២ កូរិនថូស 4:1-18

២ កូរិនថូស 4:1-18 គខប

បើ​ព្រះ‌ជាម្ចាស់​មាន​ព្រះ‌ហឫទ័យ​មេត្តា‌ករុណា ប្រគល់​មុខងារ​នេះ​មក​ឲ្យ​យើង​បំពេញ យើង​មិន​បាក់​ទឹក​ចិត្ត​ឡើយ។ យើង​បដិសេធ​មិន​ប្រព្រឹត្ត​ការ​លួច​លាក់​ណា​ដែល​គួរ​ឲ្យ​អៀន​ខ្មាស​នោះ​ទេ ហើយ​យើង​ក៏​មិន​បោក​បញ្ឆោត​គេ ឬ​ក្លែង​បន្លំ​ព្រះ‌បន្ទូល​របស់​ព្រះ‌ជាម្ចាស់​ដែរ។ ផ្ទុយ​ទៅ​វិញ យើង​បង្ហាញ​ឲ្យ​មនុស្ស​លោក​ស្គាល់​សេចក្ដី​ពិត ទាំង​នាំ​គេ​ឲ្យ​ទុក​ចិត្ត​លើ​យើង នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌ជាម្ចាស់។ ប្រសិន​បើ​អត្ថ‌ន័យ​នៃ​ដំណឹង‌ល្អ*​នៅ​តែ​លាក់​កំបាំង គឺ​លាក់​កំបាំង​តែ​ចំពោះ​អស់​អ្នក​ដែល​ត្រូវ​វិនាស​អន្តរាយ​ប៉ុណ្ណោះ ជា​អ្នក​មិន​ជឿ​ដែល​ត្រូវ​ព្រះ​នៃ​លោកីយ៍​នេះ​ធ្វើ​ឲ្យ​ចិត្ត​គំនិត​របស់​គេ​ទៅ​ជា​ងងឹត មិន​ឲ្យ​គេ​ឃើញ​ពន្លឺ​រស្មី​ដ៏​រុងរឿង​នៃ​ដំណឹង‌ល្អ​របស់​ព្រះ‌គ្រិស្ត ជា​តំណាង របស់​ព្រះ‌ជាម្ចាស់​នោះ​ឡើយ។ យើង​មិន​ប្រកាស​អំពី​ខ្លួន​យើង​ទេ គឺ​យើង​ប្រកាស​អំពី​ព្រះ‌យេស៊ូ​គ្រិស្ត​ជា​ព្រះ‌អម្ចាស់ ហើយ​យើង​ដាក់​ខ្លួន​ជា​អ្នក​បម្រើ​បងប្អូន ព្រោះ​តែ​ព្រះ‌យេស៊ូ​នេះ​ហើយ។ ព្រះ‌ជាម្ចាស់​ដែល​មាន​ព្រះ‌បន្ទូល​ថា «ចូរ​ឲ្យ​មាន​ពន្លឺ​ភ្លឺ​ចេញ​ពី​ងងឹត!» ព្រះអង្គ​ក៏​បាន​បំភ្លឺ​ចិត្ត​គំនិត​របស់​យើង​ឲ្យ​ស្គាល់​យ៉ាង​ច្បាស់​នូវ​សិរី‌រុងរឿង​របស់​ព្រះ‌ជាម្ចាស់ ដែល​ភ្លឺ​ចាំង​ពី​ព្រះ‌ភ័ក្ត្រ​របស់​ព្រះ‌គ្រិស្ត​ដែរ។ យើង​មាន​មុខងារ​ដ៏​ប្រសើរ ​នេះ ប្រៀប​បី​ដូច​ជា​ឆ្នាំង​ដី​ដែល​មាន​កំណប់​នៅ​ខាង​ក្នុង ដើម្បី​ឲ្យ​មនុស្ស​លោក​ឃើញ​ថា ឫទ្ធា‌នុភាព​ដ៏​ប្រសើរ​ខ្ពង់‌ខ្ពស់​នេះ ជា​ឫទ្ធា‌នុភាព​របស់​ព្រះ‌ជាម្ចាស់ មិន​មែន​ជា​របស់​យើង​ទេ។ គេ​សង្កត់‌សង្កិន​យើង​គ្រប់​យ៉ាង​មែន តែ​យើង​មិន​ភ័យ​បារម្ភ​អ្វី​ឡើយ យើង​ទ័ល‌ច្រក​មែន តែ​យើង​នៅ​តែ​ទៅ​មុខ​រួច គេ​បៀត‌បៀន​យើង​មែន តែ​ព្រះ‌ជាម្ចាស់​មិន​បោះ​បង់​យើង​ចោល​ឡើយ គេ​វាយ‌ដំ​យើង​មែន តែ​យើង​មិន​ស្លាប់​បាត់​បង់​ជីវិត​ឡើយ។ ក្នុង​រូប​កាយ​យើង យើង​ផ្ទុក​សេចក្ដី​ឈឺ​ចាប់ ​របស់​ព្រះ‌យេស៊ូ​ជានិច្ច ដើម្បី​ឲ្យ​គេ​ឃើញ​ព្រះ‌ជន្ម​របស់​ព្រះអង្គ​នៅ​ក្នុង​រូប​កាយ​យើង។ ព្រោះ​តែ​ព្រះ‌យេស៊ូ យើង​ដែល​កំពុង​រស់ តែងតែ​ប្រឈម​មុខ​ទល់​នឹង​សេចក្ដី​ស្លាប់​ជានិច្ច ដើម្បី​ឲ្យ​គេ​ឃើញ​ព្រះ‌ជន្ម​របស់​ព្រះអង្គ​នៅ​ក្នុង​រូប​កាយ​យើង ដែល​តែងតែ​ស្លាប់។ ដូច្នេះ សេចក្ដី​ស្លាប់​ចេះ​តែ​យាយី​យើង រីឯ​បងប្អូន​វិញ បងប្អូន​ចេះ​តែ​មាន​ជីវិត​ចម្រើន​ឡើង។ ដោយ​យើង​មាន​វិញ្ញាណ​ដែល​នាំ​ឲ្យ​ជឿ ស្រប​តាម​សេចក្ដី​ដែល​មាន​ចែង​ទុក​មក​ថា «ខ្ញុំ​ជឿ ហេតុ​នេះ​ហើយ​បាន​ជា​ខ្ញុំ​និយាយ» យើង​ក៏​ជឿ​ដែរ ហេតុ​នេះ​ហើយ​បាន​ជា​យើង​និយាយ។ យើង​ដឹង​ថា ព្រះអង្គ​ដែល​បាន​ប្រោស​ព្រះ‌អម្ចាស់​យេស៊ូ​ឲ្យ​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ ព្រះអង្គ​ក៏​នឹង​ប្រោស​យើង​ឲ្យ​រស់​ឡើង​វិញ រួម​ជា​មួយ​ព្រះ‌យេស៊ូ​ដែរ ព្រម​ទាំង​នាំ​យើង​ទៅ​នៅ​ក្បែរ​ព្រះអង្គ រួម​ជា​មួយ​បងប្អូន​ថែម​ទៀត​ផង។ ហេតុ‌ការណ៍​ទាំង​នេះ​កើត​ឡើង​ជា​ប្រយោជន៍​ដល់​បងប្អូន គឺ​ឲ្យ​ព្រះ‌គុណ​បាន​ចម្រើន​កាន់​តែ​ច្រើន​ឡើងៗ ដើម្បី​ឲ្យ​មាន​គ្នា​មួយ​ចំនួន​ធំ​អរ​ព្រះ‌គុណ​ព្រះ‌ជាម្ចាស់​កាន់​តែ​ច្រើន​ឡើង និង​លើក​តម្កើង​សិរី‌រុងរឿង​របស់​ព្រះអង្គ។ ហេតុ​នេះ​ហើយ​បាន​ជា​យើង​មិន​បាក់​ទឹក​ចិត្ត​ឡើយ ទោះ​បី​រូប​កាយ​របស់​យើង​ចេះ​តែ​ទ្រុឌ‌ទ្រោម​ទៅៗ​ក៏​ដោយ ក៏​ជម្រៅ​ចិត្ត​យើង កាន់​តែ​ចម្រើន​ឡើង​ជា​រៀង​រាល់​ថ្ងៃ​ដែរ ដ្បិត​ទុក្ខ​លំបាក​បន្តិច‌បន្តួច​ដែល​យើង​ជួប​ប្រទះ​ម្ដង‌ម្កាល​នោះ ធ្វើ​ឲ្យ​យើង​មាន​សិរី‌រុងរឿង​ដ៏​ប្រសើរ​លើស‌លុប ជា​សិរី‌រុងរឿង​នៅ​ស្ថិត‌ស្ថេរ​អស់‌កល្ប​ជានិច្ច ដែល​រក​អ្វី​មក​ប្រៀប​ផ្ទឹម​ពុំ​បាន។ ដូច្នេះ យើង​មិន​ចាប់​អារម្មណ៍​នឹង​អ្វីៗ​ដែល​ភ្នែក​មើល​ឃើញ​ឡើយ គឺ​យើង​ចាប់​អារម្មណ៍​នឹង​អ្វីៗ​ដែល​ភ្នែក​មើល​មិន​ឃើញ​នោះ​វិញ ដ្បិត​អ្វីៗ​ដែល​ភ្នែក​មើល​ឃើញ​នៅ​ស្ថិត‌ស្ថេរ​តែ​មួយ​រយៈ​ប៉ុណ្ណោះ តែ​អ្វីៗ​ដែល​ភ្នែក​មើល​មិន​ឃើញ​នៅ​ស្ថិត‌ស្ថេរ​អស់‌កល្ប​ជានិច្ច។

គម្រោង​អាន​និង​អត្ថបទស្មឹងស្មាធិ៍ជាមួយ​ព្រះ ​​ដោយ​ឥត​គិត​ថ្លៃ​ ដែល​ទាក់​ទង​ទៅ​នឹង ២ កូរិនថូស 4:1-18

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ