដូច្នេះ លោក​ស្រែក​ថា៖ «លោក​ឪពុក! លោក​ឪពុក​អើយ! លោក​ប្រៀប​ដូច​ជា​រទេះ​ចម្បាំង និង​ទ័ព​សេះ​របស់​អ៊ីស្រា‌អែល!»។ បន្ទាប់​មក លោក​មើល​លោក​អេលីយ៉ា​លែង​ឃើញ​ទៀត។ លោក​យក​សម្លៀក‌បំពាក់​របស់​លោក​មក​ហែក​ជា​ពីរ រួច​រើស​អាវ​ធំ​របស់​លោក​អេលីយ៉ា​ដែល​ជ្រុះ​មក​លើ​លោក​នោះ ហើយ​ត្រឡប់​ទៅ​មាត់​ទន្លេ​យ័រដាន់​វិញ។ លោក​អេលីសេ​យក​អាវ​ធំ​របស់​លោក​អេលីយ៉ា​វាយ​ទឹក​ទន្លេ ទាំង​មាន​ប្រសាសន៍​ថា៖ «តើ​ព្រះ‌អម្ចាស់​ជា​ព្រះ​របស់​លោក​អេលីយ៉ា​គង់​នៅ​ទី​ណា?»។ ពេល​លោក​វាយ​ទឹក ទឹក​ក៏​ញែក​ចេញ​ពី​គ្នា ហើយ​លោក​ដើរ​ឆ្លង​កាត់​ទៅ។ ក្រុម​ព្យាការី​ដែល​ឈរ​មើល​ពី​ត្រើយ​ម្ខាង​ក្បែរ​ក្រុង​យេរីខូ ពោល​ឡើង​ថា៖ «វិញ្ញាណ​របស់​លោក​អេលីយ៉ា មក​សណ្ឋិត​លើ​លោក​អេលីសេ​ហើយ!»។ ពួក​គេ​ទៅ​ជួប​លោក​អេលីសេ រួច​នាំ​គ្នា​ក្រាប​ចុះ​នៅ​ចំពោះ​មុខ​លោក ទាំង​ពោល​ថា៖ «ក្នុង​ចំណោម​យើង​ខ្ញុំ​ប្របាទ មាន​មនុស្ស​ពូកែ​អង់‌អាច​ហា‌សិប​នាក់ សូម​លោក​អនុញ្ញាត​ឲ្យ​គេ​ចេញ​ទៅ​រក​គ្រូ​របស់​លោក​ចុះ ក្រែង‌លោ​ព្រះ‌វិញ្ញាណ​របស់​ព្រះ‌អម្ចាស់​នាំ​យក​គាត់​ទៅ​ទម្លាក់​នៅ​លើ​ភ្នំ ឬ​ក្នុង​ជ្រោះ​ណា​មួយ»។ លោក​អេលីសេ​ឆ្លើយ​ថា៖ «កុំ​ចាត់​គេ​ឲ្យ​ទៅ​អី!»។ ប៉ុន្តែ ដោយ​គេ​ទទូច​ខ្លាំង​ពេក លោក​ក៏​យល់​ព្រម ហើយ​មាន​ប្រសាសន៍​ថា៖ «ចូរ​ចាត់​ពួក​គេ​ឲ្យ​ទៅ​ចុះ!»។ គេ​ចាត់​មនុស្ស​ទាំង​ហា‌សិប​នាក់​នោះ​ឲ្យ​ទៅ​រក​លោក​អេលីយ៉ា អស់​រយៈ​ពេល​បី​ថ្ងៃ តែ​រក​មិន​ឃើញ​សោះ។ អ្នក​ទាំង​នោះ​ក៏​វិល​ត្រឡប់​មក​ជួប​លោក​អេលីសេ ដែល​ស្នាក់​នៅ​ក្រុង​យេរីខូ។ លោក​អេលីសេ​មាន​ប្រសាសន៍​ថា៖ «ខ្ញុំ​បាន​ប្រាប់​អ្នក​រាល់​គ្នា​ហើយ​ថា កុំ​ទៅ​រក​ធ្វើ​អ្វី!»។ អ្នក​ក្រុង​យេរីខូ​ជម្រាប​លោក​អេលីសេ​ថា៖ «លោក​ម្ចាស់​ឃើញ​ស្រាប់​ហើយ​ថា ក្រុង​នេះ​មាន​ទី​តាំង​ប្រសើរ​ណាស់ ប៉ុន្តែ ទឹក​ពុំ​ល្អ​ទេ ដូច្នេះ ដី​មិន​បង្កើត​ភោគ‌ផល​ឡើយ»។ លោក​មាន​ប្រសាសន៍​ថា៖ «ចូរ​ទៅ​យក​ចាន‌គោម​ថ្មី​មួយ​មក​ឲ្យ​ខ្ញុំ ហើយ​ដាក់​អំបិល​ផង!»។ គេ​ក៏​ទៅ​យក​មក​ជូន​លោក។ លោក​ចេញ​ទៅ​ឯ​ប្រភព​ទឹក ហើយ​ចាក់​អំបិល​ក្នុង​ទឹក ទាំង​មាន​ប្រសាសន៍​ដូច​ត​ទៅ៖ «ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា “យើង​នឹង​ធ្វើ​ឲ្យ​ទឹក​នេះ​ល្អ​ឡើង​វិញ គឺ​មិន​បង្ក​ឲ្យ​អ្វីៗ​ស្លាប់ ឬ​ក៏​ធ្វើ​ឲ្យ​ដី​ឥត​បង្កើត​ភោគ‌ផល​ទៀត​ដែរ”»។ ទឹក​ក៏​ល្អ​រហូត​ដល់​សព្វ​ថ្ងៃ ស្រប​តាម​ពាក្យ​ដែល​លោក​អេលីសេ​បាន​ថ្លែង។