២ កូរិនថូស 4:7-18

២ កូរិនថូស 4:7-18 គខប

យើង​មាន​មុខងារ​ដ៏​ប្រសើរ ​នេះ ប្រៀប​បី​ដូច​ជា​ឆ្នាំង​ដី​ដែល​មាន​កំណប់​នៅ​ខាង​ក្នុង ដើម្បី​ឲ្យ​មនុស្ស​លោក​ឃើញ​ថា ឫទ្ធា‌នុភាព​ដ៏​ប្រសើរ​ខ្ពង់‌ខ្ពស់​នេះ ជា​ឫទ្ធា‌នុភាព​របស់​ព្រះ‌ជាម្ចាស់ មិន​មែន​ជា​របស់​យើង​ទេ។ គេ​សង្កត់‌សង្កិន​យើង​គ្រប់​យ៉ាង​មែន តែ​យើង​មិន​ភ័យ​បារម្ភ​អ្វី​ឡើយ យើង​ទ័ល‌ច្រក​មែន តែ​យើង​នៅ​តែ​ទៅ​មុខ​រួច គេ​បៀត‌បៀន​យើង​មែន តែ​ព្រះ‌ជាម្ចាស់​មិន​បោះ​បង់​យើង​ចោល​ឡើយ គេ​វាយ‌ដំ​យើង​មែន តែ​យើង​មិន​ស្លាប់​បាត់​បង់​ជីវិត​ឡើយ។ ក្នុង​រូប​កាយ​យើង យើង​ផ្ទុក​សេចក្ដី​ឈឺ​ចាប់ ​របស់​ព្រះ‌យេស៊ូ​ជានិច្ច ដើម្បី​ឲ្យ​គេ​ឃើញ​ព្រះ‌ជន្ម​របស់​ព្រះអង្គ​នៅ​ក្នុង​រូប​កាយ​យើង។ ព្រោះ​តែ​ព្រះ‌យេស៊ូ យើង​ដែល​កំពុង​រស់ តែងតែ​ប្រឈម​មុខ​ទល់​នឹង​សេចក្ដី​ស្លាប់​ជានិច្ច ដើម្បី​ឲ្យ​គេ​ឃើញ​ព្រះ‌ជន្ម​របស់​ព្រះអង្គ​នៅ​ក្នុង​រូប​កាយ​យើង ដែល​តែងតែ​ស្លាប់។ ដូច្នេះ សេចក្ដី​ស្លាប់​ចេះ​តែ​យាយី​យើង រីឯ​បងប្អូន​វិញ បងប្អូន​ចេះ​តែ​មាន​ជីវិត​ចម្រើន​ឡើង។ ដោយ​យើង​មាន​វិញ្ញាណ​ដែល​នាំ​ឲ្យ​ជឿ ស្រប​តាម​សេចក្ដី​ដែល​មាន​ចែង​ទុក​មក​ថា «ខ្ញុំ​ជឿ ហេតុ​នេះ​ហើយ​បាន​ជា​ខ្ញុំ​និយាយ» យើង​ក៏​ជឿ​ដែរ ហេតុ​នេះ​ហើយ​បាន​ជា​យើង​និយាយ។ យើង​ដឹង​ថា ព្រះអង្គ​ដែល​បាន​ប្រោស​ព្រះ‌អម្ចាស់​យេស៊ូ​ឲ្យ​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ ព្រះអង្គ​ក៏​នឹង​ប្រោស​យើង​ឲ្យ​រស់​ឡើង​វិញ រួម​ជា​មួយ​ព្រះ‌យេស៊ូ​ដែរ ព្រម​ទាំង​នាំ​យើង​ទៅ​នៅ​ក្បែរ​ព្រះអង្គ រួម​ជា​មួយ​បងប្អូន​ថែម​ទៀត​ផង។ ហេតុ‌ការណ៍​ទាំង​នេះ​កើត​ឡើង​ជា​ប្រយោជន៍​ដល់​បងប្អូន គឺ​ឲ្យ​ព្រះ‌គុណ​បាន​ចម្រើន​កាន់​តែ​ច្រើន​ឡើងៗ ដើម្បី​ឲ្យ​មាន​គ្នា​មួយ​ចំនួន​ធំ​អរ​ព្រះ‌គុណ​ព្រះ‌ជាម្ចាស់​កាន់​តែ​ច្រើន​ឡើង និង​លើក​តម្កើង​សិរី‌រុងរឿង​របស់​ព្រះអង្គ។ ហេតុ​នេះ​ហើយ​បាន​ជា​យើង​មិន​បាក់​ទឹក​ចិត្ត​ឡើយ ទោះ​បី​រូប​កាយ​របស់​យើង​ចេះ​តែ​ទ្រុឌ‌ទ្រោម​ទៅៗ​ក៏​ដោយ ក៏​ជម្រៅ​ចិត្ត​យើង កាន់​តែ​ចម្រើន​ឡើង​ជា​រៀង​រាល់​ថ្ងៃ​ដែរ ដ្បិត​ទុក្ខ​លំបាក​បន្តិច‌បន្តួច​ដែល​យើង​ជួប​ប្រទះ​ម្ដង‌ម្កាល​នោះ ធ្វើ​ឲ្យ​យើង​មាន​សិរី‌រុងរឿង​ដ៏​ប្រសើរ​លើស‌លុប ជា​សិរី‌រុងរឿង​នៅ​ស្ថិត‌ស្ថេរ​អស់‌កល្ប​ជានិច្ច ដែល​រក​អ្វី​មក​ប្រៀប​ផ្ទឹម​ពុំ​បាន។ ដូច្នេះ យើង​មិន​ចាប់​អារម្មណ៍​នឹង​អ្វីៗ​ដែល​ភ្នែក​មើល​ឃើញ​ឡើយ គឺ​យើង​ចាប់​អារម្មណ៍​នឹង​អ្វីៗ​ដែល​ភ្នែក​មើល​មិន​ឃើញ​នោះ​វិញ ដ្បិត​អ្វីៗ​ដែល​ភ្នែក​មើល​ឃើញ​នៅ​ស្ថិត‌ស្ថេរ​តែ​មួយ​រយៈ​ប៉ុណ្ណោះ តែ​អ្វីៗ​ដែល​ភ្នែក​មើល​មិន​ឃើញ​នៅ​ស្ថិត‌ស្ថេរ​អស់‌កល្ប​ជានិច្ច។

គម្រោង​អាន​និង​អត្ថបទស្មឹងស្មាធិ៍ជាមួយ​ព្រះ ​​ដោយ​ឥត​គិត​ថ្លៃ​ ដែល​ទាក់​ទង​ទៅ​នឹង ២ កូរិនថូស 4:7-18

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ