២ កូរិនថូស 7:2-16

២ កូរិនថូស 7:2-16 គខប

សូម​បងប្អូន​យល់​ចិត្ត​យើង​ផង! យើង​ពុំ​បាន​បោក​ប្រាស់​នរណា ពុំ​បាន​ធ្វើ​ឲ្យ​នរណា​ហិន‌ហោច ឬ​ក៏​កេង‌ប្រវ័ញ្ច​នរណា​ម្នាក់​ឡើយ។ ខ្ញុំ​និយាយ​ដូច្នេះ មិន​មែន​ចង់​ចោទ​ប្រកាន់​បងប្អូន​ទេ ដ្បិត​ខ្ញុំ​បាន​ជម្រាប​បងប្អូន​រួច​ស្រេច​ហើយ​ថា យើង​ស្រឡាញ់​បងប្អូន និង​ស៊ូ​ស្លាប់​រស់​ជា​មួយ​បងប្អូន​ជានិច្ច។ ខ្ញុំ​ទុក​ចិត្ត​លើ​បងប្អូន​យ៉ាង​ខ្លាំង ហើយ​ខ្ញុំ​បាន​ខ្ពស់​មុខ ព្រោះ​តែ​បងប្អូន​ដែរ។ ខ្ញុំ​ក៏​បាន​ធូរ​ស្បើយ​ក្នុង​ចិត្ត​យ៉ាង​ច្រើន ព្រម​ទាំង​មាន​អំណរ​សប្បាយ​ពន់​ប្រមាណ ទោះ​បី​យើង​កំពុង​តែ​រង​ទុក្ខ​វេទនា​ខ្លាំង​យ៉ាង​នេះ​ក៏​ដោយ។ តាំង​ពី​យើង​បាន​ទៅ​ដល់​ស្រុក​ម៉ាសេ‌ដូន រូប​កាយ​យើង​ពុំ​ដែល​បាន​សម្រាក​សោះ​ឡើយ។ យើង​បាន​រង​ទុក្ខ​វេទនា​សព្វ​បែប​យ៉ាង គឺ​ផ្នែក​ខាង​ក្រៅ គេ​ធ្វើ​បាប​យើង ហើយ​នៅ​ខាង​ក្នុង​ចិត្ត យើង​ចេះ​តែ​បារម្ភ។ ប៉ុន្តែ ព្រះ‌ជាម្ចាស់​ដែល​តែងតែ​សម្រាល​ទុក្ខ​អ្នក​ទន់‌ទាប ព្រះអង្គ​បាន​សម្រាល​ទុក្ខ​យើង ដោយ​លោក​ទីតុស​ទៅ​ដល់។ យើង​ធូរ​ចិត្ត មិន​មែន​ត្រឹម​តែ​បាន​លោក​ទីតុស​ទៅ​ដល់​ប៉ុណ្ណោះ​ទេ គឺ​មក​ពី​បងប្អូន​បាន​សម្រាល​ទុក្ខ​គាត់​ផង​ដែរ។ គាត់​បាន​នាំ​ដំណឹង​មក​ថា បងប្អូន​មាន​ចិត្ត​ចង់​ជួប​ខ្ញុំ​យ៉ាង​ខ្លាំង បងប្អូន​បង្ហូរ​ទឹក​ភ្នែក ព្រម​ទាំង​ឈឺ‌ឆ្អាល​នឹង​ខ្ញុំ ជា​ហេតុ​ធ្វើ​ឲ្យ​ខ្ញុំ​មាន​អំណរ​រឹត​តែ​ខ្លាំង​ឡើង​ថែម​ទៀត។ ប្រសិន​បើ​សេចក្ដី​ដែល​ខ្ញុំ​សរសេរ​ក្នុង​សំបុត្រ​នេះ ធ្វើ​ឲ្យ​បងប្អូន​ព្រួយ​ចិត្ត ក៏​ខ្ញុំ​មិន​ស្ដាយ​ក្រោយ​ដែរ។ ប្រសិន​បើ​ខ្ញុំ​ស្ដាយ​ក្រោយ (ដ្បិត​ខ្ញុំ​យល់​ថា សំបុត្រ​នេះ​នឹង​នាំ​ឲ្យ​បងប្អូន​ព្រួយ​ចិត្ត​មួយ​គ្រា​មែន) ក៏​ខ្ញុំ​សប្បាយ​ចិត្ត​នៅ​ពេល​នេះ ខ្ញុំ​សប្បាយ មិន​មែន​មក​ពី​បងប្អូន​ព្រួយ​ចិត្ត​នោះ​ទេ គឺ​មក​ពី​ដឹង​ថា ទុក្ខ​ព្រួយ​នឹង​នាំ​ឲ្យ​បងប្អូន​កែ​ប្រែ​ចិត្ត​គំនិត ដ្បិត​បងប្អូន​ព្រួយ​ចិត្ត​ដូច្នេះ ស្រប​តាម​ព្រះ‌ជាម្ចាស់។ ហេតុ​នេះ យើង​ពុំ​បាន​ធ្វើ​ឲ្យ​បងប្អូន​ខូច​ខាត​អ្វី​ឡើយ។ តាម​ពិត ទុក្ខ​ព្រួយ​ស្រប​តាម​ព្រះ‌ជាម្ចាស់​បែប​នេះ តែងតែ​នាំ​ឲ្យ​កែ​ប្រែ​ចិត្ត​គំនិត ដើម្បី​ទទួល​ការ​សង្គ្រោះ ហើយ​យើង​មិន​ស្ដាយ​ក្រោយ​ឡើយ។ រីឯ​ទុក្ខ​ព្រួយ​តាម​បែប​លោកីយ៍ តែងតែ​នាំ​ឲ្យ​ស្លាប់​វិញ។ សូម​គិត​មើល៍ ទុក្ខ​ព្រួយ​ដែល​ស្រប​តាម​ព្រះ‌ជាម្ចាស់​ដូច្នេះ មាន​ផល​ប្រយោជន៍​ចំពោះ​បងប្អូន​យ៉ាង​ណា គឺ​បងប្អូន​មាន​ចិត្ត​ខ្នះ‌ខ្នែង ហើយ​លើស​ពី​នេះ​ទៅ​ទៀត បងប្អូន​ចេះ​សុំ​ទោស ទាស់​ចិត្ត​នឹង​អំពើ​អាក្រក់ មាន​ចិត្ត​គោរព​កោត​ខ្លាច មាន​ចិត្ត​ប៉ង‌ប្រាថ្នា​យ៉ាង​ខ្លាំង មាន​ចិត្ត​ឈឺ‌ឆ្អាល ហើយ​បងប្អូន​ក៏​ចេះ​ដាក់​ទោស​អ្នក​ប្រព្រឹត្ត​អំពើ​អាក្រក់​ដែរ។ ការ​ទាំង​នេះ​បង្ហាញ​ឲ្យ​ឃើញ​ថា បងប្អូន​គ្មាន​សៅ‌ហ្មង​អ្វី​ទាំង​អស់​នៅ​ក្នុង​រឿង​នេះ។ ដូច្នេះ ហេតុ​ដែល​ខ្ញុំ​សរសេរ​មក​បងប្អូន មិន​មែន​មក​ពី​គិត​ដល់​អ្នក​ប្រព្រឹត្ត​អាក្រក់ ឬ​គិត​ដល់​អ្នក​ដែល​រង​នូវ​អំពើ​អាក្រក់​នោះ​ឡើយ ខ្ញុំ​សរសេរ​មក ដើម្បី​ឲ្យ​បងប្អូន​មាន​ឱកាស​បង្ហាញ​ទឹក​ចិត្ត​ខ្នះ‌ខ្នែង​របស់​បងប្អូន​ចំពោះ​យើង នៅ​ចំពោះ​ព្រះភ័ក្រ្ត​ព្រះ‌ជាម្ចាស់។ ការ​នេះ​ហើយ​ដែល​បាន​សម្រាល​ទុក្ខ​យើង។ ប៉ុន្តែ លើស​ពី​នេះ យើង​ក៏​មាន​អំណរ​រឹត​តែ​ខ្លាំង​ថែម​ទៀត ដោយ​ឃើញ​លោក​ទីតុស​មាន​អំណរ​សប្បាយ ព្រោះ​បងប្អូន​ទាំង​អស់​គ្នា​បាន​ជួយ​គាត់​ឲ្យ​ស្ងប់​ចិត្ត លែង​ព្រួយ​បារម្ភ។ ប្រសិន​បើ​ខ្ញុំ​បាន​ខ្ពស់​មុខ​បន្តិច ដោយ​និយាយ​សរសើរ​ពី​បងប្អូន​ប្រាប់​គាត់ ក៏​ខ្ញុំ​មិន​ខ្មាស​គាត់​ដែរ។ សេចក្ដី​ដែល​យើង​សរសើរ​ពី​បងប្អូន​ប្រាប់​លោក​ទីតុស គាត់​នឹង​ឃើញ​ថា​ជា​ការ​ពិត​មែន ដូច​យើង​ធ្លាប់​តែ​និយាយ​អ្វីៗ​គ្រប់​យ៉ាង​ប្រាប់​បងប្អូន ស្រប​តាម​សេចក្ដី​ពិត​យ៉ាង​នោះ​ដែរ។ ពេល​គាត់​នឹក​ឃើញ​ថា បងប្អូន​ទាំង​អស់​គ្នា​តែងតែ​យក​ចិត្ត​ទុក​ដាក់​ស្ដាប់​បង្គាប់ និង​ទទួល​គាត់​ដោយ​គោរព​កោត​ខ្លាច​ញាប់‌ញ័រ​ផង​នោះ គាត់​មាន​ចិត្ត​ស្រឡាញ់​បងប្អូន​រឹត​តែ​ខ្លាំង​ឡើងៗ។ ខ្ញុំ​ត្រេក​អរ​ណាស់ ព្រោះ​ខ្ញុំ​អាច​ទុក​ចិត្ត​បងប្អូន ក្នុង​គ្រប់​កិច្ចការ​ទាំង​អស់។

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ