២ កូរិនថូស 9:6-15

២ កូរិនថូស 9:6-15 គខប

សូម​ចង​ចាំ​ថា អ្នក​ណា​ព្រោះ​តិច អ្នក​នោះ​ក៏​ច្រូត​បាន​ផល​តិច​ដែរ រីឯ​អ្នក​ដែល​ព្រោះ​ច្រើន​បរិបូណ៌ ក៏​ច្រូត​បាន​ផល​ច្រើន​បរិបូណ៌​ដែរ។ ហេតុ​នេះ ម្នាក់ៗ​ត្រូវ​តែ​ចូល​ប្រាក់​តាម​តែ​ខ្លួន​សម្រេច​ចិត្ត ដោយ​មិន​នឹក​ស្ដាយ ឬ​ទើស​ទ័ល​ឡើយ ដ្បិត​ព្រះ‌ជាម្ចាស់​សព្វ​ព្រះ‌ហឫទ័យ​នឹង​អ្នក​ណា​ដែល​ធ្វើ​អំណោយ​ដោយ​ចិត្ត​រីក‌រាយ។ ព្រះអង្គ​អាច​នឹង​ប្រទាន​ពរ​ដ៏​ហូរ‌ហៀរ​គ្រប់​យ៉ាង​ដល់​បងប្អូន ដើម្បី​ឲ្យ​បងប្អូន​មាន​អ្វីៗ​ទាំង​អស់​ដែល​បងប្អូន​ត្រូវ​ការ​ដ៏​ចាំបាច់​នោះ​ជានិច្ច ហើយ​ថែម​ទាំង​នៅ​សល់​បរិបូណ៌​សម្រាប់​ចែក​ទាន​ផង ដូច​មាន​ចែង​ទុក​មក​ថា: «ព្រះអង្គ​ចែក ព្រះអង្គ​ប្រទាន​ឲ្យ​អ្នក​ក្រ សេចក្ដី​សុចរិត​របស់​ព្រះអង្គ​នៅ​ស្ថិត‌ស្ថេរ រហូត​ត​រៀង​ទៅ» ។ ព្រះអង្គ​ដែល​ «ប្រទាន​គ្រាប់​ពូជ​ដល់​អ្នក​សាប​ព្រោះ និង​ប្រទាន​ចំណី​អាហារ​ឲ្យ​គេ​ផង​នោះ» ព្រះអង្គ​ក៏​ផ្គត់‌ផ្គង់​គ្រាប់​ពូជ​ឲ្យ​បងប្អូន និង​ឲ្យ​គ្រាប់​ពូជ​នោះ​កើន​ចំនួន​ឡើង​ដែរ ហើយ​ព្រះអង្គ​នឹង​ធ្វើ​ឲ្យ​សេចក្ដី​សុចរិត​របស់​បងប្អូន​បង្កើត​ផល​បាន​ច្រើន​ឡើង​ថែម​ទៀត។ ព្រះអង្គ​នឹង​ធ្វើ​ឲ្យ​បងប្អូន​ទៅ​ជា​អ្នក​មាន​គ្រប់​វិស័យ​ទាំង​អស់ ដើម្បី​ឲ្យ​បងប្អូន​មាន​ចិត្ត​សទ្ធា​ជ្រះ‌ថ្លា​គ្រប់​ជំពូក និង​ឲ្យ​អ្នក​ឯ​ទៀតៗ​អរ​ព្រះ‌គុណ​ព្រះ‌ជាម្ចាស់ ដោយ​យើង​ជួយ​គេ ដ្បិត​មុខងារ​ប្រមូល​ប្រាក់​នេះ​មិន​ត្រឹម​តែ​ជួយ​ផ្គត់‌ផ្គង់​សេចក្ដី​ត្រូវ​ការ​របស់​អ្នក​ជឿ​ប៉ុណ្ណោះ​ទេ គឺ​ថែម​ទាំង​ជួយ​គេ​ឲ្យ​អរ​ព្រះ‌គុណ​ព្រះ‌ជាម្ចាស់​កាន់​តែ​ច្រើន​ឡើង​ទៀត​ផង។ ពេល​គេ​យល់​តម្លៃ​នៃ​កិច្ចការ​ដែល​បងប្អូន​ធ្វើ​នេះ គេ​នាំ​គ្នា​លើក​តម្កើង​សិរី‌រុងរឿង​របស់​ព្រះ‌ជាម្ចាស់ ព្រោះ​បងប្អូន​សម្តែង​ឲ្យ​គេ​ឃើញ​ថា បងប្អូន​ពិត​ជា​ប្រតិបត្តិ​តាម​ដំណឹង‌ល្អ*​របស់​ព្រះ‌គ្រិស្ត​ដែល​បងប្អូន​ប្រកាស ហើយ​បងប្អូន​មាន​ចិត្ត​ទូលាយ ដោយ​យក​របស់​របរ​មក​ចែក​ជា​មួយ​ពួក​គេ និង​ជា​មួយ​មនុស្ស​ទាំង​អស់។ គេ​ទូល‌អង្វរ​ព្រះ‌ជាម្ចាស់​ឲ្យ​បងប្អូន​ដោយ​ចិត្ត​ស្រឡាញ់ ព្រោះ​តែ​ព្រះ‌គុណ​ដ៏​ច្រើន​លើស​លុប​ដែល​ព្រះ‌ជាម្ចាស់​ប្រទាន​មក​បងប្អូន។ សូម​អរ​ព្រះ‌គុណ​ព្រះ‌ជាម្ចាស់​ចំពោះ​ព្រះ‌អំណោយ​ទាន​ដ៏​ប្រសើរ​បំផុត​របស់​ព្រះអង្គ រក​ថ្លែង​ពុំ​បាន។

គម្រោង​អាន​និង​អត្ថបទស្មឹងស្មាធិ៍ជាមួយ​ព្រះ ​​ដោយ​ឥត​គិត​ថ្លៃ​ ដែល​ទាក់​ទង​ទៅ​នឹង ២ កូរិនថូស 9:6-15